សម្តេច​ហ៊ុនសែន ស៊ី​ញ៉េ​ទាំងយប់ លើ​សេចក្តីសម្រេច ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​

ភ្នំពេញ: សេចក្តីសម្រេច ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ហ៊ុនសែន ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវបាន​គណៈរដ្ឋមន្ត្រី បញ្ជូន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នៅ​ម៉ោង ១១ យប់ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​។ គណៈកម្មការ​ជាតិ​នោះ មាន​សមាសភាព ១០ រូប ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​។​

​សមាសភាព​នៃ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ ក្រៅពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខ ជា​ប្រធាន ក៏មាន​អនុប្រធាន គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន ព្រមទាំង​សមាជិក ៨ រូប រួមមាន​៖ លោក ឆេង គីម​ស៊ុន តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ផៃ ប៊ុន​ឈឿន តំណាង​ក្រសួងបរិស្ថាន លោក​ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ លោក សរ ចំរុង អភិបាលខេត្ត​ក្រចេះ លោក លន់លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក ថង​សាវុន អភិបាលខេត្ត​រតនគិរី និង​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​។​

​សេចក្តីសម្រេច​នោះ ក៏បាន​កំណត់​ពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ រួមមាន​៖ ចុះ​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​អនាធិបតេយ្យ កាប់​ព្រៃឈើ ការនាំចេញ​ឈើ​ខុសច្បា់ប និង​បទល្មើស​ព្រៃឈើ​នានា នៅ​ភាគ​ឦសាន​នៃ​ប្រទេស ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​កាប់ និង​នាំចេញ​ឈើ​ល្មើសច្បាប់ ចាប់​ជនល្មើស និង​វត្ថុតាង​នៃ​បទល្មើស​ព្រៃឈើ ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី សហការ​ជាមួយ​ភាគី​វៀតណាម និង​ឡាន ដើម្បី​មាន​សហប្រតិបត្តិ​ការល្អ និង​ប្រសិទ្ធភាព ក្នុងករណី​ចាំបាច់ បូកសរុប​របាយការណ៍​អំពី​លទ្ធផល​ការងារ​របស់​គណៈកម្មកា​រ​ជាតិ​នេះ ជូន​រាជរដ្ឋាភិបាល និង​បំពេញភារកិច្ច​ផ្សេងទៀត ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​។​

​ជាមួយគ្នា​នោះ សេចក្តីសម្រេច ក៏បាន​កំណត់ថា គណៈកម្មការ​ជាតិ​នេះ មាន​សិទ្ធិ​បង្កើត​ក្រុម​ប្រតិបត្តិការ​មួយ តាម​ការចាំបាច់ ដែលមាន​សមាសភាព​ម​ក​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម និង​ស្នើសុំ​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចូលរួម​ជា​កម្លាំង​ក្នុងពេល​ចុះ​បេសកកម្ម​។ គណៈកម្មការ​ជាតិ​នេះ អាច​ទទួល​ការឧបត្ថម្ភ​ថវិកា​សមស្រប​ពី​កញ្ចប់​ថវិកា​ពិសេស​រប​ស់រាជ​រដ្ឋាភិបាល សម្រាប់​ដំណើរការ​ការងារ​រប​ស់​ខ្លួន​។ ក្នុងនោះ គណៈកម្មការ​ជាតិ​នេះ មាន​សិទ្ធិ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿងរ​បស់​កងទ័ពអាកាស​នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​បំពេញបេសកកម្ម​ការងា​រ​របស់ខ្លួន​។​

​សូម​រម្លឹកថា សេចក្តីសម្រេច​នេះ បានធ្វើ​ឡើង ក្រោយពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុនសែន បានប្រកាស នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃទី​១៥​មករា ឆ្នាំ​២០១៦​។ នោះ​គឺ​សម្តេចនាយក​រដ្ឋមន្ត្រី ថ្លែង​ផ្ទាល់មាត់​ពី​ការបង្កើត​គណៈកម្មការ ទប់ស្កាត់ និង​បង្ក្រាប​ការរត់ពន្ធ​នាំ​ឈើ ចេញទៅ​ប្រទេស​វៀតណាម ព្រមទាំង​ព្រមាន​ចំឈ្មោះ​លើ​ឈ្មួញ​ឈើ​ពីរ​នាក់ ជា​ឧកញ៉ា គឺ​ឧកញ៉ា លឹម ប៊ុន​ណា ហៅ ខ្នា និង​ឧកញ៉ា លឹម សំអុល នៅ​ខេត្ត​ត្បូងឃ្មុំ​។ ក្នុងនោះ សម្តេច​ហ៊ុនសែន ក៏បាន​ព្រមាន​ដកតំណែង​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ប្រាជ ចន្ទ និង​អភិបាលស្រុក​មេមត់ ដែល​បាន​បើកដៃ​ឲ្យ​ឧកញ៉ា​ទាំងពីរ នាំ​ឈើ ចេញទៅ​ប្រទេស​វៀតណាម​៕​

សម្តេច​ហ៊ុនសែន ស៊ី​ញ៉េ​ទាំងយប់ លើ​សេចក្តីសម្រេច ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​

សម្តេច​ហ៊ុនសែន ស៊ី​ញ៉េ​ទាំងយប់ លើ​សេចក្តីសម្រេច ស្តីពី ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​