ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អនុម័ត​អនុក្រឹត្យ​ថ្មី​ចំនួន​២

កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៥ ខែ​មករា សម្រេច​អនុម័ត​អនុក្រឹត្យ​ថ្មី​ចំនួន​ពីរ គឺ​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​លើ​ការ​វាស់វែង និង​ការ​ផលិត​ផែនទី និង​លើ​អាជីវកម្ម​វាស់វែង និង​ការ​ផលិត​ផែនទី និង​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សំណល់​បរិក្ខារ​អគ្គិសនី និង​អេឡិចត្រូនិក។

​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​លើ​ការ​វាស់វែង និង​ការ​ផលិត​ផែនទី និង​លើ​អាជីវកម្ម​វាស់វែង និង​ការ​ផលិត​ផែនទី ចែក​ចេញ​ជា ៩​ជំពូក និង ៣៣​មាត្រា។ គណៈរដ្ឋមន្ត្រី​មើល​ឃើញ​ថា ការ​អនុម័ត​អនុក្រឹត្យ​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​រីក​ចម្រើន​លើ​វិស័យ​បច្ចេកវិទ្យា។ គណៈរដ្ឋមន្ត្រី​យល់​ថា ការ​វាស់វែង និង​ផលិត​ផែនទី​នៅ​ពេល​បច្ចុប្បន្ន មាន​បច្ចេកវិទ្យា​ជឿនលឿន ហើយ​ក៏​មាន​ការ​កើន​ឡើង​នៃ​ការ​វាស់វែង​ដីធ្លី និង​ផែនទី​ផង​ដែរ។ អនុក្រឹត្យ​នេះ ក៏​លើក​ទឹក​ចិត្ត​ដល់​វិស័យ​ឯកជន ឲ្យ​ចូល​រួម​លើ​ការងារ​វាស់វែង និង​ការ​ផលិត​ផែនទី ផ្អែក​តាម​អនុក្រឹត្យ​នេះ ដោយ​អាច​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​នូវ​ឯកសារ​ដែល​មិន​ត្រឹមត្រូវ។ នៅ​ពេល​ដែល​កម្ពុជា អនុវត្ត​បាន​ត្រឹមត្រូវ​ស្រប​តាម​អនុក្រឹត្យ​នេះ ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន ទទួល​យក​បាន​នូវ​ស្តង់ដារ និង​បទដ្ឋាន​គតិយុត្តិ​សម្រាប់​ការ​អនុវត្ត​ផង​ដែរ។

ចំណែក​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​សំណល់​បរិក្ខារ​អគ្គិសនី និង​អេឡិចត្រូនិក ដែល​មាន ៩​ជំពូក និង​៣៦​មាត្រា វិញ គណៈរដ្ឋមន្ត្រី​ជឿជាក់​ថា អនុក្រឹត្យ​នេះ​នឹង​ជួយ​ធានា​ការ​គ្រប់គ្រង​សម្ភារៈ​អគ្គិសនី និង​អេឡិចត្រូនិក ដែល​ប្រើប្រាស់​រួច​ហើយ​ឲ្យ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព។ អនុក្រឹត្យ​នេះ មាន​គោលបំណង​អនុវត្ត​ទៅ​តាម​កាតព្វកិច្ច​ជា​សមាជិក​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ត្រួត​ពិនិត្យ​ចលនា​ដឹក​ជញ្ជូន និង​ការ​បោះចោល​កាកសំណល់​គ្រោះថ្នាក់​ឆ្លងដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។