ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់ និង​មិន​ធ្លាប់​ចាញ់​របស់​អង់គ្លេស អាន​តូ​នី ចូ​សួ បាន​សម្រេចចិត្ត​ដកខ្លួន​ពី​ការ​ប្រកួត​ជាមួយ​កីឡាករ​អា​មេ​រិ​ក​ខេ​វី​ន ច​ន​សាន់ ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​នេះ​បន្ទាប់​ពី​មាន​របួស​ខ្នង ។

ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ស្នើ​ឱ្យ​ចូ​សួ ដកខ្លួន​ពី​ការ​ប្រកួត​ក្រោយ​លទ្ធផល​ថត​ស្គែ​ន​បង្ហាញ​ថា កីឡាករ​រូប​នេះ កើត​មាន​ជំងឺ​ឆ្អឹងខ្នង Pars Stress Fracture ។ ចូ​សួ​និយាយ​ថា ៖ «​វា​ជា​របួស​ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ព្យាបាល​ឱ្យ​ជា​សះស្បើយ​យ៉ាង​ឆាប់រហ័ស​» ។

លោក Eddie Hearn អ្នក​រៀបចំ​ការ​ប្រកួត​និយាយ​ថា ៖ «​បន្ទាប់​ពី​ឃើញ​លទ្ធផល​ថត​ស្គែ​ន កីឡាករ​ចូ​សួ​គ្មាន​ជម្រើស​ណា​ក្រៅពី​សម្រាក​នោះ​ឡើយ​» ។ លោក​បាន​បន្ថែម​ថា កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ​សង្ឃឹម​អាច​វិល​វិញ​ក្នុង​ខែមេសា​ខាង​មុខ ។

កាលពី​ពេល​មុន​នេះ ចូ​សួ មាន​គម្រោង​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ខ្លួនឯង​ដោយ​ការ​ឡើង​សង្វៀន​ប្រកួត​ការពារ​ខ្សែក្រវាត់​ស្ថាប័ន WBC ប្រឆាំង​នឹង​កីឡាករ​រអា​មេ​រិ​ក ខេ​វី​ន ច​ន​សាន់ ។ ការ​ប្រកួត​នឹង​រៀបចំ​នៅ​សង្វៀន The O2 Arena ទីក្រុង Greenwich ប្រទេស​អង់គ្លេស ។

បើ​ទោះ​ឯតទគ្គ​កម្ម​ប្រកួត ត្រឹម​១០​លើក តែ ក្នុង​នោះ​ឈ្នះ​ទាំង​១០​លើក និង​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ចំនួន​១០​លើក ។ បច្ចុប្បន្ន​រូបគេ​គឺជា​ម្ចាស់​ខ្សែក្រវាត់​ស្ថាប័ន WBC ។ 

សូម​បញ្ជាក់​ថា ចូ​សួ​ទទួល​បាន​ខ្សែក្រវាត់​ស្ថាប័ន WBC បន្ទាប់​ពី​យកឈ្នះ​កីឡាករ​រុ​ស្ស៊ី Denis Bakhtov ដោយ​ផ្តួល​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​២ កាល​ខែតុលា ឆ្នាំ​២០១៤​។ បន្ទាប់​នៅ​ខែវិច្ឆិកា​ឆ្នាំ​ដដែល គេ​ទទួល​បាន​ជោគជ័យ​ទាំងស្រុង​ក្នុង​ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​នេះ​ប្រឆាំង​នឹង​កីឡាករ​មិត្ត​រួម​ជាតិ Michael Sprott ។

ចំណែក​កីឡាករ​ច​ន​សាន់​វិញ ធ្លាប់​ប្រកួត​បាន​៣៦​លើក ឈ្នះ​២៩​លើក ចាញ់​៦​លើក ស្មើ​ពិន្ទុ​១​លើក និង​ធ្លាប់​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​បាន​ចំនួន​១៤​លើក ។ បច្ចុប្បន្ន កីឡាករ​វ័យ​៣៥​ឆ្នាំ​រូប​នេះ​មិន​មាន​គ្រង​ខ្សែក្រវាត់​ស្ថាប័ន​ណាមួយ​នោះ​ឡើយ ។ ការ​ប្រកួត​៣​លើក​ចុង​ក្រោយ ច​ន​សាន់ ស្គាល់​តែ​ពាក្យ​បរាជ័យ ។ ការ​ប្រកួត​២​លើក​របស់​គេ​ក្នុង​ឆ្នាំ​២០១៤ គឺ​ចាញ់​កីឡាករ​អង់គ្លេស ឌី​រេ​ក ស៊ី​សូ​រ៉ា និង​កីឡាករ​អា​ល្លឺ​ម៉​ង់ ម៉ា​នូ​អែ​ល ឆា ។

បង្ហាញ​ពី​ចំណាប់អារម្មណ៍​ចំពោះ​ការ​លុប​ចោល​ជំនួប​លើក​នេះ ច​ន​សាន់ បាន​បញ្ជាក់​ថា ៖ «​ពិតជា​គួរ​ឱ្យ​សោកស្តាយ ។ សម្រាប់​ខ្ញុំ​វា​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ ។ ចូ​សួ​ជា​កំពូល​ជើង​ខ្លាំង​នៅ​អង់គ្លេស ។ នៅ​ក្នុង​ប្រភេទ​ទម្ងន់​នេះ គេ​ពូកែ​គួរ​ឱ្យ​សរសើរ ។ ចូ​សួ ជា​កីឡាករ​ដែល​មាន​ជំនាញ​ប្រកួត​ល្អ​បំផុត ។ ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​មក​ប្រកួត​នៅ​អង់គ្លេស​លើក​ទី​៦ ។ ប៉ុន្តែ លើក​នេះ​ពិសេស​ជាង​លើក​ណា​ៗ​ទាំងអស់​ខណៈ​គូ​ដែល​ខ្ញុំ​នឹង​ជួប​គឺ​កីឡាករ​វ័យក្មេង​មិន​ធ្លាប់​ចាញ់​។ យ៉ាងណា​ក៏​ដោយ វា​ពិតជា​គួរ​ឱ្យ​សោកស្តាយ​ដែល​ការ​គិត​របស់ខ្ញុំ​ថា ថ្ងៃ​ទី​៣១ មក​រា គឺជា​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ​បំផុត បែរជា​រលាយ​សូន្យ​ទៅ​វិញ​» ៕