ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​សហរដ្ឋអាមេរិក​បាន​សម្រេចចិត្ត​រើស​យក​ទីក្រុង​បូ​ស្តុ​ន​ធ្វើ​ជា​បេក្ខភាព​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​ឆ្នាំ​២០២៤ ។

ការ​សម្រេច​នេះ​បាន​នាំ​ឱ្យ​បូ​ស្តុ​ន​ឈ្នះ​ទីក្រុង​ដែល​ជា​គូប្រជែង​ធំ​ៗ៣​ផ្សេង​ទៀត​នៅ​សហរដ្ឋអាមេរិក​ក្នុង​នោះ​មាន​ដូច​ជា ក្រុង​វ៉ា​ស៊ី​ន​តោន ក្រុង​ឡូ​ស​អឹ​ន​ជើ​ឡេ​ស និង​សាន​ហ្វ្រា​ន​ស៊ី​ស្កូ ។

អភិបាលក្រុង​បូ​ស្តុ​ន លោក Marty Walsh ថ្លែង​ថា ៖ «​គោលដៅ​របស់​យើង​គឺ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ប្រកប​ទៅ​ដោយ​ភាព​ច្នៃប្រឌិត និង​រាក់ទាក់​» ។

សូម​បញ្ជាក់​ថា ពេលវេលា​កំណត់​ចុង​ក្រោយ​នៃ​ការ​ដាក់​ពាក្យ​ដេញថ្លៃ​របស់​បណ្តា​ទីក្រុង​ទាំងឡាយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា​ខាង​មុខ ។ ចំណែក​ការ​ប្រកាស​ឈ្មោះ​ទីក្រុង​ដែល​នឹង​ទទួល​បាន​សិទ្ធិ​ជា​ម្ចាស់ផ្ទះ គឺ​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​នា​ឆ្នាំ ២០១៧ ។

លោក Anita DeFrantz សមាជិក​ក្រុមប្រឹក្សានាយក​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ថ្លែង​ថា ៖ «​ខ្ញុំ​ចង់​នាំ​យក​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទៅ​កាន់​សហរដ្ឋអាមេរិក​យ៉ាង​ខ្លាំង ។ វា​នឹង​ជួ​​យ​ចែករំលែក​បទ​ពិសោធន៍​ថ្មី​ៗ​ដល់​យុវជន​ជំនាន់​ក្រោយ​» ។

អា​មេ​រិ​ក​គឺជា​ប្រទេស​ទី​៣ បន្ទាប់​ពី​អា​ល្លឺ​ម៉​ង់ និង​អីុ​តា​លី​ដែល​បាន​ប្រកាស​ជា​ផ្លូវការ​ពី​គម្រោង​ចូល​ដេញថ្លៃ​របស់​ខ្លួន ។ គេ​នៅ​ចាំ​បាន​ថា ពេលវេលា​ដែល​ប្រទេស​មហាអំណាច​មួយ​នេះ​ធ្វើ​ជា​ម្ចាស់ផ្ទះ​អូ​ឡាំ​ពិ​ក​លើក​ចុង​ក្រោយ​គឺ​នៅ​ឆ្នាំ​១៩៩៦ ក្នុង​ទីក្រុង​អា​ត្ល​ង់​តា ។

កាលពី​ខែធ្នូ​ឆ្នាំ​កន្លង​ទៅ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​ចេញ​នូវ​សេចក្តី​ព្រាង​អនុសាសន៍​ចំនួន​៤០​ចំណុច​ដើម្បី​កែ​លំអ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​នា​ពេល​អនាគត ។ ក្នុង​នោះ​ក៏​មាន​សេចក្តី​ព្រាង​ស្តី​ពី​ការ​បង្កើន​ចំនួន​ប្រភេទ​កីឡា ក៏​ដូច​ជា​អនុញ្ញាត​ឱ្យ​មានការ​រៀបចំ​ការ​ប្រកួត​វិញ្ញាសា​មួយ​ចំនួន​នៅ​ក្រៅ​ទីក្រុង ឬ​ប្រទេស​ម្ចាស់ផ្ទះ​ផង​ដែរ ។

ពង្រាង​ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​៨ និង​ទី​៩ ខែធ្នូ ឆ្នាំ​២០១៤ អំឡុង​កិច្ចប្រជុំ​រួម​គ្នា​មួយ​នៅ​ប្រទេស​ម៉ូ​ណា​កូ ក៏​មាន​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ពី​សំណាក់​អត្ត​ព​លិ​ក​ជា​ស្ត្រី​ឱ្យ​បាន​៥០​ភាគរយ និង​ព្រមទាំង​កំណត់​ចំនួន​អត្ត​ព​លិ​ក និង​គ្រូបង្ហាត់​។  ឯ​ចំនួន​ពិធីការ​ក្នុង​កម្មវិធី​បើក​ការ​ប្រកួត​ក៏​ដូច​ជា ប្រាក់​វិភាគទាន​របស់ IOC ក៏​ត្រូវ​បាន​កាត់​ចោល​ផង​ដែរ ។

លោក Thomas Bach ប្រធាន IOC មាន​ប្រសាសន៍​ថា ៖ «​សេចក្តី​ព្រាង​អនុសាសន៍​ចំនួន​៤០​ចំណុច​នោះ វា​ហាក់បីដូចជា​សន្លឹក​នៃ​រូបភាព​តូច​ៗ​ដែល​យក​មក​ផ្គុំ​ចូល​គ្នា ។ នៅ​ពេល​ដែល​យើង​ដាក់​វា​ផ្គុំ​ចូល​គ្នា រូបភាព​មួយ​នឹង​ផុស​ឡើង​ដោយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចំណុចរួម​គ្នា​មួយ​នៃ​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក និង​ភាព​ខ្លាំងក្លា​នៃ​ប្រភេទ​កីឡា​នៅ​ក្នុង​សង្គម​ជាតិ​» ៕