បុរស​ខ្លាំង​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​ផ្កាយ​៤​មេ​ប៉េ​អឹ​ម​ សៅ​ សុខា​ បង្ក្រាប​បទល្មើស​នាំ​ចេញ​ឈើ​ទៅ​ស្រុក​យួន​

​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ បុរស​ខ្លាំង​បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ រៀបចំសេចក្តី​សម្រេច​បង្កើត​គណៈកម្មាធិការ​ចម្រុះ​មួយ​ ដែល​មាន​កងកម្លាំងប្រដាប់អាវុធ​ រដ្ឋបាល​ព្រៃឈើ​ អាជ្ញាធរ​ខេត្ត​ពាក់ព័ន្ធ​ និង​ស្ថាប័នរដ្ឋ​ចាំបាច់​មួយ​ចំនួន​ទៀត​ ដឹកនាំ​ដោយ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដើម្បី​ធ្វើការ​បង្ក្រាប​ឲ្យ​ខាង​តែ​បាន​នូវ​បទល្មើស​នាំ​ចេញ​ឈើ​តាម​ច្រក​មួយ​ចំនួន​ នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ ពិសេស​ខេត្ត​ត្បូងឃ្មុំ​ ។​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ហើយ​ថា​ បទល្មើស​នាំ​ចេញ​ឈើ​ពី​ប្រទេស​កម្ពុជា​ចូល​ទៅ​ស្រុក​យួន​ សឹង​តាម​គ្រប់​ច្រកល្ហក​ជាប់​ព្រំដែន​ខ្មែរ​-​យួន​ បាន​កើត​មាន​ឡើង​ច្រើន​ឆ្នាំ​មក​ហើយ​ រហូត​ដល់​ឈ្មួញ​រកស៊ី​ឈើ​មួយ​ចំនួន​ឡើង​ក្លាយជា​សេដ្ឋី​កើប​ប្រាក់​ដាក់​ហោប៉ៅ​ធ្វើ​ជា​អ្នក​មានបាន​ និង​ទទួល​ងារ​ជា​ "​ឧកញ៉ា​"​ ព្រោងព្រាត​ ខណៈ​វិធានការ​របស់​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​នា​ពេល​កន្លង​មក​គ្មាន​ប្រសិទ្ធភាព​ទាល់តែ​សោះ​ ដ្បិត​ឈ្មួញ​ជួញ​ឈើ​ធំៗ​គ្រាក់ៗ​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​មនុស្ស​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​របស់​បុរស​ខ្លាំង​ ។​

​មន្ត្រី​ដែល​ស្និទ្ធ​នឹង​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ ម្នាក់​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ នេះ​អាច​ជា​បេសកកម្ម​លើក​ទី​២​របស់​ឯកឧត្តម​ សៅ​ សុខា​ ក្នុង​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ គឺ​លើក​ទី​១​ កាល​ឯកឧត្តម​មិន​ទាន់​កាន់​តំណែង​ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​នៅឡើយ​ ពេល​ចេញ​បេសកកម្ម​តាម​ឧទ្ធម្ភាគចក្រ​យ៉ាង​ហ៊ឺហា​ នៅ​តែ​ចាញ់​ប្រៀប​ឈ្មួញ​ឈើ​គ្រាក់ៗ​នៅ​តំបន់​កន្ទុយ​នាគ​ឧ​ទ្យា​ណ​ជាតិ​វិ​រ​ជ័យ​ ខេត្តរតនគិរី​ និង​លើក​ទី​២​ គឺជា​បេសកកម្ម​នា​ពេល​នេះ​ហើយ​ ។​

​មជ្ឈដ្ឋាន​នានា​ដែល​តាមដាន​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ បាន​រង់ចាំ​តាមដាន​មើល​ តើ​កណ្តាប់ដៃ​ដែក​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អាច​បង្ក្រាប​បទល្មើស​នាំ​ចេញ​ឈើ​ទៅ​ស្រុក​យួន​ ដែល​បង្ក​ដោយ​ឈ្មួញ​គ្រាក់ៗ​មួយ​ចំនួន​នោះ​បាន​ដែរ​ឬទេ​ ឬ​គ្រាន់តែ​ប្រើ​ក្បាច់​ "​គោះ​ទឹក​បង្អើល​ត្រី​"​ ដើម្បី​ប្រមូល​ផលប្រយោជន៍​ដាក់​ហោប៉ៅ​ ឬ​យ៉ាងណា​ ?​ ៕​

បុរស​ខ្លាំង​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​ផ្កាយ​៤​មេ​ប៉េ​អឹ​ម​ សៅ​ សុខា​ បង្ក្រាប​បទល្មើស​នាំ​ចេញ​ឈើ​ទៅ​ស្រុក​យួន​ បុរស​ខ្លាំង​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​ផ្កាយ​៤​មេ​ប៉េ​អឹ​ម​ សៅ​ សុខា​ បង្ក្រាប​បទល្មើស​នាំ​ចេញ​ឈើ​ទៅ​ស្រុក​យួន​ បុរស​ខ្លាំង​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​ផ្កាយ​៤​មេ​ប៉េ​អឹ​ម​ សៅ​ សុខា​ បង្ក្រាប​បទល្មើស​នាំ​ចេញ​ឈើ​ទៅ​ស្រុក​យួន​

Related