ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

បន្ទាប់​ពី​ការ​ចរចា​គ្នា​អស់​ជា​ច្រើន​លើក ការ​ប្រកួត​ប្រដាល់​សាកល​មួយ​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​នោះ​កំពុង​លេច​ចេញ​ជា​រូបរាង​ពិតប្រាកដ​បណ្តើរ​ៗ​ហើយ ខណៈ​កីឡាករ​ម៉ា​នី ប៉ាក់​គី​អាវ និង​ហ្វ្ល​យ មេ​វេ​ដ​ឌ័​រ កាលពីដើម​ស​ប្តា​ហ៍​នេះ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​គ្នា​ពី​កន្លែង​ប្រកួត ។

កីឡាករ​ទាំង​ពីរ​បាន​យល់ព្រម​នឹង​គ្នា​ថា ប្រសិនបើ​ការ​ប្រកួត​នេះ​អាច​កើតឡើង​បាន វា​គួរតែ​ធ្វើ​នៅ​ឯ​សង្វៀន MGM Grand ស្ថិត​ក្នុង​ក្រុង Las Vegas សហរដ្ឋអាមេរិក ។ ពួក​គេ​ទាំង​ពីរ​គឺ​សុទ្ធតែ​ធ្លាប់​ប្រកួត​នៅ​ទី​នេះ​ច្រើន​លើក​ដូច​គ្នា ។ ប៉ាក់​គី​អាវ នៅ​ក្នុង​១២​ប្រកួត​ចុង​ក្រោយ គឺ​មាន​៨​លើក​ដែល​គេ​វាយ​នៅ​ទី​នេះ ខណៈ​មេ​វេ​ដ​ឌ័​រ​១០​ប្រកួត​ចុង​ក្រោយ​របស់​គេ​គឺ​ធ្វើ​នៅ​ទី​នេះ​ទាំងអស់ ។ ដូច្នេះ​ទាំង ប៉ាក់​គី​អាវ ទាំង​មេ​វេ​ដ​ឌ័​រ គឺ​មិន​អាច​ប្រកែក​បាន​ថា ខ្លួន​មិន​ស៊ាំ​នឹង​ទីកន្លែង​នោះ​ទេ ។

យ៉ាងណា​ក៏​ដោយ មក​ទល់​នឹង​ពេល​នេះ កីឡាករ​ទាំង​ពីរ​នៅ​មិន​ទាន់​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តាច់ព្រ័ត្រ​មួយ​នៅឡើយ​ទេ ។ ប៉ុន្តែ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កាសែត​Los Angeles Times ឱ្យ​ដឹង​ថា ការ​ចរចា​កំពុង​ដំណើរការ​ទៅ​មុខ និង​ថា​មាន​ភាព​រីក​ចម្រើន​នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​ដែល​ត្រូវ​បាន​អាក់ខាន​ជិត​ប្រាំ​ឆ្នាំ​មក​ហើយ​នោះ​។

ដោយឡែក ប្រភព​ពី​អាជ្ញាធរ​ប្រដាល់​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​ចរចា​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​សម្រេចចិត្ត​ចុង​ក្រោយ​មួយ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​អំឡុង​៧-១០​ថ្ងៃក្រោយ ។

បញ្ហា​ដ៏​ស្មុគស្មាញ​ដែល​ត្រូវ​ដោះស្រាយ​គឺ​ទាក់ទង​នឹង​ការ​បែងចែក​ប្រាក់​តម្លៃ​ខ្លួន ក៏​ដូច​ជា ចំណូល​ពី​ប្រភព​ផ្សេង​ៗ​បាន​មក​ពី​ការ​ប្រកួត ។ ប្រភព​ពី​កាសែត Los Angeles Times បានឱ្យ​ដឹង​ថា មេ​វេ​ដ​ឌ័​រ ចង់​បែងចែក​៦០-៤០  ។ មាន​ន័យ​ថា រូបគេ​ទទួល​បាន​៦០​ភាគរយ​នៃ​ប្រាក់​សរុប​ទាំងអស់ ខណៈ​៤០​ភាគរយ​ផ្តល់​ឱ្យ ប៉ាក់​គី​អាវ ។ ការ​បែងចែក​នេះ​ហាក់​ទទួល​បាន​ភ្លើង​ខៀវ​ពី​ក្រុម​ប៉ាក់​គី​អាវ ។

នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ Sky Sports កាលពី​ខែ​មុន កីឡាករ​ប្រដាល់​របស់​ហ្វី​លី​ពី​នរូ​ប​នេះ​បាន​និយាយ​ថា លុយ​មិនមែន​ជា​បញ្ហា​សំខាន់​ដែល​រាំងស្ទះ​ដល់​ការ​ជួប​គ្នា​របស់​ពួក​គេ​នោះ​ទេ ។ គេ​បាន​បន្ត​ថា ៖ «​មេ​វេ​ដ​ឌ័​រអា​ច​ទទួល​បាន​ចំនួន​ទឹកប្រាក់​ដែល​គេ​ចង់បាន ។ ខ្ញុំ​បបួល​គេ​ដើម្បី​ប្រកួត​រៃ​អង្គាសប្រាក់​សប្បុរសធម៌​មួយ ។ រហូត​មក​ដល់​ពេល​នេះ​មេ​វេ​ដ​ឌ័​រ​មិន​បាន​យល់ព្រម​ជាមួយ​ខ្ញុំ​នៅឡើយ​ទេ ។ ដូច្នេះ លុយ​មិនមែន​ជា​បញ្ហា​នៅ​ក្នុង​ការ​ប្រកួត​របស់​យើង​នោះ​ទេ ។ ការ​ប្រកួត​នេះ គឺ​សំដៅ​រក​ភាព​ល្បីឈ្មោះ​ច្រើន​ជាង ។ វា​ជា​ការ​ប្រកួត​ដែល​បំពេញចិត្ត​អ្នកគាំទ្រ​របស់​យើង​។ ដូចនេះ វា​គឺជា​ការ​ប្រកួត​ដ៏​ល្អ​មួយ​» ។

ក្រៅពី​កិច្ចសន្យា ការ​ធ្វើតេស្ត​ឈាម កាលបរិច្ឆេទ​ប្រកួត និង​កុងត្រា​រវាង​ទូរទស្សន៍ HBO នឹង Showtime គឺ​សុទ្ធ​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​ឱ្យ​រួចរាល់​មុន​ការ​ប្រកួត ។

យោង​តាម​សេចក្តីរាយការណ៍​មួយ​របស់​កាសែត Manila Standard ប៉ាក់​គី​អាវ បាន​និយាយ​ថា លទ្ធផល​នៃ​ការ​ចរចា និង​កាលបរិច្ឆេទ​ប្រកួត​អាច​ត្រូវ​ប្រកាស​ឱ្យ​ដឹង​នៅ​មុន​ដំណាច់​ខែមករា​នេះ ។ គេ​បាន​បន្ថែម​ថា «​យើង​នឹង​ធ្វើ​សេចក្តី​ប្រកាស​មួយ​នៅ​មុន​ដំណាច់ខែ​នេះ​។ ខ្ញុំ​គិត​ថា ការ​ប្រកួត​នឹង​កើតឡើង​» ៕