លោក សុន ឆ័យ ប្រាប់​សហជីព កុំ​ឲ្យ​បារម្ភ​ពី​ច្បាប់​សហជីព​

​អនុប្រធាន​គណៈកម្មកា​រធនាគារ ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា លោក សុន ឆ័យ បាន​ឆ្លើយតប​ទៅ​ភាគី​សហជីព​ថា កុំ​ឲ្យ​ខ្វល់ខ្វាយ នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព ដែល​ខ្លួន​ទាមទារ​ឲ្យ​កែប្រែ​ទាំង​២១​ចំណុច​។ លោក​ថា បក្ស​មាន​អាសនៈ​ទាំងពីរ នឹង​ពិភាក្សាគ្នា​ឲ្យ​ចប់សព្វគ្រប់​នូវ​ចំណុច​ទាំងឡាយ ដែល​ស្នើ​ឡើយ​ដោយ​សហជីព​។  ភាគី​សហជីព អះអាងថា ច្បាប់​នេះ មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិសេរីភាព​កម្មករ​និង​សហជីព ជា​ពិ​ពេ​ស​ចំណុច​ទាំង​២១ ដែល​ខ្លួន​ទទូច​ឲ្យ​កែប្រែ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្ក្រោះ​ជាតិ លោក សុន ឆ័យ បាន​ផ្តាំផ្ញើ​ទៅ​ភាគី​សហជីព​ទាំងអស់ ថា ចំណុច​ទាំង​២១ នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព នឹងត្រូវ​បាន​លើក​មក​ជជែក​រវាង​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​សហជីព​ពុំគួរ​ព្រួយបារម្ភ​ថា អ្វីដែល​បានស្នើ​ឡើង ត្រូវបាន​លុបចោល​នោះទេ​។ លោក​បន្ថែ​ថា កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ចំពោះ​កិច្ច​មិនទាន់​បញ្ចប់ ដូច្នេះ​សំណើរ​របស់​សហជីព​ទាំងអស់​ក៏​មិនទាន់​ចេញ​លទ្ធផល អីចឹង​ហើយ​បានជា​ពួកគេ​មានការ​ព្រួយបារម្ភ ថា​បក្ស​ទាំងពីរ មិនបាន​ដោះស្រាយ​នូវ​ការទាមទារ​របស់ខ្លួន​។ ការ​ថ្លែង​ដូច្នេះ ធ្វើឡើង​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​ជំនួប​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ស្តីពី​សេចក្តីព្រាងច្បាប់​សហជីព នៅ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី​១៤ ខែមករា ។​

​មន្ត្រី​បក្សប្រឆាំង​រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា ៖«​សហជីព​ព្រួយបារម្ភ​ថា ការជជែក​របស់​យើង មិនបាន​និយាយ​រឿង​ដែល​គាត់​ចង់​បានទេ តែ​បែរ​និយាយ​រឿង​ផ្សេង​។ ខ្ញុំ​សូមបញ្ជាក់​ទៅ​សហជីព ថា តាមពិត យើង​ពិភាក្សា​ទៅតាម​មាត្រា នីមួយៗ ដូច្នេះ វា​នឹង​ដល់​ចំណុច ដែល​គាត់​ចង់ដឹង នៅពេល​ខាងមុខ​ទៀត​។ យើង គិតគូរ​ធ្វើ​ម៉េច ឲ្យ​មានការ​ទុកចិត្ត កុំ​ឲ្យ​មានការ​ព្រួយបារម្ភ ថា​ច្បាប់​ហ្នឹង កំណត់​ឬ​កាត់បន្ថយ​សិទ្ធិ​របស់​សហជីព តែ​ឲ្យ​មាន​ប្រយោជន៍​ដល់ក​ម្មករ និង​និយោជក ហើយ​ឲ្យ​ស្របទៅតាម​ស្តង់ដា​អន្តរជាតិ​ទៀតផង​»​។​

​នៅ​ថ្ងៃទី​១៤ ខែមករា​នេះ គណៈកម្មការ​ចំពោះ​កិច្ច ដែល​កើតចេញពី​បក្ស​កាន់អំណាច និង​បក្ស​កាន់​ប្រឆាំង បាន​បន្ត​ពិភាក្សាគ្នា​នូវ​ចំណុច​ទាំង​២១ ដែល​ស្នើ​ដោយ​ភាគី​សហជីព ដោយ​ពួក​អះអាងថា​ចំណុច​ទាំងនេះ នឹង​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​របស់​សហ​ជីព​និង​កម្មករ​។ ការជជែក​គ្នា​លើក​ទី​២​នេះ សម្រេចបាន​៧​ចំនុច បន្ថែម​លើ​២​ចំណុច ដែល​បានសម្រេច ក្នុង​កិច្ចប្រជុំ​លើក​ទី​១ កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ កន្លងមក​។

​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​សម្រេចបាន​នៅថ្ងៃនេះ មានដូចជា  ចំណុច​ដែល​ច្បាប់ដើម​កំណត់ថា សហជីព​ត្រូវ​ផ្តល់ដំណឹង​ដល់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នូវ​អាសយដ្ឋាន​គណនេយ្យ​និង​ធនាគារ បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ ក្នុង​រយៈពេល​យ៉ាងយូរ​១៥​ថ្ងៃ ត្រូវ​ប្តូរ​មក​រយៈពេល ៣០​ថ្ងៃ និង​ចំណុច ដែល​ចែងថា រាល់​សេចក្តីសម្រេច​របស់​សហ​ជីព ដូចជា​ការធ្វើ​បាតុកម្ម​ឬ​កូដកម្ម ត្រូវ​សម្រេច​ដោយ​សំឡេង ៥១​បូក​១ នៃ​សមាជិក​ចូលរួម ទើប​អាចធ្វើ​ទៅបាន ជាដើម​។

​យ៉ាង​ក៏ដោយ ក្រុម​សហជីព​បាន​សរសើរ​ថា នីតិវិធី​នៃ​ការបង្កើត​ច្បាប់​សហជីព មាន​លក្ខណៈ​ល្អប្រសើរ ដោយមាន​ការជជែក​គ្នា​វាង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​។ តែ​មេដឹកនាំ​សហជីព​ទាំងនោះ នៅតែ​មិន​សប្បាយចិត្ត​ចំពោះ​លទ្ធផល​ដែល​កើតចេញពី​កិច្ចប្រជុំ ដោយ​ពួកគេ​អះអាង ចំណុច​ដែល​បានស្នើ​ឲ្យ​កែប្រែ​នោះ មិនបាន​ទទួលផល​វិជ្ជមាន ឡើយ​។

​សូមបញ្ជាក់ថា ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ គណៈកម្មការ​ចំពោះ​កិច្ច នឹង​បន្ត​ពិភាក្សាគ្នា​បន្ថែមទៀត ទៅលើ​ចំណុច​ទាំង​១២ ដែល​នៅ​សេសសល់​។ សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​នេះ មាន​៧​ជំពូក និង​១០០​មាត្រា ត្រូវបាន​រាជរដ្ឋាភិបាល​អនុម័ត និង​បញ្ជូន​ទៅកាន់​រដ្ឋសភា កាល​ថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ​២០១៥ ៕
លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​