ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កំពូល​កីឡាករ​វាយ​កូន​បាល់​របស់​ស្វ៊ី​ស​រ៉ូ​ជើ ហ្វេ​ដឺ​រ័​រ ដណ្តើម​បាន​ជ័យជម្នះ​លើក​ទី​១០០០ ក្នុង​អាជីព​របស់​ខ្លួន​បន្ទាប់​ពី​រូបគេ​បាន​ផ្តួល​កីឡាករ​កា​ណា​ដា Milos Raonic យកឈ្នះ​ពាន​ជើងឯក​កម្មវិធី Brisbane International នៅ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃអាទិត្យ ទី​១១ ខែមករា​កន្លង​មកនេះ ។

ហ្វេ​ដឺ​រ័​រ វ័យ​៣៣​ឆ្នាំ​បាន​បំបាក់ Raonic វ័យ​២៤​ឆ្នាំ​ក្នុង​លទ្ធផល​៦-៤, ៦-៧ និង​៦-៤ ទទួល​បាន​ពាន​លើក​ទី​៨៣ ក្នុង​អាជីព ។

ពេល​នេះ ហ្វេ​ដឺ​រ័​រ​គឺជា​ជន​ទី​៣ បន្ទាប់​ពី​កីឡាករ Jimmy Connors និង​កីឡាករ Ivan Lendl ដែល​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​អាជីព​ដល់​ទៅ​១០០០​លើក ។ គេ​បាន​ថ្លែង​ថា ៖ «​ពេល​នេះ​ដណ្តើម​បាន​ជ័យជម្នះ​លើក​ទី​១០០០​គឺ​មាន​ន័យ​ថា ខ្ញុំ​បាន​ឆ្លងកាត់​ការ​ប្រកួត​ច្រើន​ណាស់ ។ នេះ​ជា​ឱកាស​ដ៏​ពិសេស​បំផុត ខ្ញុំ​នឹង​ចង​ចាំ​វារ​ហូត​» ។

កាល​ឆ្នាំទៅ​មិ​ញ កីឡាករ​លំដាប់​ទី​២​ពិភពលោក​រូប​នេះ​ពុំ​ដណ្តើម​បាន​ពាន​ជើងឯក​ឡើយ ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​លី​តុ​ន ហេ​វីត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។ បើ​គិត​ពី​ឆ្នាំ​២០០១​មក ហ្វេ​ដឺ​រ័​រ ក្នុង​នាម​ជា​ម្ចាស់​ពាន​ក្របខ័ណ្ឌ​ធំ​១៧​ជំនាន់ ក្នុង​មួយ​ឆ្នាំ​យ៉ាង​ហោច​ណាស់​យកឈ្នះ​ពាន​ជើងឯក​ចំនួន​១​លើក ។

ដោយឡែក ក្នុង​ពេល​ដំណាលគ្នា​នោះ​ដែរ កីឡាករ​មិត្ត​រួម​ជាតិ​របស់​គេ Stanislas Wawrinka បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​នាម​ជា​កីឡាករ​លំដាប់​ទី​៤ ពិភពលោក​ដោយ​បាន​យកឈ្នះ​ពាន​ជើងឯក​កម្មវិធី Chennai Open នៅ​ក្រុង Chennai ប្រទេស​ឥណ្ឌា ។

នៅ​ចំពោះ​មុខ​អ្នក​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់​នា​ពហុ​កីឡដ្ឋាន​វាយ​កូន​បាល់ Nungambakkam កីឡាករ​ស្វ៊ី​សរូប​នេះ​បាន​ប្រើ​ពេល​ដល់​ទៅ​១​ម៉ោង​និង​៩​នាទី បំបាក់​បាន​កីឡាករ​ស្លូ​វេ​នី Aljaz Bedene ក្នុង​លទ្ធផល​៦-៣ និង​៦-៤​។ នេះ​គឺជា​លើក​ទី​២ ហើយ​ដែល Wawrinka យកឈ្នះ​ពាន​ជើងឯក​កម្មវិធី​នេះ​បន្ទាប់​ពី​បាន​ចូលរួម​៧​លើក​កន្លង​មក ។

គេ​បាន​ថ្លែង​ថា ៖ «​ខ្ញុំ​មាន​មោទនភាព​យ៉ាង​លើសលប់​ចំពោះ​ជ័យជម្នះ​នៅ​ក្រុង Chennai នេះ​ជា​លើក​ទី​២ ។ ទី​នេះ​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​ការ​ចាប់ផ្តើម​យ៉ាង​ល្អ​មួយ​ក្នុង​រដូវ​កាល ។ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ស្មើគ្នា អំឡុង​ពេល​ប្រកួត​ខ្ញុំ​មិន​បាន​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​នោះ​ទេ​» ។

ជ័យជម្នះ​លើក​នេះ Wawrinka ទទួល​បាន​ប្រាក់​រង្វាន់​៧៣​ពាន់ និង​៤​រយ​ដុល្លារ​អា​មេ​រិ​ក​ខណៈ Aljaz Bedene ទទួល​បាន​៣៦​ពាន់ និង ៦៥០​ដុល្លារ ៕