ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កីឡាករ​អា​ហ្ស​ង់​ទី​ន ចូ​អាន ម៉ា​ទី​ន ឌែ​ល​ប៉ូ​ត្រូ កំពុង​ឈាន​ឆ្ពោះទៅ​រក​ពាន​ជើងឯក​នៃ​កម្មវិធី Sydney International ខណៈ​កាលពី​ថ្ងៃ​ពុធ គេ​បាន​ឆ្លង​ផុត​ជុំ​ទី​២ ក្នុង​លទ្ធផល​២​សិត​ទល់​នឹង​១​សិត ។ ដូច​ជា​ឆ្នាំ​កន្លង​ទៅ​ដែរ ការ​ប្រកួត Sydney International ឆ្នាំ​នេះ​ត្រូវ​បាន​រៀបចំ​នៅ​ក្នុង​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ។

ឌែ​ល​ប៉ូ​ត្រូ បាន​បំបាក់​គូប្រជែង​មក​ពី​អុ​ី​តា​លី Fabio Fognini ក្នុង​លទ្ធផល​៤-៦, ៦-២ និង​៦-២ ឆ្លង​ចូល​ដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​ដោយ​ក្តី​រីករាយ ។ ជោគជ័យ​នេះ​បញ្ជាក់​ថា របួស​របស់​គេ​ដែល​ប្រើ​ពេល​សម្រាក និង​ព្យាបាល​ដល់​ទៅ​១០​ខែ​នោះ គឺ​បាន​ធូរស្រាល​ច្រើន​ហើយ​។ មួយវិញទៀត វា​គឺជា​រៀបចំ​ខ្លួន​ដ៏​ល្អ​ត្រៀម​ស្វាគមន៍​ក្របខ័ណ្ឌ​ធំ Australian Open នៅ​ស​ប្តា​ហ៍​ក្រោយ​ផង​ដែរ ។

នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ ប៉ូ​ត្រូ ដែល​ជា​អតីត​ជើងឯក​ក្របខ័ណ្ឌ​ធំ US Open បាន​ប្រើ​ពេល​អស់​១​ម៉ោង ៤៨​នាទី និង​ប្រើ​សឺ​វី​ស​ខ្លាំង​បាន​ចំនួន​១១​លើក ។ យ៉ាងណា​ក៏​ដោយ ក្នុង​សិត​ទី​១ គេ​បាន​សុំ​ពេល​ឈប់​សម្រាក​មួយ​លើក​ដើម្បី​ព្យាបាល​របួស​កដៃ ។

នៅ​វគ្គ​បន្ទាប់ កីឡាករ​លំដាប់​ទី​៣៣៨​ពិភពលោក​រូប​នេះ​នឹង​ប៉ះ​ជាមួយ​កីឡាករ​កា​ហ្សា​ក់​ស្ថាន Mikhail Kukushkin ដែល​បាន​ផ្តួល​កីឡាករ Pablo Cuevas ក្នុង​លទ្ធផល​៧-៥ និង​៧-៥ ។

ដំណាលគ្នា​នេះ កីឡា​ករបែល​ហ្ស៊ិ​ក David Goffin បាន​វេចសម្ពាយ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ក្រោយ​ចាញ់​ក្រោម​ថ្វីដៃ​កីឡាករ​អុ​ី​តា​លី Simone Bolelli ខណៈ​កីឡាករ​ម្ចាស់ផ្ទះ Bernard Tomic ផ្តួល​កីឡាករ​អា​ល្លឺ​ម៉​ង់ Philipp Kohlschreiber ក្នុង​លទ្ធផល​៦-៣ និង​៦-៤ ។ កីឡាករ​បារាំង Julien Benneteau យកឈ្នះ​កីឡាករ​កា​ណា​ដា Vasek Pospisil ក្នុង​លទ្ធផល​៧-៦ និង​៦-៣ ។

លទ្ធផល​ផ្នែក​នារី​វិញ កីឡាការិនី​ការពារ​ជើងឯក Tsvetana Pironkova បំបាក់​នាង Strycova ក្នុង​លទ្ធផល​៦-៤ និង​៦-១ ។

ដោយឡែក​នៅ​ក្នុង​កម្មវិធី Heineken Open នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ឯណោះ​វិញ កីឡាករ​បារាំង Adrian Mannarino បាន​ឆ្លង​ផុត​វគ្គ​១/៤ ផ្តាច់ព្រ័ត្រ​ក្រោយ​បំបាក់​កីឡាករ​កូ​ឡុំ​ប៊ី Alejandro Falla ក្នុង​លទ្ធផល​៦-៣ និង​៦-១ ។ ចំណែក​កីឡាករ​ឆែក Jiri Vesely ផ្តួល​កីឡាករ​អា​មេ​រិ​ក Donald Young ក្នុង​លទ្ធផល​៦-២ និង​៦-៣ ខណៈ​កីឡាករ​បារាំង​ម្នាក់​ទៀត Lucas Pouille យកឈ្នះ​កីឡាករ​អេ​ស្ប៉ា​ញ Albert Ramos ក្នុង​លទ្ធផល​២​សិត​ទល់​នឹង​សូន្យ​៦-៣ និង​៦-២ ៕