ចាប់ខ្លួន​មនុស្ស ៣​នាក់ ដែល​ចែកចាយ​គ្រឿងញៀន​

ខេត្តសៀមរាប: ជន ៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​ជាមួយ​គ្រឿងញៀន​មួយចំនួន និង​វត្ថុតាង​មួយចំនួន​ថែមទៀត ត្រូវបាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​អធិការនគរបាល​ក្រុង​សៀមរាប បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​និង​ករណី​ចាត់ចែង​និង​សម្រួល​អោយ ប្រើប្រាស់​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​។​
​    ​
​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បាន បញ្ជាក់​អោយដឹង នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​នេះ​ថា ជនសង្ស័យ​ទាំង​៣​ត្រូវបាន​ឃាត់ខ្លួន​នៅ វេលា​ម៉ោង ៣ និង ៥០ នាទី ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ នៅ​បន្ទប់​ផ្ទះសំណាក់ សុខ​ហង្ស​មាស ក្នុងភូមិ តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​
​    ​
​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត បានបញ្ជាក់​ថា​ជន​ទាំង​៣​នាក់​មាន​ទី​១​ឈ្មោះ ឈឿ​ម ពណ្ណ រាយ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ម្ចាស់ផ្ទះ​សំណាក់​សុខ​ហង្ស​មាស  ទីលំនៅ​ភូមិ​តាភុល សង្កាត់ ស្វាយដង្គុំ ក្រុង​សៀមរាប​,​ទី​២ ឈ្មោះ ស្រី ណា​រ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​មុខរបរ​ជាងកាត់សក់ ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប និង​ទី​៣​ឈ្មោះ អឿន វិច្ឆិកា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​លក់ដូរ ទីលំនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ។​
​    ​
​លោក​ប្រធានការិយាល័យ​បញ្ជាក់ថា ក្នុង​មួយខែៗ​មាន​ជនសង្ស័យ​ជាច្រើន​សិប​នាក់​ត្រូវបាន ឃាត់ខ្លួន​ពាក់ព័ន្ធ​និង​ករណី​ចាត់ចែង​និង​សម្រួល​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នៅ​សា​ធាតុ​ញៀន ជាមួយនិង​គ្រឿងញៀន​ជាច្រើន រួមទាំង​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់ ដើម្បី​ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់​។​

​ដោយឡែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​នៅ​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៦​នេះ​៕