ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កីឡាករ​ប្រដាល់​អង់គ្លេស គែល ប្រ៊ូ​ក គ្រោង​នឹង​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​ស្ថាប័ន IBF ជា​លើក​ទី​១ របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ខាង​មុខ​ដោយ​ទីកន្លែង គឺ​នៅ​ទីក្រុង​កំណើត Sheffield ។ បន្ទាប់​ពី​នោះ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​មាន​គម្រោង​ជួប​ជាមួយ​កីឡាករ​មិត្ត​រួម​ជាតិ អា​មៀ ខាន់ ។

ដើម​ឡើយ ប្រ៊ូ​ក​ត្រូវ​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​នៅ​ខែធ្នូ ឆ្នាំ​២០១៤ ប៉ុន្តែ​បាន​អាក់​ខានទៅ​វិញ ខណៈ​២​ស​ប្តា​ហ៍​មុន​ការ​ប្រកួត រូបគេ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាក់​ឱ្យ​របួស​ជើង​អំឡុង​ពេល​សម្រាក​លំហែកាយ​នៅ​តំបន់ Tenerife ។

ចំពោះ​សំណួរ​ថា តើ​គូប្រកួត​របស់​គេ​ជា​អ្នក​ណា​នោះ​នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​នា​ស​ប្តា​ហ៍​ក្រោយ ។ ពេល​នេះ គេ​មើលឃើញ​កីឡាករ​២​នាក់​ដែល​ស័ក្តិសម​ក្នុង​នោះ​គឺ អតីត​ម្ចាស់​ជើងឯក​ពិភពលោក ប៉ូ​លី ម៉ា​លី​ណា​ក់​គី និង Lonut Dan Lon មក​ពី​ប្រទេស​រូ​ម៉ា​នី ។

លោក Eddie Hearn អ្នក​រៀបចំ​ការ​ប្រកួត​បាន​ថ្លែង​ថា ៖ «​លទ្ធផល​ឆ្នាំ​កន្លង​ទៅ គឺ​មាន​ល្អ​និង​មិនល្អ ហើយ​ភាព​ក្លាហាន​ដែល​រូបគេ​មាន​អំឡុង​ការ​ប៉ុនប៉ង​យក​ជីវិត​របស់​គេ​ដោយ​ជន​មិន​ស្គាល់​មុខ​គឺ​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ។ នៅ​ពេល​រូបគេ​ដណ្តើម​បាន​ខ្សែក្រវាត់​ពី​កីឡាករ​អា​មេ​រិ​ក Shawn Porter មនុស្ស​មួយ​ចំនួន​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង ។ ការ​ពិត​គឺថា ប្រ៊ូ​ក គឺជា​កីឡាករ​ដ៏​ពិសេស​ម្នាក់ ហើយ​ខ្ញុំ​ជឿ​ថា គេ​នឹង​អាច​ឯកភាព​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៦,៦៧​គីឡូក្រាម​បាន​» ។

ប្រ៊ូ​ក​បច្ចុប្បន្ន​គឺជា​ម្ចាស់​ខ្សែក្រវាត់​ស្ថាប័ន IBF ក្នុង​ប្រភេទ​ទម្ងន់ Welterweight ។ គេ​ដណ្តើម​បាន​ខ្សែក្រវាត់​នេះ​ក្រោយ​ឈ្នះ​កីឡាករ Shawn Porter ដោយ​ពិន្ទុ​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០១៤ នៅ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក ។ នៅ​ក្នុង​ការ​ប្រកួត​៣៣​លើក គេ​មិន​ដែល​ចាញ់​ម្តងណា​ឡើយ ។ អ្វី​ដែល​កាន់តែ​ពិសេស​គឺ​គេ​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២២​លើក​ទៀត​ផង ៕