ឆ្នាំ​២០១៥ ភ្ញៀវទេសចរ ចូល​ម​កម្ពុជា តាម​ច្រកទ្វា​ភ្នំ​ដិ​ន មានការ​ថយចុះ ១៥ ភាគរយ​

ខេត្តតាកែវ: ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​ចូលមក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា តាម​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ខេត្តតាកែវ ជាប់​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​រយៈពេល​ពេញ ១​ឆ្នាំ កាលពី​ឆ្នាំ​២០១៥ មានការ​ថយចុះ​ប្រមាណ ១៥ ភាគរយ​។ នេះ​បើ​យោងតាម​មន្ត្រីនគរបាល​ជាន់ខ្ពស់​របស់​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុខ សំណាង នាយប៉ុស្តិ៍​ច្រកទ្វា​អន្តរជាតិ ភ្នំ​ដិ​ន បានអោយដឹងថា ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០១៥​នេះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ ៤៣ សញ្ជាតិ ចំនួន ៤៥.៦០៧ នាក់ បាន​ចូលមក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា តាម​ច្រកទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន​នេះ​។ ដោយឡែក​ចំពោះ​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​ចេញ​តាម​ច្រកទ្វា​នេះ មាន​ចំនួន ៦២.៧៤៣ នាក់​។ បើ​យើង​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៤  យើង​ឃើញថា ភ្ញៀវទេសចរ​អន្តរជាតិ ដែល​ចូលមក​ទស្សនា​តាម​ច្រកទ្វា​ភ្នំ​ដិ​ន​នេះ មានការ​ធ្លាក់ចុះ​ប្រមាណ ១៥​ភាគរយ និង​ភ្ញៀវ​ចេញ មានការ​កើនឡើង​ប្រមាណ ៧​ភាគរយ​។​

​លោកនាយ​ប៉ុស្តិ៍​ច្រកព្រំដែន​អន្តរជាតិ ភ្នំ​ដិ​ន បាន​មានប្រសាសន៍​បន្តថា ចំពោះ​ភ្ញៀវទេសចរ ដែល​ចូលមក​ប្រទេស​កម្ពុជា ច្រើនជាងគេ គឺ​វៀតណាម ជាប់​ចំណាត់ថ្នាក់​លេខ​១ អង់គ្លេស​លេខ​២ អាមេរិក លេខ​៣ និង​បារាំង ស្ថិតក្នុង​លំដាប់ថ្នាក់​លេខ​៤​។

​មូលហេតុ​ដែល​ភ្ញៀវទេសចរ​អន្តរជាតិ ចូលមក​ទស្សនា​នៅក្នុង​ប្រទេស​កម្ពុជា តាម​ច្រកទ្វា​ភ្នំ​ដិ​ន​នេះ មានការ​ធ្លាក់ចុះ ត្រូវបាន​លោកនាយ​ប៉ុស្តិ៍ បញ្ជាក់ថា គឺអាច​បណ្ដាលមកពី​កត្តាសេដ្ឋកិច្ច ជាពិសេស​ចំពោះ​ភ្ញៀវ​វៀតណាម​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុខ សំណាង រំពឹងថា ចំនួន​ភ្ញៀវទេសចរ នឹង​កើនឡើង​ជាក់​ជាពុំខាន នៅក្នុង​ឆ្នាំ​២០១៦​នេះ ពោលគឺ​ក្នុង​រយៈពេល​នៃ​ដើម​ខែម​ករានេះ យើង​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ សំរុក​មកលេង​ប្រទេស​កម្ពុជា​យើង​យ៉ាងច្រើន​កុះករ ហើយ​សមត្ថកិច្ច​តែងតែ​យកចិត្តទុកដាក់ ក្នុងការ​បំពេញបែបបទ ឬ​ឯកសារ​នានា ដល់​ភ្ញៀវ​ទេសចរណ៍ មិនដែល​អោយមាន​បញ្ហា​អ្វី​នោះទេ ហើយ​យើង​ក៏បាន​សហការ​ជាមួយ​នគរបាល​វៀតណាម ក្នុងការ​សម្របសម្រួល​ធ្វើយ៉ាងណា ឲ្យ​ការឆ្លងកាត់​របស់​ភ្ញៀវទេសចរ ប្រព្រឹត្ត​ទៅដោយ​រលូន​ផងដែរ​៕