គម្រោង​ផ្លូវ​លឿន​ទៅ​ព្រលាន​យន្តហោះ​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​គ្រួសារ​ប៉ះពាល់

គម្រោង​ផ្លូវ​លឿន​ទៅ​ព្រលាន​យន្តហោះ​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​គ្រួសារ​ប៉ះពាល់

រូប​ភាពឯកសារ៖ បុរស​ម្នាក់​បណ្តើរ​កង់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៤។ (នូវ​ ពៅ​លក្ខិណា/VOAប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រទេះ​ភ្លើង​ ដែល​នឹង​ស្ថិត​នៅ​ក្រោម​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទៅ​កាន់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បាន​បង្ហាញ​ក្តី​បារម្ភ ​និ​ង​មន្ទិល​សង្ស័យ​ជុំវិញ​ការ​ផ្តល់​ប្រាក់​សំណង​ទៅ​ដល់​សហគមន៍​ ដែល​នឹង​រង​ផល​ប៉ះពាល់​នោះ។ ភ្នំពេញ—

ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រទេះ​ភ្លើង​ ដែល​នឹង​ស្ថិត​នៅ​ក្រោម​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ទៅ​កាន់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បាន​បង្ហាញ​ក្តី​បារម្ភ ​និ​ង​មន្ទិល​សង្ស័យ​ជុំវិញ​ការ​ផ្តល់​ប្រាក់​សំណង​ទៅ​ដល់​សហគមន៍​ ដែល​នឹង​រង​ផល​ប៉ះពាល់​នោះ។ ​ក្តី​បារម្ភ​នេះ​កើត​ឡើង​ ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​អំពី​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​នៅក្នុង​ពិធី​សម្ភោធ​ស្ពាន​អាកាស​៥មករា​ កាល​ពី​ដើម​ខែ​មករា។​

ប្រជា​ពលរដ្ឋ​តាម​បណ្តោយ​ផ្លូវ​រទេះ​ភ្លើង​ដែល​ VOA ​បាន​ជួប​សម្ភាសន៍​ បាន​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​នេះ។ ក៏ប៉ុន្តែ​ អ្វី​ដែល​ជា​កង្វល់​របស់​ពួកគេ​គឺ​ការ​ផ្តល់​ប្រាក់​សំណង​ ដែល​អាច​នឹង​មិន​ស្រប​ទៅ​នឹង​តម្លៃ​ទីផ្សារ​ ដូច​ដែល​ធ្លាប់​កើត​មាន​កន្លង​មក។ មួយ​វិញ​ទៀត​គឺ​ការ​ផ្លាស់​ប្តូរ​លំនៅ​ទៅ​តំបន់​ដាច់​ស្រយាល​ឆ្ងាយ​ខ្លាំង​ពី​សាលារៀន ​ឬ​កន្លែង​ធ្វើការ ​ដែល​អាច​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​ដល់​ជីវភាព​ និង​សុខមាលភាព​នៃ​ការ​រស់នៅ​របស់​ពួកគេ។

លោក​ ផុង​ ប្រុស ​វ័យ​៤២ឆ្នាំ ​ជា​តំណាង​អ្នក​រស់នៅ​ក្នុង​ភូមិ​១៧ ​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ឲ្យ​ដឹង​ថា ​ខាង​សហគមន៍​គ្មាន​ការ​ជំទាស់​ចំពោះ​គម្រោង​អភិវឌ្ឍន៍​នេះ​ឡើយ​ ដរាប​ណា​ពួកគេ​ទទួល​បាន​សំណង ​និង​ការ​ដោះស្រាយ​ដោយ​សមស្រប​នោះ។

«សំខាន់​នៅ​លើ​ផល​ប៉ះពាល់ ​ហើយ​ហ្នឹង​សំណង​ មិន​ដឹង​ជា​ខាង​ក្រុមហ៊ុន​ជា​អ្នក​ដោះស្រាយ​ ឬ​រាជ​រដ្ឋាភិបាល​។ សំណង​ហ្នឹង​មិន​ដឹង​ថា​ គេ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​របៀប​ណា។ តាមពិតទៅ​ពួកខ្ញុំ​ទាំង​អស់​គ្នា​ភ័យខ្លាច​ដូច​អ្នក​មុនៗ​បុរីកីឡា ​បឹងកក់​អី​ជាដើម។ ភ័យ​ព្រួយ​បំផុត​គឺ​ខ្លាច​តែ​សំណង​នឹង​បាន​មក​មិន​សមរម្យ ​ផុត​មុខ​ផុត​ក្រោយ។ ​ទីបំផុត​លុយ​ដែល​បាន​មក​គឺអស់​អាលីង»។

បើ​តាម​អ្នក​តំណាង​សហគមន៍​រូប​នេះ​ ដោយ​សារ​តែ​ការ​អនុវត្ត​គម្រោង​នេះ​នៅ​មាន​ភាព​ស្រពិច​ស្រពិល​នៅឡើយ​ ហេតុនេះ​ទើប​ប្រជា​ពលរដ្ឋ​ចាប់​ផ្តើម​ស្នើសុំ​ទាមទារ​ឲ្យ​មាន​វេទិកា​សាធារណៈ​មួយ​សម្រាប់​បំភ្លឺ​អំពី​គម្រោងផ្លូវ​ល្បឿន​លឿន​ដែល​នឹង​សាងសង់​ពី​លើ​ផ្លូវ​រទេះភ្លើង​នេះ។​

«ចឹង​បាន​យើងខ្ញុំ​ទាំងអស់​គ្នា​មាន​ក្តីបារម្ភ ហើយ​បបួល​គ្នា​ដើម្បី​ចង់​ដឹង​ព័ត៌មាន​ ហើយ​នាំ​គ្នា​ទៅ​សុំ​បើក​វេទិកា​សាធារណៈ​ ដើម្បី​ចោទ​សួរ​រវាង​ក្រសួង​រវាង​ក្រុមហ៊ុន​ និង​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​តាម​ផ្លូវ​ដែក»។

កាល​ពី​ដើម​សប្តាហ៍​នេះ​ ពលរដ្ឋ​ជាង១០០​នាក់ មក​ពី​សហគមន៍​ចំនួន​៨​តាម​ផ្លូវ​រទេះភ្លើង​បានជួបជុំ​គ្នា​នៅ​មុខក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ទាមទារ​ឲ្យ​រៀបចំ​វេទិកា​សាធារណៈ​មួយ ដើម្បី​ពិភាក្សា​គ្នា​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​នេះ។

នៅ​រសៀល​ថ្ងៃ​សុក្រនេះ​ មាន​ជំនួប​រវាង​តំណាង​សហគមន៍​ផ្លូវ​រទេះភ្លើង ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សាធារណៈការ​ម្តង​ទៀត ​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​បើក​វេទិកា​សាធារណៈ។ ការ​ឆ្លើយ​តប​សំណើ​នេះ​នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ។​

លោក អៀង វុទ្ធី ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ដែល​ផ្តល់ជំនួយ​ផ្នែក​តស៊ូ​មតិ​ទៅ​ដល់​ជន​រងគ្រោះ​ផ្លូវ​រទេះភ្លើង​ឲ្យ​ដឹង​ថា​ ប្រជាជន​ទាំង​នោះ​មាន​ភាព​ភ័យខ្លាច​ថា​ ការ​ចាកចេញ​ពី​កន្លែង​ដែល​ពួក​គេ​រស់នៅ​អាច​ធ្វើ​ឲ្យ​ពួក​គេ​រងគ្រោះ ​និង​ប្រឈម​នឹង​ជីវភាព​លំបាក​ បើសិន​ជា​គ្មាន​សំណង​សមស្រប​នោះ​។

«ចឹង​ហើយ​ប្រជាពលរដ្ឋ ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល​ ក៏ដូចជា​អ្នក​ដែល​ពាក់ព័ន្ធ​ឲ្យ​ធ្វើការ​បង្ហាញ​នូវ​ព័ត៌មាន​លម្អិត ​ក៏​ដូចជា​មាន​ការ​ពិគ្រោះ​ជាមួយ​ប្រជា​ពលរដ្ឋ​មុន​ការ​អនុវត្ត​គម្រោង​ជៀសវាង​បញ្ហា​ប៉ះពាល់​ដល់​ជីវភាព​ក៏​ដូចជា​ការ​រស់នៅ‍»។

លោក អៀង វុទ្ធី ​ពន្យល់​ថា​ ការ​ពិភាក្សា​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​អាច​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ ​និង​សាធារណជន​ទទួល​ផល​ប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍន៍​នេះ។

លោក​ សៀ​ ភិរម្យ​ នាយក​លេខា​ធិការ​ដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ​ឲ្យ​ដឹង​ថា ​សំណង​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ផ្លូវ​រទេះភ្លើង​អាច​នឹង​មាន​ចំនួន​តិច​តួច​ជាង​ បើ​ធ្វើ​ការ​ប្រៀបធៀប​នឹង​សហគមន៍​បឹងកក់​ ឬ​បុរីកីឡា។ ការ​លើក​ឡើង​នេះ​ដោយ​ហេតុ​ថា​ ចំណី​ដី​អម​ផ្លូវ​រទេះ​ភ្លើង​គឺ​ជា​ដី​សាធារណៈរដ្ឋ ​ដែល​រដ្ឋាភិបាល​អះអាង​ថា​ ប្រជា​ពលរដ្ឋ​មក​រស់​នៅ ​និង​កាន់​កាប់​ដោយ​ខុស​ច្បាប់។ ទោះ​ជាយ៉ាងនេះ​ក្តី ​លោក សៀ​ ភិរម្យ ​យល់​ថា​ រាជរដ្ឋាភិបាល​គប្បី​យក​យន្តការ​ឈ្នះ ឈ្នះ​មក​ដោះ​ស្រាយ​បញ្ហា​នេះ។​

«ដោយសារ​តែ​យើង​ឃើញ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ការ​ផ្លាស់ប្តូរ​ច្រើន ដូច​ជា​គាត់​ឈប់​យក​លុយ​អ្នក​ធ្វើ​ដំណើរ​ផ្លូវ​វេងស្រេង ផ្លូវ​ជាតិលេខ​៤ ​ចឹង​ខ្ញុំ​គិតថា ​ប្រហែល​ជា​នាយក​រដ្ឋមន្ត្រី​អាច​ពិចារណា​ដែរ​។ អ្នក​ក្រីក្រ​នៅ​តាម​ផ្លូវ​រទេះ​ភ្លើង​ យើងគួរ​តែ​យកយុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ។ ឈ្នះ​ទាំង​អ្នក​ក្រីក្រ​ ឈ្នះ​ទាំង​ក្រុមហ៊ុន​ ទាំង​រដ្ឋ។ យើង​រក​កន្លែង​ណា​ដែល​សមរម្យ​ ហើយ​ចរចារ​គ្នា​ ជាពិសេស​គឺ​ការ​បើក​ឲ្យ​មាន​វេទិការ​សាធារណៈ ​ដើម្បី​ឲ្យ​ពេញចិត្ត​ទាំងអស់​គ្នា»។

VOA មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​សាលា​រាជធានីភ្នំពេញ​ និង​ក្រសួង​សាធារណៈការ​បាន​ទេ​នៅថ្ងៃ​សុក្រ​នេះ។​

គម្រោង​នៃ​ការ​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ចាប់​ផ្តើម​ពី​ផ្លូវ​រទេះ​ភ្លើង​ទៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ​មាន​ប្រវែង​ប្រហែល​ជាង​៩គីឡូម៉ែត្រ​ ដែល​ទទួល​បន្ទុក​ដោយ​ក្រុមហ៊ុន​ចិន​នេះ​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​កាល​ពី​ខែកញ្ញា ​ឆ្នាំ​២០១៥​កន្លង​ទៅ។ គម្រោង​ផ្លូវ​ល្បឿន​លឿន​បង់​ថ្លៃ​នេះ​គឺជា​យន្តការ​មួយ​ ដើម្បី​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​ បន្ថែម​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ ​ព្រម​ទាំង​លើក​កម្ពស់​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ ទេសចរណ៍​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថែម​ទៀត​ផង​ដែរ។

ក៏ប៉ុន្តែ​ការ​សិក្សា​លើ​ផល​ប៉ះពាល់ ​និង​ការ​តាំង​លំនៅ​ថ្មី​មិន​ទាន់​ត្រូវ​បាន​គេ​បង្ហាញ​ជា​សាធារណៈ​នៅ​ឡើយ​នោះ​ទេ។ ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​មាន​ការ​ភ័យខ្លាច​ចំពោះ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដូច​សហគមន៍​បឹង​កក់ ​និង​បុរីកីឡា៕