ចាប់​ចោរលួច​ខ្សែក​កូនក្មេង ពេល​ចាប់ខ្លួនបាន​ឆែក​ឃើញ​ខ្សែក និង​ខ្សែដៃ​ពីរ​ខ្សែ​ថែមទៀត​

ខេត្តសៀមរាប: ការិយាល័យ​បទល្មើស​នៃ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ ខេត្តសៀមរាប បានធ្វើការ​ឃាត់ខ្លួន​ចោរលួច​ខ្សែក​កូនក្មេង​ម្នាក់ ប៉ុន្តែ​ពេល​សម្ថ​កិច្ច​ចាប់បាន​ជនសង្ស័យ ក៏បាន​រកឃើញ​ខ្សែ​កមួយ​ខ្សែ និង​ខ្សែដៃ​មួយ​ខ្សែ​ថែមទៀត​។​
​    ​
​លោក​វរសេនីយ៍ត្រី អ៊ុយ ច​យ ប្រធានការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង ១៧​យប់ ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​អង្គរ ឃ្យុ​ង​យូ ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ខណៈពេលដែល​ជនសង្ស័យ លួច​ខ្សែក​ពី​កូនក្មេង​មួយរូប បានសំរេច ពេលដែល​ម្តាយ​របស់​ក្មេងរងគ្រោះ នាំ​កូន​ទៅ​មើល​ការតាំងពិព័រណ៍ នៅ​កន្លែងកើតហេតុ​។​
​    ​
​លោក​វរសេនីយ៍ត្រី អ៊ុយ ច​យ បាន​បញ្ជាក់ថា ជនសង្ស័យ​មានឈ្មោះ នី សុ​ភី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះជួល ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង​មាន​ទីកន្លែង​កំណើត ភូមិ​ជើង​ទឹក ឃុំ​ឡូ​តិ៍​លេខ​៥ ស្រុក​ព្រៃវែង ខេត្តព្រៃវែង​។​
​    ​
​ដោយឡែក ជនរងគ្រោះ មានឈ្មោះ បុល ម៉ា​រី ភេទ​ស្រី អាយុ ១​ឆ្នាំ និង​៦​ខែ និង​ម្តាយ​ឈ្មោះ  សួស សូ​ភា អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ។​
​    ​
​សមត្ថកិច្ច​បញ្ជាក់ថា​នៅ​ថ្ងៃកើតហេតុ ម្តាយ​ក្មេងស្រី​បាន​នាំ​កូន​ទៅ​មើល​គេ​តាំងពិព័រណ៍ នៅ​អង្គរ​ឃ្យុ​ង​យូ ហើយ​ត្រូវបាន​ជនសង្ស័យ​ខាងលើ​លួច​ខ្សែ​កកូន​របស់គាត់ មាន​ទម្ងន់ ២​ជី ធ្វើ​អំពី​ប្លា​ទីន  ក្រោយមក ក៏​មានការ​ឆោឡោឡើង ហើយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ដែល​ការពារ​សន្តិសុខ​នៅ​ទីនោះ ស្រាវជ្រាវ​ចាប់បាន​ភ្លាមៗ​។​
​    ​
​ក្រោយពេល​ចាប់បាន​សមត្ថកិច្ច បាន​ឆែកឆេរ​ក្នុង​ខ្លួន​ជនសង្ស័យ បាន​រកឃើញ​ខ្សែក និង​ខ្សែ ដៃ​មួយ​ខ្សែ​មួយ​ខ្សែ​ថែម​ទៀតផង​។ ខ្សែក និង​ខ្សែដៃ ដែល​រកឃើញ​នោះ គឺ​ជនសង្ស័យ​បាន​លួច​ពី​ជនរងគ្រោះ​ដទៃទៀត​។

​ជនសង្ស័យ ត្រូវបាន​កសាង​សុំ​ណុំ​រឿង បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​នេះ ដោយ​ចោទប្រកាន់​ពី​អំពើ​លួច​៕