ប្រទេស​ចិន​បង្កើន​តួនាទី​ធំ​ជាង​មុន​នៅ​ក្នុង​នយោបាយ​នៅ​មជ្ឈឹមបូព៌ា

ប្រទេស​ចិន​បង្កើន​តួនាទី​ធំ​ជាង​មុន​នៅ​ក្នុង​នយោបាយ​នៅ​មជ្ឈឹមបូព៌ា

ព្រះ​អង្គ​ទាយាទ​របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម និយាយ​ជាមួយ​លោក​ ស៊ី ជីន ពីង (Xi Jinping) ប្រធានាធិបតី​ចិន (រូប​កណ្តាល) ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ​នៅ​អគារ Great Hall of the People ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥។

អ្នក​វិភាគ​យល់​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង​ (Xi Jinping) ទៅ​កាន់​មជ្ឈឹមបូព៌ា នៅ​សប្តាហ៍​ក្រោយ​នេះ គឺ​ជា​សញ្ញា​នៃ​គោលបំណង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ក្នុង​ការ​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​កិច្ចការ​របស់​បណ្តា​ប្រទេស​នៅ​មជ្ឈឹមបូព៌ា។

រដ្ឋាភិបាល​ចិន​មិន​ទាន់​ប្រកាស​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ី ជីនពីង​ ទៅ​កាន់​មជ្ឈឹមបូព៌ា​ឲ្យ​បាន​ជាក់លាក់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ និង​ប្រទេស​អេហ្ស៊ីប​បាន​ឲ្យ​ដឹង​ថា លោក ស៊ី ជីនពីង នឹង​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​តំបន់​នេះ​ នៅ​ថ្ងៃ​ទី​២០ ​ខែ​មករាសប្តាហ៍​ក្រោយ​នេះ។ ​

នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល​១២ឆ្នាំរបស់​លោក ស៊ី ជីនពីង​ ទៅ​កាន់​ប្រទេស​ទាំង​២​នេះ។ គេ​រំពឹង​ថា លោក ស៊ី ជីនពីង ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ផង​ដែរ។ ​

ប្រទេស​ចិន​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​កាន់​តែ​ច្រើន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​នៅ​មជ្ឈឹមបូព៌ា។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ចេញផ្សាយ​ឯកសារ​គោលនយោបាយ​របស់​ខ្លួន​លើក​ដំបូង​បង្អស់​អំពី​ពិភព​អារ៉ាប់​កាល​ពី​ថ្ងៃ​ពុធ​ទី​១៣ ​ខែ​មករា ដោយ​សន្យា​ថា​នឹង​គាំទ្រ​រដ្ឋាភិបាល​អារ៉ាប់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ តាមរយៈ​សហប្រតិបត្តិការ​សន្តិសុខ​រយៈពេល​វែង ការ​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ និង​សហប្រតិបត្តិការ​បច្ចេកទេស​ផង​ដែរ។ កាល​ពី​ខែ​ធ្នូ ចិន​បាន​ទទួល​ស្វាគមន៍​ឧបនាយក​រដ្ឋមន្រ្តី​ស៊ីរី គឺ​លោក Walid al-Moallem និង​អ្នក​តំណាង​របស់​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​ផង​ដែរ។

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​បញ្ជូន​អនុ​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​របស់​ខ្លួន​គឺ​លោក Zhang Ming ទៅ​កាន់​ប្រទេស​អារ៉ាប៊ី​សាអូឌីត និង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ជួយ​បន្ធូរ​បន្ថយ​ភាព​តានតឹង​ដែល​បណ្តាល​មក​ពី​ការ​កាត់ទោស​ប្រហារជីវិត​បព្វជិត​កាន់​សាសនា​ឥស្លាម​និកាយ Shi'ite ដ៏​សំខាន់​មួយ​រូប និង​ការ​វាយប្រហារ​ទៅ​លើ​ស្ថានទូតរបស់​អារ៉ាប៊ី​សាអូឌីត​នៅ​ក្នុង​រដ្ឋធានី​តេហេរ៉ង់​នោះ៕​