នៅតែ​រកឃើញ​ទំនិញ​ហួសកំណត់​ប្រើ ខូចគុណភាព ពេល​ពិនិត្យ​ផ្សារ​ក្បែរ​ព្រំដែន​២ នៅ​ស្រុក​អូរជ្រៅ​

ខេត្តបន្ទាយមានជ័យ: មន្ត្រី​កាំ​ង​កុងត្រូល បាន​និយាយថា គេ​នៅតែ​រកឃើញ​ទំនិញ​ហួសកំណត់​ប្រើ​ទំនិញ​ខូចគុណភាព​មួយចំនួន ខណ​:​ពេល​ត្រួតពិនិត្យ​ផ្សារ​ចំនួន​២ នៅក្បែរ​ច្រករបៀង​នៃ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ស្រុក​អូរជ្រៅ​។​

​កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ បាន​ចាត់តាំង​មន្ត្រី​របស់ខ្លួន សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង ឲ្យ​ចុះ​ពិនិត្យ​រុករក​ទំនិញ​ខូចគុណភាព និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នៅ​ផ្សារ​ចំនួន​២ គឺ​ផ្សារ​អូរ​បី​ជាន់​ឃុំ​អូរ​បី​ជាន់ និង​ផ្សារ​គុ​ត្ត​សត ឃុំ​កូប ស្រុក​អូរជ្រៅ ហើយ​បាន​លទ្ធផល​ដូចខាងលើ​។​
 
​លោក ហុង លៀង អនុប្រធាន​ទី​១ ទទួលបន្ទុក​ទីផ្សារ​នៃ​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ និយាយថា​: ពេល​ត្រួតពិនិត្យ​ដេប៉ូ​លក់​របស់​ឈ្មោះ ឡុង សុគន្ធា​រី ភេទ​ស្រី នៅ​ផ្សារ​អូរ​បី​ជាន់​ក្បែរ​ច្រករបៀង​អូរ​បី​ជាន់ មន្ត្រី​ជំនាញ​ចម្រុះ បាន​រកឃើញ និង​ដកហូត​បាន​នូវ​ត្រីខកំប៉ុង ១៣១​កំប៉ុង នំ​ចម្រុះ ២២៥​កញ្ចប់ ទឹក​ផ្លែឈើ និង​ចា​ហ៊ួ​យ ៦៩​កំប៉ុង ចា​ហ៊ួ​យ​ដូង​ថា​ញ់​ប៊ិ​ញ នាំចូល​ពី​វៀតណាម ២០ កញ្ចប់​ធំ ស្មើ ៤៨០ កញ្ចប់​តូច​។​
   
​លោក​និយាយ​បន្តថា ចំណែក​នៅ​ដេប៉ូ​លក់​របស់​ឈ្មោះ ចាន់ ថា ក្នុង​ផ្សា​រគ​ត្ត​សត ឃុំ​កូប វិញ មន្ត្រី​ជំនាញ បាន​រកឃើញ និង​ដកហូត​បាន​ទឹកដោះគោ ៧៨​កំប៉ុង ដំណាប់​ដូង​ថា​ញ់​ប៊ី​ញ ៤៥​កញ្ចប់​ធំ ស្មើ ១០៨០ កញ្ចប់ ទឹកខ្មេះ ២៩​ដប និង​ទំនិញ​ចម្រុះ​មួយចំនួនទៀត​។ ទំនិញ​ទាំងនេះ ភាគច្រើន ជា​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស និង​ក៏​ជា​ទំនិញ​មាន​សារ​ជាតិគីមី​ខ្ពស់ ដែល​ត្រូវ​ហាម​លក់​លើ​ទីផ្សារ​ផងដែរ​។​
   
​មន្ត្រី​បានធ្វើ​កិច្ចសន្យា​លើក​ទី​២ ដល់​ម្ចាស់​ដេប៉ូ​លក់​ទាំង​២ ហើយ​ព្រមាន​ថា គ្មាន​អនុ​គ្រោះជា​លើក​ទី​៣ ទៀត​ទេ​។ ពោលគឺ​លើក​ក្រោយ បើ​ឆែក​រកឃើញ នឹងត្រូវ​ឃាត់ខ្លួន​ម្ចាស់ និង​រឹបអូស​ទំនិញ កសាង​សំណុំរឿង បញ្ជូនទៅអោយ​តុលាការ​ដាក់គុក​ហើយ​។​
     
​តែ​លើក​នេះ មន្ត្រី​បាន​ប្រមូល​ទំនិញ​យកទៅ​ដុត​កម្ទេចចោល ព្រោះ​វា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស ឬ​អ្នកប្រើប្រាស់​ធ្ងន់ធ្ងរ ពិសេស​កូនក្មេង បង្ក​ឲ្យ​កើត​នូវ​ជំងឺមហារីក និង​ជំងឺ​ផ្សេងទៀត​៕