សមត្ថកិច្ច ខេត្តសៀមរាប ចុះ​បិទ​អាជីវកម្ម​រ៉ែ​មាស ដែល​ហួស​សុពលភាព តែ​ក្រុមហ៊ុន​នៅតែ​បន្ត​រុករក​

ខេត្តសៀមរាប: អាជីវកម្ម​រ៉ែ​ទង់ដែង​មួយកន្លែង ស្ថិតនៅ​ចំណុច​ជាំ​ក្រវ៉ា​ញ ក្នុង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​ចំរុះ​របស់​ខេត្តសៀមរាប ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ចុះទៅ​បិទ​អាជីវកម្ម​បណ្តោះអាសន្ន បន្ទាប់ពី​ក្រុមហ៊ុន​មួយ​នេះ​ផុត​សុពលភាព​នៃ​ការធ្វើ​អាជីវកម្ម ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​រុករក​ធ្វើ​អាជីវកម្ម​មិន​ឈប់​។​
​    ​
​លោក​វរសេនីយ៍ឯក សៀន សេន ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦ ថា សមត្ថកិច្ច​របស់លោក​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់​ព​ន្ធ័ បាន​ចុះទៅ​សួរនាំ និង​បិទ​អាជីវកម្ម​ខាងលើ កាលពី​ថ្ងៃទី​១៤ ខែ មករា​នេះ​។​
​    ​
​លោក​វរសេនីយ៍ឯក សៀន សេន បាន​បន្តទៀតថា ក្រុមហ៊ុន​ខាងលើ​ជា​ក្រុមហ៊ុន​របស់​ចិន មានឈ្មោះ ម៉េង​ស៊ិ​ញ​ហុង​ហ្វា កម្ពុជា​រី​សត​អ៊ិន​វេស​មេន​។ ក្រុមហ៊ុន​ចិន​នេះ​បាន​វិនិយោគ​បន្ត​ពី​ក្រុម ហ៊ុន​ណឹ​ប ម៉េង​។ នៅក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​នាំខ្លួន​មេការ​ជនជាតិ​ចិន​មួយរូប​ឈ្មោះ ស៊ិ​ញ ភឹង​ស៊ឹង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​។ បុរស​នេះ ត្រូវបាន​នាំមក​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​។​
​    ​
​លោក​បន្តថា ការធ្វើ​អាជីវកម្ម​រ៉ែ​ទង់ដែង​របស់​ក្រុមហ៊ុន​ចិន​ខាងលើ គឺ​ចែកចេញជា​២ គឺ​១​អាជ្ញា​ប​ណ្ណ័​រុករក​រ៉ែ​ទង់ដែង ប៉ុន្តែ​អាជ្ញា​ប​ណ្ណ័​ទី​១​នេះ​មិនទាន់​ផុតកំណត់​ទេ ប៉ុន្តែ​អាជ្ញា​ប​ណ្ណ័​ទី​២ គឺ​អាជ្ញា​ប​ណ្ណ័​ធ្វើ​អាជីវកម្ម​មាន​រយៈពេល​២​ឆ្នាំ ប៉ុន្តែ​បាន​ផុតកំណត់​តាំងពី​ថ្ងៃទី​២៧ ខែ​១០ ឆ្នាំ​២០១៤ មកម្ល៉េះ ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​ផលិត​រ៉ែ​ទង់ដែង​ពាក់កណ្តាល​សម្រេច ដែលជា​ទង្វើ​ខុសច្បាប់​។ អាជ្ញា​ប​ណ្ណ័​នោះ ចេញ​ដោយ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​។​
​    ​
​លោក សៀន សេន បាន​បន្តទៀតថា ទីតាំង​ក្រុមហ៊ុន​ផលិត​រ៉ែ​ទង់ដែង​នោះ គឺមាន​ផ្ទៃដី​ចំនួន ៣៦០០ ហិច​តា ដែល​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម តាំងពី​ឆ្នាំ​២០១២ មកម្ល៉េះ ដោយ​ក្រុមហ៊ុន​ចិន​ជីក​រ៉ែ បានមក​ហើយ គឺ​កែច្នៃ​ផលិត​ពាក់កណ្តាល​សម្រេច ហើយ​បាន​ដឹកចេញទៅ​ក្រៅប្រទេស​។ ទោះបី​មន្ត្រី ជំនាញ​មិន​បញ្ជាក់ថា​ប្រទេស​ណាក៏ដោយ ប៉ុន្តែ​គេ​ដឹងថា​ការដឹកចេញ​រ៉ែ​ទង់ដែង​ពាក់កណ្តាល​សម្រេច​នោះ គឺ​ដឹក​ទៅ​ប្រទេស​ចិន​តែម្តង​។​
​    ​
​លោក​បាន​និយាយ​ដែរ​ថា ជា​ជំហាន​ដំបូង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​បិទ​អាជីវកម្ម​រ៉ែ​នោះ បណ្តោះអាសន្ន ដើម្បី​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជ្ញា​ប​ណ្ណ័​ជាថ្មី​ទើប​អាច​បើក​អាជីវ​កម្មបាន​។ ក្រុមហ៊ុន​នេះ​គេ ដឹងថា មាន​ភាព​កាក់កប​ខ្លាំងណាស់ ព្រោះ​គេ​ដឹងថា​រ៉ែ​ទង់ដែង​ពាក់កណ្តាល​សម្រេច​នេះ ត្រូវបាន ចិន​ដឹក​ចេញ​រាប់ពាន់​រាប់ម៉ឺន​តោន​ទៅ​ក្រៅប្រទេស​៕