អាជីវករ​លក់ដូរ តាម​ផ្សារ ម្ចាស់​ហាង​ប្តូរប្រាក់ វេរ​ប្រាក់ និង​ពលរដ្ឋ ត្រូវមាន​លេខ​ទូរស័ព្ទ​ប៉ូលិស​

ខេត្តបន្ទាយមានជ័យ: ដោយសារ​មាន​បាតុភាព​លួច ឆក់​ប្លន់ ឃាតកម្ម កើត​ឡើងជា​បន្តបន្ទាប់ តាម​ខេត្ត រាជធានី​មួយចំនួន ក្នុងប្រទេស ទើប​នគរបាល​បាន​ចុះ​ណែនាំ និង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដល់​គ្រប់​ពាណិជ្ជករ អាជីវករ​ក្នុង​ផ្សារ​ត្រី ផ្សារ​អគ្គ​ថ្មី និង​ហាង​ប្តូរប្រាក់ វេរ​ប្រាក់​។​
   
​លោក​ឧ​ត្ត​ម​សេនីយ៍ សំ ជិត ស្នងការរង និង​លោក អ៊ុំ សុផល អធិការនគរបាល ក្រុង​ប៉ោយប៉ែត បាន​ចុះ​ណែនាំ​និង​ផ្សព្វផ្សាយ​នោះ​កាលពី​ថ្មីៗ​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ ជិត ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ​និយាយថា អាជ្ញាធរ សមត្ថកិច្ច​ធ្វើ​មានបំណង ពញ្ញាក់​ស្មារតី និង​ស្នើសុំ​ដល់​ពលរដ្ឋ អាជីវករ និង​ម្ចាស់​ហាង​ប្តូរប្រាក់ វេរ​ប្រាក់​ទាំងឡាយ បាន​យល់ដឹង​ពី​ច្បាប់ ជំរុញ​ឲ្យ​ពួកគាត់​មានការ​សហការ​ល្អ​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​
   
​សុំ​ពលរដ្ឋ​ហ៊ាន​និយាយ​ការពិត ហ៊ាន​រាយការណ៍ ក្នុងករណី​បានឃើញ​បទល្មើស ឬ​ឃើញ​ជនខិលខូច​កំពុង​ធ្វើ សកម្មភាព​ដូរ​ជា លួច ឆក់ ប្លន់ ជួញដូរ​ថ្នាំញៀន​។ ករណី​ឆបោក​ផ្សេងៗ ត្រូវរាយការណ៍ជូន​ស​ម​ត្ថ​កិច្ច​ឲ្យ​បាន​ទាន់ពេល វេលា​ដើម្បី​ជួយ​អន្តរាគមន៍​ជូន​ពួកគាត់​បាន​ទាន់សភាពការណ៍​។​

​លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បានស្នើ​ដល់​ពលរដ្ឋ ពាណិជ្ជកម្ម អាជីវករ លក់ដូរ​ក្នុង​ផ្សារ ម្ចាស់​ហាង​ប្តូរប្រាក់ និង​វេរ​ប្រាក់​ទាំងអស់​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​ឲ្យ​បានល្អ ត្រូវមាន​លេខ​ទូរ​សព្ទ័​ឬ​បណ្តាញ​សង្គម​របស់​នគរបាល ឬ​សមត្ថកិច្ច​ពេលណា​មាន​អាសន្ន​ត្រូវ​រាយការណ៍​ភា្ល​ម ទាំង​ករណី​គ្រោះ​អគ្គីភ័យ ករណី លួច ឆក់ ប្លន់ ការចាប់​ជម្រិត ករណី​ឆបោក​ផ្សេងៗ សមត្ថកិច្ច​នឹង​ចុះ​មកជួយ​អន្តរាគមន៍​២៤ ម៉ោង​លើ​២៤​ម៉ោង​។​

​អ្នកលក់​សាច់មាន់​អាំង​ម្នាក់ បាន​និយាយថា សកម្ម​ភាពចុះ​ល្បាត ចុះ​ណែនាំ​បែបនេះ​គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ឈប់​ខ្លាច ហ៊ាន​រាយការណ៍​ពីបទ​ល្មើស​ឬ​អំពើ​ខុសច្បាប់​។ មាន​សន្តិសុខ សុវត្ថិភាព ទាំង​ការរស់នៅ ទាំង​ការរកស៊ី​ចិញ្ចឹមជីវិត​។

​ពេល​មាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ អាជីវករ​និង​ពលរដ្ឋ​ខ្លះ​និយាយថា កន្លងមកនេះ នៅ​ចំណុច​ផ្សារ​ត្រី មិនសូវមាន​សន្តិសុខ សុវត្ថិភាព​ទេ​។ ជួនកាល​កើតមាន​ករណី​ទម្លាក់យោង (​ទម្លាក់​សំណ​បន្លំ​យក​មាស​) ឆក់​ខ្សែក បុក​ហោប៉ៅ​យ​កាបូប​លុយ និង ដាក់​ថ្នាំ​ល្បួង​ទៅ​ដោះ​គ្រឿង​អ​ល​ង្ល​ការ ជាដើម​។​
 
​ករណី​ទាំងនេះ ក៏​ធ្លាប់​ត្រូវបាន​កម្លាំង​នគរបាល កម្លាំង អ ហ ចាប់បាន​បន្តបន្ទាប់​ដែរ តែ​ពលរដ្ឋ​នៅតែ​រងារ ហើយ​ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច បន្ត​បង្កើន​ការទប់ស្កាត់ បង្ក្រាប​បទល្មើស​៕