នាយករដ្ឋមន្ត្រី ប្រគល់​ភារកិច្ច​ជូន​រដ្ឋមន្ត្រី ២ រូប ដើម្បី​កំណត់​ឲ្យ​បាន​ឆាប់រហ័ស​នូវ​តម្លៃ និង​នីតិវិធី នៃ​ការធ្វើ​ពាក់​មី ឈៀក និង​កាត​គ្រី​

ភ្នំពេញ: នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែមករា ឆ្នាំ​២០១៦ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រគល់​ភារកិច្ច​ជូន​លោក អូន​ព័ន្ធ មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន រៀបចំ​កំណត់​ឲ្យ​បាន​ឆាប់រហ័ស​នូវ​តម្លៃ និង​នីតិវិធី នៃ​ការធ្វើ​ប័ណ្ណ​សំគាល់​យានយន្ត ការត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត និង​ការធ្វើ​ប័ណ្ណបើកបរ​ជូន​ប្រជាពលរដ្ឋ​។

​ការជំរុញ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុនសែន ដូច្នេះ បានធ្វើ​ឡើង ខណៈដែល​ប៉ូលិស បាន​កំណត់ថា ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ តទៅ ប៉ូលិស​នឹង​ចាប់ផ្តើម ចុះ​ឆែកឆេរ​រក​ប័ណ្ណ​សំគាល់​យានយន្ត ( កាត​គ្រី ) ការត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ( ឈៀក ) និង​ប័ណ្ណបើកបរ ( ពាក់​មី ) ឡើងវិញ​។​

​សូម​រម្លឹកថា ក្រោយពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី កាលពី​ថ្ងៃទី​១​មករា ឆ្នាំ​២០១៦ គឺ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​កែសម្រួល​ជា​បន្តបន្ទាប់ ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។ ក្នុងនោះ រួមមាន​៖ ការលុបចោល​ប័ណ្ណបើកបរ​ម៉ូតូ កម្រិត ១២៥ CC ចុះក្រោម និង​មិន​តម្រូវ​ឲ្យ​មានការ​ផ្ទេរកម្មសិទ្ធិ កាត់ឈ្មោះ​ម្ចាស់​យានយន្ត ជាដើម​៕