ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កីឡាការិនី​រុ​ស្ស៊ី ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា បាន​បើក​យុទ្ធនាការ​រដូវ​កាល​ឆ្នាំ​ថ្មី​របស់​ខ្លួន​ជាមួយនឹង​ជ័យជម្នះ​ពាន​ជើងឯក​ក្នុង​កម្មវិធី Brisbane International នៅ​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​នាង​បាន​ផ្តួល​គូប្រកួត​យ៉ាង​លំបាក​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃ​សៅរ៍ ទី​១០ ខែមករា កន្លង​មកនេះ ។

កីឡាការិនី​លំដាប់​ទី​២ ពិភពលោក​រូប​នេះ​បាន​ប្រើ​ពេល​អស់​២​ម៉ោង និង​៣៨​នាទី​យកឈ្នះ​នាង​អាណា អីុ​វ៉ា​ណូ​វិច មក​ពី​ប្រទេស​ស៊ែ​ប៊ី​ក្នុង​លទ្ធផល​៦-៧ ,៦-៣ និង​៦-៣ ។

គួរ​កត់​សម្គាល់ថា នេះ​ជា​ពាន​លើក​ទី​៣៤​ហើយ​ក្នុង​អាជីព​របស់​នាង ។  រយៈពេល​១៣​ឆ្នាំ​បន្តបន្ទាប់​គ្នា​មកនេះ សា​រ៉ា​ប៉ូ​វ៉ា តែង​បាន​យកឈ្នះ​ពាន​សមាគម WTA Tour យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ ។

សម្រាប់​សា​រ៉ា​ប៉ូ​វ៉ា ក៏​ដូច​ជា​នាង​អុ​ី​វ៉ា​ណូ​វិច ការ​ប្រកួត​គ្នា​ដ៏​ស្វិតស្វាញ​លើក​នេះ​គឺជា​ការ​ត្រៀមខ្លួន​យ៉ាង​ល្អ​ដើម្បី​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​ធំ Australian Open ដែល​ពួក​គេ​ធ្លាប់​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តង​កាលពី​ឆ្នាំ​២០០៨ ។ នាង​បាន​ថ្លែង​ថា ៖ «​ការ​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​កម្មវិធី​នេះ គឺ​ខ្ញុំ​បាន​គិត​រួច​ហើយ​ថា ការ​ប្រកួត​នឹង​មាន​ភាពស្វិតស្វាញ ។ ជំនួប​រវាង​ពួក​យើង​កាល​ឆ្នាំ​កន្លង​ទៅ​ក៏​ស្វិតស្វាញ​មិន​ខុស​ពី​លើក​នេះ​ដែរ​» ។ នាង​បាន​បន្ត​ថា ៖ «​ខ្ញុំ​ពេញចិត្ត​ប្រកួត​និង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​នៅ​ទី​នេះ ។ ខ្ញុំ​បាន​ឆ្លងកាត់​គូប្រកួត​ខ្លាំង​ៗ៤​នាក់​ផ្សេង​ៗ​គ្នា​» ។

ឯ​នាង​អីុ​វ៉ា​ណូ​វិច​វិញ បាន​និយាយ​ថា ៖ «​ខ្ញុំ​គិត​ថា តាំងពី​ដើម​ដល់​ចប់ វា​ជា​ការ​ប្រកួត​មួយ​ដែល​ប្រកបដោយ​បច្ចេកទេស ។ កំហុស unforced errors ពុំ​មាន​ច្រើន​ទេ ។ ពីរ​សិត​ចុង​ក្រោយ ការ​ប្រកួត​គ្នា​មាន​ភាព​ស្រួច​ស្រាវ​យ៉ាង​ខ្លាំង ។ សម្រាប់​ខ្ញុំ នេះ​គឺជា​ការ​រៀបចំ​ខ្លួន​ដ៏​ល្អ​មួយ​ត្រៀម​ក្របខ័ណ្ឌ​ធំ Australian Open ។ សង្ឃឹម​យ៉ាង​មុតមាំ​ថា ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ​ដូច​ជា​ពេល​នេះ​នៅ​ក្រុង Melbourne ស​ប្តា​ហ៍​ក្រោយ​» ។

ដោយឡែក ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ កីឡាការិនី​រូ​ម៉ា​នី Simona Halep បាន​យកឈ្នះ​ពាន​ជើងឯក​កម្មវិធី Shenzhen Open នៅ​ទីក្រុង Shenzhen ប្រទេស​ចិន ។

Halep បាន​បំបាក់​កីឡាការិនី​ស្វ៊ី​ស Timea Bacsinszky ក្នុង​លទ្ធផល​២​សិត​ផ្ទួន​ៗ គឺ​៦-២ និង​៦-២ ដោយ​ប្រើ​ពេល​អស់​៦២​នាទី ។ សូម​បញ្ជាក់​ថា នេះ​គឺជា​ពាន​សមាគម WTA Tour លើក​ទី​៩ ហើយ​ក្នុង​អាជីព​របស់​នាង ។

កីឡាការិនី​វ័យ​២៤​ឆ្នាំ​រូប​នេះ​ថ្លែង​ថា ៖ «​មុន​ការ​ប្រកួត​ចាប់ផ្តើម ខ្ញុំ​គ្មាន​អារម្មណ៍ល្អ​ទាល់តែ​សោះ ។ តែ​យ៉ាងណា ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​ថា គឺ​គ្មាន​អ្វី​ដែល​ត្រូវ​ចុះចាញ់​នោះ​ឡើយ ។ ទីបំផុត ខ្ញុំ​ដណ្តើម​បាន​ជ័យជម្នះ ។ ខ្ញុំ​មាន​អារម្មណ៍ល្អ​ខ្លាំង​ណាស់​ថ្ងៃនេះ​» ៕