វេទិកា​ពិភាក្សា​ដេញដោល​​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​មាន​បេក្ខជន​៣​រូប​ដែល​លេច​ធ្លោ​ជាងគេ

វេទិកា​ពិភាក្សា​ដេញដោល​​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​មាន​បេក្ខជន​៣​រូប​ដែល​លេច​ធ្លោ​ជាងគេ

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ ឈរ​នៅ​លើ​ឆាក​ មុន​ការ​ជជែក​ដេញ​ដោល​របស់​បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​ធ្វើ​ឡើង​ដោយ​បណ្តាញ​ទូរទស្សន៍ Fox Business Network នៅ North Charleston Coliseum កាលពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦។

មហា​សេដ្ឋី​អចលនទ្រព្យ Donald Trump និង លោក Ted Cruz ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ Texas ហាក់​ដូចជា​ដៃគូ​នឹង​គ្នា​ជា​ជាងគូ​សត្រូវសម្រាប់​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ខណៈ​ដែល​ពួកគេ​ប្រកួតប្រជែង​គ្នា​ដើម្បី​ក្លាយ​ជា​បេក្ខជន​ដែល​គណបក្ស​សាធារណរដ្ឋ​ស្នើ​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក។

ប៉ុន្តែ​នៅ​ក្នុង​វេទិកា​ពិភាក្សា​ដេញដោល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​រដ្ឋ South Carolina បេក្ខជន​ទាំង​២​នាក់​នេះ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​នាំមុខ​គេ​នៅ​ក្នុង​ការ​ស្ទង់​មតិ​សាធារណៈ​ជាតិ​នោះ ​បាន​ពិភាក្សា​ត​ទល់​គ្នាយ៉ាង​ស្វិតស្វាញ ប៉ុន្តែ​នៅតែ​រាក់ទាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ​

នៅ​ក្នុង​ការ​ពិភាក្សា​ដេញដោល​គ្នា​ដែល​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​មាន​រយៈពេល​២​ម៉ោង​កន្លះ​នោះ លោក Trump និង​លោក Cruz បាន​ប៉ះទង្គិច​ពាក្យ​សម្តី​នឹង​គ្នា ហើយ​ពេល​ខ្លះ​រំជួល​ចិត្ត ខណៈ​ដែល​ពួកគេ​ព្យាយាម​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត។ ​

លោក Cruz ​ក៏​បាន​ប៉ះ​ទង្គិច​ពាក្យ​សម្តី​ជាមួយ​នឹង​លោក Marco Rubio ដែល​ជា សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ Florida យ៉ាង​ស្វិតស្វាញ​ផង​ដែរ។ ​លោក Rubio គឺ​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​គុយបា ដែល​បាន​អំពាវនាវ​ឲ្យ​ពង្រីក​គណបក្ស​សាធារណរដ្ឋ​ និង​ជា​បេក្ខជន​ដែល​ទទួល​បាន​ការគាំទ្រ​ទី​៣​នៅ​ក្នុង​ការមតិ​សាធារណៈ។

បេក្ខជន​៤​រូប​ទៀត​ដែល​មាន​វត្តមាន​នៅ​លើ​វេទិកា​ពិភាក្សា​ដេញដោលនោះ​ដែរ ដែល​មាន​លោក Chris Christie ដែល​ជា​អភិបាល​រដ្ឋ New Jersey លោក John Kasichដែល​ជាអភិបាល​រដ្ឋ Ohio លោក Ben Carson ដែល​ជា​គ្រូ​ពេទ្យ​វះកាត់​សរសៃ​ប្រសាទ​ខួរ​ក្បាល​ដែល​បាន​ចូល​និវត្តន៍ និង​លោក Jeb Bush ដែល​ជា​អតីត​អភិបាល​រដ្ឋ Florida មិន​បាន​បញ្ចេញ​មតិ​អ្វី​ច្រើន​នោះ​ទេ៕