ទស្សនៈ​នានា​ចំពោះ គជប ជ្រើសតាំង​លោក ទេព នីថា ជា​អគ្គលេខាធិការ​

ភ្នំពេញ: ​ក្នុងចំណោម​បេក្ខជន ៣ រូប​ចុងក្រោយ ត្រូវបាន​គជប ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​១៥​មករា  សម្រេច​ជ្រើសតាំង​លោក ទេព នីថា ឲ្យ​បន្ត​តំណែង​ជា​អគ្គលេខាធិការ​គជប តទៅទៀត​។ លោក​ទេព​នីថា បាន​ធ្វើជា​អគ្គលេខាធិការ​គជប ចាប់​តាំងតែ​ពី​ឆ្នាំ​២០០២​។
​    ​
​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប នៅក្រោយ​កិច្ចប្រជុំ ដែល​ធ្វើឡើង​រយៈពេល​ពេញ​មួយ​ព្រឹក កាលពី​ថ្ងៃទី​១៥​មករា នៅ​ទីស្ដីការ គ​.​ជ​.​ប ថា “​ការជ្រើសរើស​អគ្គ អគ្គ​រង​គជប យើង​ផ្អែកលើ​សមត្ថភាព​បោះឆ្នោត​។ អត់​បានទេ​! សមត្ថភាព​ជាធំ មិន​យក​ផ្អែកទៅលើ​មនោសញ្ចេតនា មិន​ផ្អែកទៅលើ​គណបក្សនយោបាយ និន្នាការ​នយោបាយ មិន​ផ្អែកទៅលើ​មតិ​ណា​ថា​ទេ​។ គឺ​សមត្ថភាព​បោះឆ្នោត ២៨​ភារកិច្ច​នេះ គឺ​ធំ​ណាស់ ដូចជា ចុះឈ្មោះ​បោះឆ្នោត ២០១៦ បោះឆ្នោត​ឃុំ ២០១៧ បោះឆ្នោត​តំណាងរាស្ត្រ ២០១៨”​។​
​    ​
​លោក ស៊ិ​ក ប៊ុន​ហុក បាន​បញ្ជាក់ថា “​ការងារ​នេះ មិនអាច​យក​អ្នកថ្មី​មក រៀនធ្វើការ​! អត់​បានទេ គឺ​មិនបាន​ដាច់ខាត​។ ហេតុនេះហើយ ត្រូវ​ផ្អែកលើ​ការងារ​បោះឆ្នោត ការជ្រើសរើស​អគ្គ អគ្គលេខាធិការរង​គ​ជប​ហ្នឹង​។ ការរក្សា​ទុក​អ្នក​ចាស់ មិន​ជ្រើសរើស​អ្នកថ្មី​? គឺ​មិន​សំខាន់​ទេ សម្រាប់​គជប​។ សំខាន់ ត្រង់​ថា ប្រពន្ធ​ការងារ​របស់​គជប​នេះឯង អាច​ជឿទុកចិត្ត​បានទេ​? មិនមែន​មនុស្ស​ទេ​ណា៎​! តើ​ប្រព័ន្ធ​ធ្វើការ​របស់​គជប អាច​ទុកចិត្ត​បានទេ​? គឺ​នៅត្រង់ថា ការប្រព្រឹត្តិទៅ​របស់​គ​ជប មាន​យុត្តិធម៌ មាន​តម្លាភាព ឬ​អត់​? អានោះ ដែល​សំខាន់​។ យើង​ធ្វើ​ជាមួយគ្នា ៨ ខែ​រួចមកហើយ ម្លោះ​ហើយ យើង​មិន​គិតថា អ្នក​ចាស់ អ្នកថ្មី​ទេ គឺ​យកមក ( អគ្គលេខាធិការ និង​អគ្គលេខាធិការរង ) គឺអាច​ធ្វើការ​បានតែ​ម្តង​”​។​
​ចំពោះ​ការសម្រេច​របស់​គជប ដែល​បន្ត​ជ្រើសតាំង​លោក​ទេព​នីថា ឲ្យ​បន្ត​តំណែង​ជា​អគ្គលេខាធិការ​គជប ត្រូវបាន​សង្គម​ស៊ីវិល និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្ដែង​ការខកចិត្ត​។

​លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល បាន​ហៅ​ការសម្រេចចិត្ត​របស់​គ​ជប ថា នាំ​ឲ្យ​មហាជន និង​គណបក្សនយោបាយ មិនមាន​ទំនុកចិត្ត​ចំពោះ​គជប​ថ្មី​។ កន្លងមក មហាជន និង​គណបក្សនយោបាយ មាន​មន្ទិលសង្ស័យ​ចំពោះ​ជំហរ​បំពេញការងារ​របស់​គ​ជប​ចាស់ និង​អគ្គលេខាធិការ គ​.​ជ​.​ប លោក ទេព នីថា​។
​    ​
​រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​អ្នកបង្កើត​គជប​ថ្មី ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍ ដោយ​សម្តែង​ការខកចិត្ត ចំពោះ​ជម្រើស​របស់ គ​.​ជ​.​ប​។ នៅក្នុង​សេចក្តីថ្លែងការណ៍ ដែល​ចេញផ្សាយ កាលពី​រសៀល​ថ្ងៃទី​១៥​មករា ឆ្នាំ​២០១៦ គណបក្ស​សង្គ្រោះ​ជាតិ បានចាត់ទុក​ការជ្រើសរើស​យក លោក ទេព នីថា ជា​អគ្គលេខាធិការ​គជ​បដ​ដែល ថា​នឹងធ្វើ​ឲ្យ​មាន​ការមិនទុកចិត្ត ចំពោះ​ការបោះឆ្នោត​ខាងមុខ​។
​    ​
​ចំណែក​លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា គណបក្សកាន់អំណាច គោរព​សេចក្ដីសម្រេចចិត្ត​របស់ គ​.​ជ​.​ប ដែលជា​ស្ថាប័ន​ឯករាជ្យ ហើយ​ថែមទាំង​បាន​ច្រានចោល​រាល់​មតិ ដែល​លើកឡើងថា លោក ទេព នីថា ល​ម្អៀ​ត​មក​គណបក្ស​ប្រជាជន​កម្ពុជា​។​
​    ​
​រីឯ​លោក ទេព នីថា ដែល​ទើបតែ​ត្រូវបាន​ជ្រើសតាំង​ឲ្យ​បន្តការងារ នៅ​គជប បាន​សម្តែង​ការរីករាយ​នឹង​ការជ្រើសរើស​នេះ និង​ថា លោក​គ្រាន់តែ​ជា​អ្នកបច្ចេកទេស ដែល​ធ្វើការ​តាមច្បាប់​តម្រូវ​តែប៉ុណ្ណោះ​។
​    ​
​លោក ទេព នីថា បាន​បញ្ជាក់ថា “​កន្លងមក តែងតែមាន​ការលើកឡើង​ថា គជប​លម្អៀង​ទៅ​គណបក្សកាន់អំណាច ទោះបីជា​គជប និង​អគ្គលេខាធិការដ្ឋាន​គជ​ប​ហ្នឹង មានការ​ចូលរួម​ពី​សមាសភាព​គណបក្សនយោបាយ​ផ្សេងៗ​ក៏ដោយ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ យើង​ធ្វើការ​ទៅតាម​ច្បាប់ ទៅតាម​នីតិវិធី និង​ការសម្រេចចិត្ត​របស់​គ​ជប ព្រោះថា អគ្គលេខាធិការដ្ឋាន​គ​ជប គ្រាន់តែ​ជាម​ន្ត្រី ឬ​ជា​ស្ថាប័ន​មួយ​ជំនាញ ក្នុងការ​អនុវត្ត​ការងារ​បច្ចេកទេស តាមច្បាប់ ឬ​តាម​បទបញ្ជា​នីតិវិធី និង​តាម​ការសម្រេច​របស់​គ​ជប តែ​ប៉ុណ្ណឹង​”​។​
 
​យ៉ាងណាក៏ដោយ លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គជប ដែល​មកពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លោក​គោរព​សេចក្ដីសម្រេច​របស់ គ​.​ជ​.​ប​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ គជប ដែលមាន​កូតា​មកពី​គណបក្សកាន់អំណាច ៤​រូប មកពី​គណបក្សជំទាស់ និង​១​រូប​ទៀត មកពី​សង្គម​ស៊ីវិល  ក៏​បានចេញ​សេចក្តីប្រកាស​ពី​ការសម្រេច​របស់ខ្លួន ក្នុងការ​ជ្រើសតាំង លោក ទេព នីថា ជា​អគ្គលេខាធិការ ព្រមទាំង​អគ្គលេខាធិការរង គជប ចំនួន ៤ រូប ក្នុងនោះ រួមមាន​៖  ៖ ទី​១-​លោក ម៉ៅ សុភា​រិ​ទ្ធ ជា​មេធាវី និង​ជា​អតីត​សមាជិក​គជប ទី​២-​លោក នី ចរិយា មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក ទី​៣-​លោក សោម សូ​រី​ដា មន្ត្រី គ​.​ជ​.​ប និង​លោក ម៉ុក ដា​រា  សាស្ត្រាចារ្យ​ច្បាប់ និង​ជា​ជំនួយការ​ច្បាប់​អង្គការ និក​ហ្វិ​ច​៕​