ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កីឡាការិនី​ដា​ណឺ​ម៉ាក ការ៉ូ​លី​ន វ៉ូ​នី​អាក​គី បាន​បើក​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៥ របស់​ខ្លួន​ជាមួយនឹង​ភាព​បរាជ័យ ខណៈ​កាលពី​ថ្ងៃ​ចន្ទ ទី​១២ មក​រា នាង​បាន​ចាញ់​ក្រោម​ថ្វីដៃ​កីឡាការិនី​ឆែក Barbora Zahlavova Strycova ក្នុង​ជុំ​ទី​១ កម្មវិធី Sydney International ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ។

ការ​បរាជ័យ​របស់​នាង​វ៉ូ​នី​អាក​គី បាន​កើត​មាន​បន្ទាប់​ពី​នាង​របួស​កដៃ​ក្នុង​សិត​ទី​២ ។ អំឡុង​ពេល​ប្រកួត​ក្នុង​សិត​ទី​១ កីឡាការិនី​រូប​នេះ​បាន​ឈប់​សម្រាក​ឱ្យ​គ្រូពេទ្យ​ព្យាបាល​កដៃ​ឆ្វេង​របស់​ខ្លួន​ចំនួន​៣​លើក ។ បន្ទាប់​មក​ក្នុង​សិត​ទី​២ ខណៈ​លទ្ធផល​១-១ នាង​ក៏​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត ។

នាង​បាន​ថ្លែង​ថា ៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា ឈឺ​តិច​ៗ​នៅ​ពេល​វាយ​សឺ​វី​ស​ដំបូង ។ ក្រោយមក ខ្ញុំ​វាយ​បញ្ច្រាស់​ខ្យល់ និង​វាយ​ថែម​ម្តងទៀត គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ដឹង​ថា កដៃ​ខ្ញុំ​ពិតជា​ឈឺ​ខ្លាំង​។ វា​ឈឺ​រាល់ពេល​ដែល​ខ្ញុំ​វាយ​សឺ​វី​ស backhand ។ ខ្ញុំ​ពិតជា​មិន​ចង់ឱ្យ​របួស​នេះ​កាន់តែ​ធ្ងន់ធ្ងរ​នៅ​មុន​ព្រឹត្តិការណ៍ Australian Open នោះ​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ដកខ្លួន​ពី​ការ​ប្រកួត ហើយ​ស្វែងរក​ការ​ព្យាបាល​ឱ្យទាន់​ពេលវេលា​» ។

បើ​ទោះជា​ការ​ព្យាបាល​នៅ​ក្រៅ​តារាង​ប្រកួត​ពុំ​បាន​បន្ថយ​ការ​ឈឺចាប់​លើ​មុខរបួស​ក្តី ប៉ុន្តែ វ៉ូ​នី​អាក​គី នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា ខ្លួន​ពិតជា​អាច​ចូល​លេង​ក្នុង​ព្រឹត្តិការណ៍ Australian Open នៅ​ស​ប្តា​ហ៍​ក្រោយ​បាន ។ នាង​បាន​និយាយ​ថា ៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា វា​ហាក់ដូចជា​កាន់តែ​ឈឺចាប់ ដូច្នេះ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​មិន​អាច​ឈ្នះ​ការ​ប្រកួត​បាន​ទេ បើ​មិន​ប្រើ​សឺ​វី​ស backhand» ។

កាលពី​ស​ប្តា​ហ៍​មុន នាង​វ៉ូ​នី​អាក​គី បាន​យកឈ្នះ​នាង Zahlavova Strycova ៣​សិត​ផ្ទួន​ៗ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កម្មវិធី ASB Classic មុន​ពេល​បរាជ័យ​ក្រោម​ថ្វីដៃ​នាង​វេ​នី​ស វី​លៀម ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ។

សម្រាប់​នាង Barbora Zahlavova Strycova វិញ ក្នុង​ពេល​ឥឡូវនេះ​នាង​នឹង​មានឱកាស​ឡើង​ទៅ​ជួប​ជាមួយ​កីឡាការិនី​ម្ចាស់ផ្ទះ​សា​ម៉ា​ន់​ថា ស្តូ​សួ ដែល​បាន​យកឈ្នះ​នាង Lucie Safarova ក្នុង​លទ្ធផល​៧-៦, ៥-៧ និង​៦-៣ ។

ដោយឡែក​នាង Alize Cornet កីឡាការិនី​ជើង​ខ្លាំង​របស់​បារាំង ក៏​ជួបនឹង​សំណាងអាក្រក់​ផង​ដែរ​បន្ទាប់​ពី​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាការិនី​ប៉ូ​ឡូញ Agnieszka Radwanska ក្នុង​លទ្ធផល​៦-៣ និង​៦-២ ។ ចំណែក​កីឡាការិនី​អា​ល្លឺ​ម៉​ង់ Andrea Petkovic បាន​ចាញ់​កីឡាការិនី​ម្ចាស់ផ្ទះ Jarmila Gajdosova ក្នុង​លទ្ធផល​១-៦ និង​៦-៧ ។

ចំណែក​កីឡាការិនី​ចិន Shuai Peng មាន​វាសនា​ឈាន​ចូល​ទៅ​ជុំ​ទី​២ បន្ទាប់​ពី​ឈ្នះ​កីឡាការិនី​រុ​ស្ស៊ី Anastasia Pavlyuchenkova ក្នុង​លទ្ធផល​១-៦, ៧-៦ និង​៦-៤ ៕