Q&A : ភ្លើតភ្លើន​មួយគ្រា​ចំ​បុរស​មាន​រោគ​…​តើ​ត្រូវ​ដោះស្រាយ​ដូចម្តេច ?

Doliprane TVC

​សំណួរ ៖ នាង​ខ្ញុំ​អាយុ ២៣ ឆ្នាំ នៅ​មិនទាន់​រៀបការ​នៅឡើយ​ទេ ហើយ​ចូលចិត្ត​ដើរលេង សប្បាយ​ជាមួយ​បុរស​មិនសូវ​តម​ឡើយ ។ មកដល់ពេលនេះ​នាង​ខ្ញុំ​ហាក់​ភ្ញាក់ខ្លួន​ថា​ការធ្វើ​បែបនេះ គឺ​ប្រឈមមុខ​ជាមួយ​ការ​ផ្សងព្រេង​ជីវិត​ខ្លាំងណាស់ ហើយ​បើ​និយាយ​ពី​ផលចំណេញ​គឺ​សូន្យ​តែម្តង ។ ភាព​ភ្លើតភ្លើន និង មិន​ស្តាប់​ឪពុកម្តាយ​បាន​ចូលមក​ញាំញី​ក្នុង​ជីវិត​របស់ខ្ញុំ​ហើយ ព្រោះ​នាង​ខ្ញុំ​ចូលចិត្ត​រាប់អាន​បុរស​ស្ត្រី​មិនសូវ​រើសមុខ ។

កាលពី កន្លះ​ឆ្នាំ​មុននេះ​នាង​ខ្ញុំ​បាន​លង់ខ្លួន​ស្រឡាញ់​បុរសម្នាក់​មាន​រូបរាង​សង្ហា មាន​សម្តី​ផ្អែមល្ហែម និង ចេះ​យកចិត្តទុកដាក់​ចំពោះ​ធ្វើឱ្យ​ខ្ញុំ​ស្លាប់ចិត្ត​ស្តូក ហើយគិត​ចង់​ផ្ញើ​វាសនា​រស់នៅ​ជាមួយគ្នា​ទៅ​អនាគត​ទៀតផង ។ ​ភាព​ល្អូកល្អិន​នេះហើយ​ទើប​កាលពីពេល​ថ្មីៗ​នេះ​គាត់​បាន​បបួល​នាង​ខ្ញុំ​ទៅ​ចូលរួម ពិធីជប់លៀង​មួយ ពេលនោះ​នាង​ខ្ញុំ​ក៏​សម្រេចចិត្ត​ទៅដោយ​មិន​រួញរា​ចិត្ត​ឡើយ ។ ថ្ងៃនោះ​ពួកយើង​បាន​ផឹក​ស្រវឹង​ជោកជាំ ហើយ​គាត់​បាន​ដឹក​នាង​ខ្ញុំ​ចូលទៅ​ផ្ទះជួល​របស់គាត់ ។

ព្រោះតែ​ភាពស្រវឹង​គាត់​បានធ្វើ​អ្វីៗ​មកលើ​នាង​ខ្ញុំ​តាមចិត្ត ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​នាង​ខ្ញុំ​ស្ទើរ​គាំងបេះដូង​ស្លាប់​នោះ គឺក្រោយពី​ពួកយើង​បញ្ចប់​ការរួម​ភេទ​រួចរាល់ ពេល​ពិនិត្យមើល​ប្រដាប់ភេទ​របស់គាត់​ស្រាប់តែ​ឃើញ​មាន​ដុះ​សា​ច់សៗ​ពេញ​លើ​ប្រដាប់ភេទ បញ្ជាក់ថា​គាត់​មាន​មេរោគ​ជាប់​ខ្លួន​គួរឱ្យខ្លាច ។ ថ្ងៃនោះ​នាង​ខ្ញុំ​ស្ទើរ​គ្មាន​ព្រលឹង​ជាប់​ខ្លួន​ទេ ហើយ​ភាពស្រវឹង​ក៏​ស្វាង​ភ្លាមៗ​ដែរ ។ ពេលនេះ​មានតែ​ភាពភិតភ័យ​មិនដឹងថា​ដោះស្រាយ​ដូចម្តេច ? សូមជួយ​បង្ហាញផ្លូវ​ផង ។

​ចម្លើយ ៖ មិន​ថា​នរណា​នោះទេ នៅពេល​ជួប​ហេតុការណ៍​បែបនេះ​តែង​តក់ស្លុត និង ភ័យព្រួយ​ពី​សុខភាព ។ ទោះបីយ៉ាងណា​អ្វីៗ​នាពេលនេះ​វា​បាន​ជ្រុល​ហួស​អស់​ទៅហើយ ហេតុនេះ​អ្វីដែល​អ្នក​ត្រូវ​ដោះស្រាយ​ចំពោះមុខ​គឺ​ការតាំង​ចិត្ត​ឱ្យ​ស្ងប់​ប្រឈម​នឹង​បញ្ហា ហើយ​ទៅឱ្យ​គ្រូពេទ្យ​ពិនិត្យថា​អ្នក​បាន​ឆ្លង​មេរោគ​ដែរឬទេ និង ត្រូវសុំ​ការណែនាំ​ពី​គ្រូពេទ្យជំ​នាញ ។ ក្រៅពីនេះ​អ្នក​ក៏ត្រូវ​ដឹង​ដែរ​ថា​ការរួម ភេទ​មិនបាន​ប្រើ​ស្រោមអនាម័យ​ការពារ​អាចមាន ​ភគ៌​ដែរ ដូច្នេះ​ត្រូវ​ប្រើ​ថ្នាំ​ពន្យារកំណើត​ប្រភេទ​គ្រាអាសន្ន​លេប​រយៈពេល ២៤ ម៉ោង​ក្រោយពេល​រួមភេទ បើ​មិន​ដូច្នេះ​អ្នក​ប្រឈមមុខ​ជាមួយ​ការ​មានគភ៌​ដោយ​មិនបាន​តាំងចិត្ត​ថែមទៀត ។​ ​

អ្វីដែល​អ្នក​ត្រូវ​ប្រឈមមុខ​ខ្ពស់បំផុត​គឺ​ការឆ្លង​មេរោគ ហេតុនេះ​ចាំបាច់​ត្រូវឱ្យ​គ្រូពេទ្យ​ពិនិត្យ ឈាម បើ​លទ្ធផល​ចេញមក​ថា​មិនមាន​អ្វី​ប៉ះពាល់​អ្នកនឹង​រួចខ្លួន ហើយ​គួរ​ទុក​រឿងនេះ​ជា​មេរៀន​ដ៏​អាក្រក់​ក្នុង​ជីវិត និង ដាច់ខាត​ឈប់​ប្រព្រឹត្ត​ខ្លួន​បែបនេះ​ទៀត ប៉ុន្តែ​បើ​មាន​មេរោគ​អ្វី​ឆ្លង​គប្បី​ឱ្យ​គ្រូពេទ្យ​ព្យាបាល ឬ ធ្វើតាម​ការណែនាំ​គ្រូពេទ្យ​នោះ អ្នកនឹងបាន​ដើរ​លើផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ ។ បើ​អ្នក​ធ្វើបាន​បែបនេះ មិន​ត្រឹមតែ​ខ្លួនឯង​ទទួលលទ្ធផល​ល្អ​ទេ សូម្បីក្រុមគ្រួសារ​ឪពុកម្តាយ​ក៏​បាត់​ទុក្ខ​កង្វល់​ដោយសារតែ​អ្នក​ដែរ ។ ចូរ​អ្នកចេះ​កសាង​ខ្លួន​ឱ្យ​ប្រសើរ​ឡើងវិញ​ដើម្បី​ជីវិត​ទៅ​ថ្ងៃ​ខាងមុខ​បន្តទៀត ៕​