គយ​​​ចាប់​​​បាន​​​ទូរស័ព្ទ​​​អាយហ្វូន​​​ជិត​​​៥០០​​​គ្រឿង​​​​​​នៅ​​​ព្រលាន​​​យន្ត​​​ហោះ​​​សៀម​​​រាប​​​

មន្ត្រី​​​ព្រលាន​​​យន្ត​​​ហោះ​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា មន្ត្រី​​​គយ​​​នៅ​​​​​​អាកាស​​​យានដ្ឋាន​​​អន្តរ​​​ជាតិ​​​សៀម​​​រាប​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ចាប់​​​បាន​​​​​​ទូរស័ព្ទ​​​អាយ​​​ហ្វូន​​​ជិត​​​៥០០​​​គ្រឿង​​​ មាន​​​តម្លៃ​​​រាប់​​​សែន​​​ដុល្លារ​​​ ដែល​​លាក់​​​ក្នុង១១​​​​​​វ៉ាលីស​​​​​​​​​។ ទូរស័ព្ទ​​​អាយ​​​ហ្វូន​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​រត់​​​ពន្ធ​​ចូល​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ពីរ​​​នាក់​​​។

យោង​​​តាម​​​លោក​​​ គង់ ផល្លា​​​គុណ ប្រធាន​​​គយ និង​​​រដ្ឋាករ​​​ប្រចាំ​​​នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​បាន​​​ឲ្យ​​​ដឹង​​​ថា ទូរស័ព្ទ​​​អាយ​​​ហ្វូន​​​ ដែល​​​លក់​​​រាយ​​​ក្នុង​​​ស្រុក​​​តម្លៃ​​រវាង​​​៧០០​​​ដុល្លារ​​​ដល់​​​១.១០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​គ្រឿង​​​ អាស្រ័យ​​​តាម​​​សមត្ថភាព​​​ស្តុក​​​របស់​​​វា​​​នោះ​​​  ត្រូវ​​​បាន​​​​​​ទិញ​​​នៅ​​​ប្រទេស​​​សិង្ហបុរី និង​​​ក្រុង​​​ហុង​​​កុង​​​ ដោយ​​​បុរស​​​ម្នាក់​​​ និង​​​ស្ត្រី​​​ម្នាក់​​​ដែល​​​បាន​​​ចុះ​​​ចត​​​នៅ​​​អាកាសយាន​​​ដ្ឋាន​​​សៀ​​​មរាប​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ព្រហស្បតិ៍​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចាប់​​​បាន​​​ទូរស័ព្ទ​​​អាយ​​​ហ្វូន 6s និង អាយ​​​ហ្វូន 6s Plus ៤៩៧គ្រឿង​​​ ដែល​​​នាំ​​​ចូល​​​ដោយ​​​ខុស​​​ច្បាប់​​​ពី​​​ទី​​​ក្រុង​​​ហុង​​​កុង​​​ និង​​​ប្រទេស​​​សិង្ហបុរី ពីព្រោះម្ចាស់​​​ទូរស័ព្ទ​​​មិន​​​បាន​​​បង់​​​ពន្ធ​​​នាំ​​​ចូល​​​”។

លោក​​​មិន​​​បាន​​​ពន្យល់​​​ថា មន្ត្រី​​​នៅ​​​អាកាសយាន​​​ដ្ឋាន​​​នេះ​​​រក​​​ឃើញ​​​ទូរស័ព្ទ​​​ស្មាត​​​ហ្វូន​​​ក្នុង​​​វ៉ាលីស​​​ទាំង​​​នោះ ដោយ​​​របៀប​​​ណា​​​នោះ​​​ទេ​​​។

រូប​​​ថត​​​ដែល​​​បង្ហោះ​​​តាម​​​គេ​​​ហទំព័រ​​​ព័ត៌​​​មាន​​​​​​ Fresh News បង្ហាញ​​​ឲ្យ​​​ឃើញ​​​វ៉ាលីស​​​ធំៗ​​​​​​​​មាន​​​ទូរស័ព្ទ​​​អាយ​​​ហ្វូន​​​ក្នុង​​​ប្រអប់​​​ និង​​​គ្មាន​​​ប្រអប់​​​​​​ពណ៌​​​ផ្សេង​​​ៗ​​​គ្នា​​​រៀប​​​ចំ​​​យ៉ាង​​​ហ្មត់​​​ចត់​​​។

លោក ផល្លាគុណ បាន​​​និយាយ​​​ថា ម្ចាស់​​​ជា​​​បុរស​​​ឈ្មោះ​​​ ភិន រស្មី​​​ ហើយ​​​ស្ត្រី​​​ឈ្មោះ ង៉ូវ​​​ ធៀង​​​ហុង​​​  ប៉ុន្តែ​​​ បាន​​​និយាយ​​​ថា លោក​​​មិន​​​ដឹង​​​ថា អ្នក​​​ទាំង​​​ពីរ​​​ធ្វើ​​​ដំណើរ​​​មក​​​ពី​​​ណា​​​” ថា​​​តើ​​​ពួក​​​គេ​​​​​​​​​ជិះ​​​យន្ត​​​ហោះ​​​ជើង​​​តែ​​​មួយ​​​ ឬ​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ ឬ​​​មាន​​​ព័ត៌​​​មាន​​​​​​ពិស្ដារ​​​ផ្សេង​​​ទៀត​​​​​​អំពី​​​ពួក​​​គេ​​​ទេ​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​មិន​​​បាន​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​ទេ យើង​​​គ្រាន់​​​តែ​​​បង្គាប់​​​ឲ្យ​​​ពួក​​​គេ​​​ឲ្យ​​​បង់​​​ពន្ធ​​​នាំ​​​ចូល​​​ និង​​​ប្រាក់​​​ពិន័យ​​​”។ លោក​​​បាន​​​ពន្យល់​​​ថា តម្លៃ​​​ទាំង​​​ពីរ​​​នេះ​​​នឹង​​​ត្រូវ​​​កំណត់​​​ដោយ​​​ថ្នាក់​​​លើ​​​របស់​​​លោក​​​​​​នៅ​​​ក្រសួង​​​ហិរញ្ញវត្ថុ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។

លោក​​​បាន​​​បន្ថែម​​​ថា “ទូរស័ព្ទ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​រក្សា​​​ទុក​​​នៅ​​​គយ​​​ព្រលានយន្ត​​​ហោះ​​​”។

លោក ប៊ូ ប៊ុណ្ណារ៉ា​​​ អ្នក​​​នាំ​​​ពាក្យ​​​អគ្គនាយក​​​ដ្ឋាន​​​គយ និង​​​រដ្ឋាករ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ករណី​​​នេះ​​​ទេ​​​ លោក​​​បាន​​​ដឹង​​​តែ​​​អ្វី​​​ដែល​​​លោក​​​បាន​​​អាន​​​ក្នុង​​​សេចក្តី​​​រាយការណ៍​​​ព័ត៌មាន​​​​​​ក្នុង​​​ស្រុក​​​ប៉ុណ្ណោះ​​​​​​​​​ ហើយ​​​លោក​​​បាន​​​និយាយ​​​ថា អ្នក​​​រត់​​​ពន្ធ​​​ទូរស័ព្ទ​​​ស្មាត​​​ហ្វូន​​​នឹង​​​ត្រូវ​​មាន​​​ទោស​​​ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​​​​បង់​​​ពន្ធ​​​ និង​​​ប្រាក់​​​ពិន័យ​​​។

លោក​​​បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​ព្រម​​​បង់​​​ប្រាក់​​​ទេ​​​នោះ​​​យើង​​​នឹង​​​បញ្ជូន​​​ករណី​​​នេះ​​​ទៅ​​​តុលាការ​​​”៕និត​​​

The post គយ​​​ចាប់​​​បាន​​​ទូរស័ព្ទ​​​អាយហ្វូន​​​ជិត​​​៥០០​​​គ្រឿង​​​​​​នៅ​​​ព្រលាន​​​យន្ត​​​ហោះ​​​សៀម​​​រាប​​​ appeared first on ខេមបូឌា ដេលី.