លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន ផ្តល់​អំណោយ​ពពែ ២០ ក្បាល ដល់​កង​យោធា​ស្ថាបនា​ផ្លូវ​ព្រំដែន​ទិស ខេត្ត​ប៉ៃលិន​

ខេត្តប៉ៃលិន: ថវិកា​មួយ​ពាន់​ដុល្លារ ជា​ថ្នូរ​នឹង​តម្លៃ​ពពែ​ចំនួន ២០​ក្បាល ត្រូវបាន​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ប្រគល់ជូន​ដល់​កងកម្លាំង​ស្ថាបនា​ផ្លូវ -​ស្ពាន បញ្ជាការ​វិស្វកម្ម​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ព្រម​ជាមួយនឹង​ការ​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់ផ្នែក​ថ្នាក់​ក្នុងឱកាស​ចូលឆ្នាំថ្មី ឆ្នាំ​សកល​២០១៦​។​
​    ​
​ការផ្តល់​អំណោយ​ភ្លាមៗ​នេះ ត្រូវបាន​ធ្វើឡើង ក្នុងឱកាស​ដែល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខ្វាន់ ស៊ា​ម អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងកម្លាំង​វិស្វកម្ម​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ ដឹកនាំ​គណៈប្រតិភូ​អន្តរក្រសួង អញ្ជើញ​ចុះ​ធ្វើការ​ត្រួតពិនិត្យ សកម្មភាព​ស្ថាបនា​ផ្ឡូ​វ - ស្ពាន ខ្សែក្រវ៉ាត់​ទី​១ ព្រំដែន​កម្ពុជា - ថៃ ទិស​ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន បាន​ថ្លែងថា គ្រប់​ជំនាន់​ថ្នាក់ដឹកនាំ​មិនដែល​គិតគូរ​ពី​ការស្ថាបនា​ផ្លូវ​ព្រំដែន​ទេ​។ ទើបតែ​ពេលនេះ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​គោលនយោបាយ​យុ​ទ្ឋ​សាស្ត្រ​ការពារជាតិ ដោយ​ផ្តោតជាសំខាន់​ទៅលើ​ការអភិវឌ្ឍ​តំបន់​ព្រំដែន ដោយ​បង្កើន​សកម្មភាព​ស្ថាបនា​ផ្លូវ ថ្នល់ ខ្វាត់ខ្វែង និង លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​។

លោកនាយ​ឧ​ត្ត​ម​សេនីយ៍​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ក្តី​មោទនភាព និង​សោមនស្ស​រីករាយ​ទទួល​ស្វាគមន៍​ដល់​វត្តមាន​របស់​កងកម្លាំង​វិស្វកម្ម​អគ្គបញ្ជាការ ដែល​បានចាប់ផ្តើម​ការងារ​ស្ថាបនា​ផ្លូវ​យុ​ទ្ឋ​សាស្ត្រ​ខ្សែក្រវ៉ាត់​ទី​១ ព្រំដែន កម្ពុជា -​ថៃ នាពេលនេះ​។ ​សម្រាប់​ខាង​ភាគី​ថៃ ការស្ថាបនា​ផ្លូវ​ព្រំដែន​របស់​ឈម​ជាមួយ​ទិស​ខេត្ត​ប៉ៃលិន​នេះ គឺ​គេ​បាន​ដំណើរការ​ធ្វើឡើង​តាំងតែ​ពី​ក្នុងអំឡុង​ឆ្នាំ​១៩៨០​មកម្ល៉េះ​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន ដែលជា​អតីត​អភិបាលខេត្ត​ប៉ៃលិន និង​ក៏​ជា​អតីត​មេបញ្ជាការ​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​តំបន់​ប៉ៃលិន​ក្នុងអំឡុង​សម័យកាល​សង្គ្រាមត្រជាក់​ជាង​បី​ទសវត្ស​រ៏​កន្លងទៅនេះ បានបង្ហាញ​ឆន្ទៈ​ក្នុង​ការធានា​អះអាង​សម្របសម្រួល​ជាមួយ​ភាគី​កង​យោធា​ថៃ​សម្រាប់​សកម្មភាព​ស្ថាបនា​ផ្លូវ​ព្រំដែន​មួយ​ខ្សែ​នេះ​នូវ​រាល់​បាតុភាព​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​នោះ​។​
​    ​
​ជាមួយ​ប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការយកចិត្តទុកដាក់​ដ​ល់​កងកម្លាំង​ស្ថាបនា​ផ្លូវ -​ស្ពាន ពី​សំណាក់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ខ្វាន់ ស៊ា​ម បាន​សំដែង​នូវ​ក្តីសង្ឃឹម​ជឿជាក់ថាៈ​សកម្មភាព​ស្ថាបនា​ផ្លូវ​ខ្សែក្រវ៉ាត់​ព្រំដែន​ទិស​ខេត្ត​ប៉ៃលិន​នឹង​សម្រេចបាន​ជោគជ័យ​តាម​ផែនការ​គ្រោងទុក​ជាក់​ជាពុំខាន​ឡើយ​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ខ្វាន់ ស៊ា​ម បាន​ថ្លែង​បញ្ជាក់ថាៈ​អនុលោម​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អភិ​វ​ឌ្ឃ​តំបន់​ព្រំដែន​ឱ្យ​ប្រែក្លាយជា​ព្រំដែន សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ ។ ចំពោះមុខ​កងកម្លាំង​វិស្វកម្ម​អគ្គបញ្ជាការ ទទួល​នូវ​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុងការ​ស្ថាបនា​ផ្លូវ​ទិស​ព្រំដែន​ទិស កម្ពុជា -​ថៃ និង ទិស​កម្ពុជា - ឡាវ ហើយ​ដែល​បច្ចុប្បន្ននេះ​កងកម្លាំង​ជំនាញ​វិស្វកម្ម គ្រប់ផ្នែក​ថ្នាក់ បាននិងកំពុង​ប្រតិបត្តិការ​យ៉ាង​ជាប់លាប់​នាពេល​បច្ចុប្បន្ននេះ​។​
​   
សម្រាប់​ការស្ថាបនា​ផ្លូវ​ព្រំដែន​ទិស​ខេត្ត​ប៉ៃលិន​បើតាម​ប្រសាសន៍​អះអាង​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​កងកម្លាំង​វិស្វកម្ម​អគ្គបញ្ជាការ​បានបញ្ជាក់​ឱ្យដឹងថាៈ​ផ្លូវ​ខាងលើនេះ​ស្ថាបនា​ចេញពី​ខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ភ្ជាប់​ជាមួយនឹង​ខេត្តពោធិសាត់ ត្រង់ចំណុច​តំបន់​ថ្មដា ។

​ការស្ថាបនា​ផ្លូវ​ខ្សែក្រវ៉ាត់​ព្រំដែន​ប៉ែក​ទិស​កម្ពុជា​-​ថៃ ដែលមាន​ព្រំសីមា​ដីគោក​ជាប់​គ្នា​ប្រមាណ​ជាជាង​៨០០​គីឡូម៉ែត្រ​ចាប់ពី​ខេត្តកោះកុង រហូត​ទៅ​ទល់នឹង​តំបន់ត្រីកោណ​មរតក (​មុំ​បី​)​នោះ  បច្ចុប្បន្ន នៅ​សេសសល់​ប្រមាណ​ជា​១២០​គីឡូម៉ែត្រ​ទៀត​ដែល​បាននិងកំពុង​ដំណើរកា​រ​ស្ថាបនា​ជា​បន្តបន្ទាប់ ។​
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជុំ ហុន មេបញ្ជាការ​កង​ស្ថាបនា​ផ្លូវ​លេខ​៧១១ ចំណុះ​បញ្ជាការដ្ឋាន​វិស្វកម្ម​អគ្គបញ្ជាការ​ដែល​ទទួល​បន្ទុក​ស្ថាបនា​ផ្លូវ​ខាងលើនេះ បាន​ប្រាប់​ឱ្យដឹងពី​ស្ថានភាព ភូមិសាស្ត្រ​សម្រាប់​ការស្ថាបនា​ផ្លូវ​ខាងលើនេះ​ថាៈ​ផ្លូវ​ព្រំដែន​ខ្សែក្រវ៉ាត់​ទី​១ ស្ថាបនា​ចេញពី​ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៥៧ ត្រង់ចំណុច​ផ្សារ​ព្រំ​ស្ថិតក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឈម​នឹង​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​កម្ពុជា​-​ថៃ ឆ្ពោះទៅកាន់​តំបន់​(​ច​១) ថ្មដារ ទឹកដី​ខេត្តពោធិសាត់ ប្រវែង​១២០​គីឡូម៉ែត្រ​។​
​    ​
​តាម​គម្រោង​ផែនការ​នា​រដូវប្រាំង​ឆ្នាំ​២០១៦​នេះ សម្រាប់​ការស្ថាបនា​ផ្លូវត្រូវ​អនុវត្ត​ជា​ដំណាក់ៗ​ដោយ​ស្ថាបនា​ចាប់ពី​ចំណុច​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ឆ្ពោះទៅ​ទល់នឹង​ភូមិបរ​ហ៊ុយ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ក្នុង​ផែនការ​ប្រវែង​៣០​គីឡូម៉ែត្រ ហើយ​ដែល​បច្ចុប្បន្ននេះ​ត្រួសត្រាយ​បាន​ប្រវែង​ផ្លូវ​១១​គីឡូម៉ែត្រ និង​លើក​តួ​ផ្លូវ​បាន​ប្រវែង​១០​គីឡូម៉ែត្រ​។​
​    ​
​កងកម្លាំង​ជំនាញ​វិស្វកម្ម​សរុប​ចំនួន​៩៩​នាក់ រួម​នឹង​គ្រឿងចក្រ​គ្រប់​ប្រភេទ​ចំនួន​៣១​គ្រឿង ដែល​ក្នុងនោះ​ចម្រុះ​ទៅដោយ​កង​វត្ថុ​រារាំង​លេខ​៧២ កង​ស្ថាបនា​លេណដ្ឋាន និង​ស្ពាន លេខ​៧៤ និង​កង​ស្ថាបនា​ផ្លូវ​លេខ​៧១១ បានចាប់ផ្តើម​ដំណើរ​ការងារ​ពី​ដើមខែ​ធ្នូ ឆ្នាំ​២០១៥ ដោយ​គ្រោង​នឹង​បញ្ចប់​ការងារ​នា​អំឡុង​ខែ​មិនា ឆ្នាំ​២០១៦​ខាងមុខ លើ​ប្រវែង​ផ្លូវ​២០​គីឡូម៉ែត្រ​៕