ទេស ជីវ៉ា សាកជាមួយអ្នកប្រដាល់ជើងចាស់សេក គឹមភាព

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន CTN រសៀល​ថ្ងៃទី​១៦​មករា​អ្នក​ប្រដាល់​ទេស ជីវ៉ា​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ជើងចាស់​សេក គឹម​ភាព​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ។​

​    ​នេះ​ជាការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។ ជីវ៉ា​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មែន​តែ​គេ​កំពុងតែ​រាតត្បាត​បំបាក់​អ្នក​ ប្រដាល់​ជើងចាស់​បាន​មិនតិច​ឡើយ ។ ទោះបី​បទពិសោធន៍​របស់គេ​ស្ទើរ​មែន​ក៏ដោយ​តែ​របៀប​វ៉ៃ​របស់គេ​មិន​អន់​នោះទេ ។​

​    ​ចំពោះ​គឹម​ភាព​ក៏​មិនសូវមាន​ស្នៀត​ប៉ុន្មាន​ទេ​តែ​គេ​វ៉ៃ​អាង​កម្លាំង​ ច្រើន​ជា​វ៉ៃ​តាម​ស្នៀត ។ ទោះជា​យ៉ាងណា​ក៏​គឹម​ភាព​ចាស់វស្សា​ជាង​ដែរ ។ សម្រាប់​ការប្រកួត​នេះ​ទាំងសងខាង​សុទ្ធតែ​មានឱកាស​ដើម្បី​ឈ្នះ​ដូចគ្នា​តែ​ មិនដឹងថា​នរណា​ជា​អ្នកឈ្នះ​នោះឡើយ ។​

​    ​សុខ ចិន្ដា​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មៀ​ច សុខ​រ៉ា​ក្លិប​តា​ព្រហ្ម​មានជ័យ ។ អ្នក​ប្រដាល់​ទាំង  ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​
​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធតែ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដូចគ្នា ហើយ​មានឱកាស​ឈ្នះ​ដូចគ្នា ។ ចាំមើល​ការ​ប្រកួត​នេះ​នរណា​ជួប​សំណាងល្អ ។​

​     ​ធន ចាន់​តាក់​សមាគម​ក្រសួង​ការពារជាតិ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​យស់ សំ​អាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

​    ​នេន វណ្ណៈ សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គង់ វិចិត្រ​ក្លិប​កងពលតូច​លេខ​ ៧០ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម និង អ្នក​ប្រដាល់​ឃិន សុវណ្ណ​និល​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​ឡាញ់ ប៊ុណ្ណា​ក្លិប​តា​ព្រហ្ម​មានជ័យ ។​