អាហារ​សង្វាក់​ កំពុងមាន​ប្រជាប្រិយភាព​នៅ​ខេត្តសៀមរាប​

Doliprane TVC

​នៅ​ទឹកដី​ខេត្តសៀមរាប​ដែល​ប្រជាពលរដ្ឋ​ទូទៅ​បានដឹងថា ជា​ខេត្ត​មួយ​សម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍វប្បធម៌​ដ៏​សម្បូរបែប មានឈ្មោះ​បោះ​សំឡេង​នៅលើ​ឆាក​អន្តរជាតិ​ថែម​ទៀតផង ។ ក្រៅពីនេះ​ខេត្តសៀមរាប​នៅមាន​ម្ហូបអាហារ​ល្បីៗ​ជាច្រើន​ទៀតសម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ជាតិ និង អន្តរជាតិដែល​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​ខេត្ត​នេះ ។ បន្ទាប់ពី​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​ហើយ នៅពេល​ល្ងាច​ភ្ញៀវទេសចរ​តែងតែ​នាំគ្នា​ទៅ​លម្ហែកាយ​ក៏ដូចជា​នាំ​ក្រុមគ្រួសារ​ទៅ​ហូបចំណីអាហារ​នៅលើ​ផ្លូវ​លេខ ៦០ ដែល​ស្ថិតនៅក្នុង​ក្រុង​សៀមរាប​នេះ​តែម្តង ។ ម្ហូបអាហារ​ល្បីៗ​ទាំងនោះ​មានដូចជា នំ​បញ្ចុក​ព្រះ​ដាក់​ក្រឡាន​សៀមរាប កង្កែបបោក និង សង្វាក់ ជាដើម ។

អាហារ​សង្វាក់​ កំពុងមាន​ប្រជាប្រិយភាព​នៅ​ខេត្តសៀមរាប​

អ្វីដែល​ប្លែក​នៅទីនេះ​គឺ​មានតែ​សង្វាក់ ជា​ប្រភេទ​អាហារ​ថ្មី​មួយ​ដែល​ទើបតែ​នាំចូល​ខេត្តសៀមរាប តែ​សង្វាក់​នេះ​មាន​ប្រជាប្រិយភាព​ខ្លាំងណាស់ ក្នុង​មួយថ្ងៃៗមាន​អ្នក​ទៅ​ទទួលទាន​ច្រើន​កុះករ ដោយសារ​ទី ១ សង្វាក់​មាន​រសជាតិ​ឆ្ងាញ់​ប្លែក ទី ២ មានតម្លៃ​សមរម្យ ទី ៣ ជា​ប្រភេទ​អាហារ​បំប៉ន​សុខភាព ទី ៤ អាច​ហូប​ជំនួស​អាហារ​ពេល​ល្ងាច ។ ​បើ​និយាយ​ពី​ប្រភពដើម​នៃ​អាហារ​សង្វាក់​នេះ​តាម​បងស្រី លីន ដែលជា​ម្ចាស់​តូប​លក់​អាហារ​សង្វាក់​ដាច់​ជាងគេ​ក្នុងចំណោម​តូប​ផ្សេងៗ នៅតាម​បណ្តោយ​ផ្លូវ​លេខ ៦០ បាន​ប្រាប់​ឱ្យដឹងថា អាហារ​សង្វាក់​នេះ មាន​ដើមកំណើត​ដំបូង​នៅក្នុង​ទឹកដី​នៃ​ខេត្តបាត់ដំបង កើតឡើង​ពី​គំនិត​ច្នៃប្រឌិត​របស់​ខ្មែរ​យើង ហើយ​បងស្រី លីន ជា​អ្នកស្រុក​ខេត្តបាត់ដំបងនោះដែរ ។

អាហារ​សង្វាក់​ កំពុងមាន​ប្រជាប្រិយភាព​នៅ​ខេត្តសៀមរាប​

​ដោយ​បងស្រី​មានគំនិត​រកស៊ី​ក៏​យក​អាហារ​សង្វាក់​ដែល ធ្លាប់តែ​ល្បីល្បាញ​នៅលើ​ទឹកដី​ខេត្តបាត់ដំបង​នោះមក​លក់​នៅ​ខេត្តសៀមរាប​នេះ ហើយក៏​ធ្វើឱ្យ​អាហារ​មួយ​នេះ​មានឈ្មោះ​ល្បីល្បាញ​នៅក្នុង​ខេត្តសៀមរាប​បន្តទៀត មិន​ចាញ់​នំ​បញ្ចុក​ព្រះ​ដាក់​របស់​ខេត្តសៀមរាប​ឡើយ ។ ​បងស្រី លីន បាន​បន្តទៀតថា​«​ខ្ញុំ​បានមក​លក់​អាហារ​សង្វាក់​លើផ្លូវ ៦០ នេះ​អស់​រយៈពេល ៤ ទៅ ៥ ឆ្នាំ​មកហើយ ។ កាលពី​មក​លក់​ដំបូង​ក្នុង​មួយថ្ងៃ​មិនអាច​លក់​អស់ ១០០ សង្វាក់​ឡើយ មិនសូវ​កាក់កប​ដូច​សព្វថ្ងៃនេះ​ទេ ផ្ទុយស្រឡះ​ពីគ្នា​ឆ្ងាយ​ណាស់​ដែល​ឥឡូវនេះ​មាន​មនុស្សម្នា​ចូលមក​ទទួលទាន​ច្រើនរកតែ​កន្លែង​ឱ្យ​ភ្ញៀវ​អង្គុយ​សឹងតែ​មិនបាន​ផង ហើយ​ម្យ៉ាងទៀត​រកតែ​អ្នក​អាំង​សង្វាក់ និង ដាក់​សង្វាក់​ឱ្យ​ភ្ញៀវ​ទទួលទាន​ស្ទើរតែ​មិនទាន់​ផង ។

អាហារ​សង្វាក់​ កំពុងមាន​ប្រជាប្រិយភាព​នៅ​ខេត្តសៀមរាប​

មួយវិញទៀត​ភ្ញៀវ​ខ្លះ​ពេល ឃើញ​មនុស្ស​ច្រើន​ដូច្នេះ​គេ​មិន​ចាំ​ហូប​នៅទីនេះ​ទេ តែ​ភ្ញៀវ ទាំង​នោះបាន​កុម្ម៉ង់​យកទៅ​ហូប​នៅឯ​ផ្ទះ​វិញ និយាយ​រួម​ទៅ សព្វថ្ងៃនេះ​លក់ដាច់​ខ្លាំង​មែនទែន​» ។​
​បងស្រី លីន ម្ចាស់​តូប​លក់​សង្វាក់​ដែលមាន​ស្លាក​យីហោ​ថា​«​សង្វាក់​បាត់ដំបង​»​បាន​ប្រាប់​បន្ថែម​ពី​របៀប ធ្វើ​សង្វាក់​ថា សង្វាក់​ធ្វើ​ពី​សាច់​ត្រី​កិន​ឱ្យ​ម៉ដ្ឋ បន្ទាប់មក​ទើបយក​សាច់​ត្រី​ទាំងនោះ​ខ្ចប់​ស្លឹកចេក​ទំហំ​ប៉ុនៗ​មេដៃ​ប្រវែង​មួយ​ចង្អុលដៃ​ដូច​របៀប​ធ្វើ​ណែម​ដែរ តែមាន​រូបរាង​ខុសគ្នា ហើយ​ណែម​ធ្វើ​រួច​ទុកឱ្យ​ជូរ​បន្តិច​អាច​ហូប​បាន តែ​សង្វាក់​មិនហូប​ដូច​ណែម​នោះទេ ។​

​សង្វាក់​ដែល​យកមក​ថ្មីៗ​ត្រូវ​យកទៅ​អាំង​ឱ្យ​ឆ្អិន ហើយ​មាន​បន្លែ បន្លុក​គ្រប់មុខ​មាន​ទាំង​នំ​បញ្ចុក បូករួម​នឹង​ទឹកជ្រលក់​ផងដែរ​ទើប​ធ្វើឱ្យ សង្វាក់​នេះ​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់ ។ ចំណែក​បន្លែ​វិញ​មាន​ច្រើន​ដូចជា​ស្ពៃក្តោប សាលាដ ត្រសក់ និង ជីរ​គ្រប់មុខ ។ ​ចំណែក​របៀប​ទទួលទាន​វិញ​ដើម្បីឱ្យ​ឆ្ងាញ់​ពិសា ដំបូង​ត្រូវ​លាងដៃ​ឱ្យ​ស្អាត ហើយ​បក​ស្លឹកចេក​យក​សង្វាក់​ដែល​អាំង​ឆ្អិន​នោះ​ទៅ​ផ្ទាប់​ជាមួយ​បន្លែ​បន្តិច រួម​នឹង​នំ​បញ្ចុក​បន្តិច ហើយ​ជ្រលក់​ទឹកជ្រលក់​បន្ថែម​ឱជា​រស នោះ​នឹង​ធ្វើឱ្យ​លោកអ្នក​ឆ្ងាញ់​ជាប់មាត់ ហូប​ម្តង​ហើយនឹង​នឹក​អាល័យ​ចង់​ហូប​ម្តងទៀត ។​

អាហារ​សង្វាក់​ កំពុងមាន​ប្រជាប្រិយភាព​នៅ​ខេត្តសៀមរាប​

​ចំណែក​បងប្រុស បញ្ញា មាន​ស្រុកកំណើត​មកពី​ខេត្តកំពង់ចាម​មក រៀន​ថ្នាក់​បរិ​ញ្ញា និង មក​ធ្វើការ​នៅក្នុង​ខេត្តសៀមរាប​អស់​រយៈពេល ៧ ទៅ ៨ ឆ្នាំ​មកហើយ​នោះ ដែល​មក​ហូប​អាហារ​សង្វាក់​ជាមួយ​មិត្តស្រី​ដែរនោះ​បាន​ប្រាប់ថា ពួកគាត់​ឧស្សាហ៍​នាំគ្នា​មក​ញ៉ាំ​សង្វាក់​នៅទីនេះ​ណាស់ តែម​កនៅ​ថ្ងៃ​ចុង​សបា្តហ៍​ជា​ថ្ងៃ​ដែល​អ្នក​ទាំងពីរ​បា​នស​ម្រាក​ពី​ការងារ ។ លោក​មាន​អារម្មណ៍​ធម្មតា​ទេ ប៉ុន្តែ​សម្រាប់​ស្រីៗ​វិញ​តែងតែ​និយាយថា​ឆ្ងាញ់​ជាប់មាត់ ក្រោយពី​ញ៉ាំ​សង្វាក់​បាត់ដំបង​របស់​បងស្រី លីន ។​

​ចំណែក​ប្អូនស្រី សាវឿន ដែល​ទៅ​ទីនោះ​ជាមួយ​បងប្រុស បញ្ញា បាន​ប្រាប់ថា ពេល​មក​ទីនេះ​ពេលខ្លះ​ក៏​ញ៉ាំ​នំ​បញ្ចុក ហើយ​ពេលខ្លះ​ក៏​មក​ញ៉ាំ​សង្វាក់​នៅទីនេះ ។ សម្រាប់​ប្អូនស្រី​វិញ​ចូលចិត្ត​ខ្លាំងណាស់​ចំពោះ​រសជាតិ​អាហារ​សង្វាក់​នេះ ពេល​ញ៉ាំ​រួចហើយ​ចេះតែ​ចង់​មក​ញ៉ាំ​ម្តងទៀត​ព្រោះ​វា​មាន​រសជាតិ​ប្លែក ហើយ​ពេល​ញ៉ាំ​នោះគេ​មាន​ទឹកជ្រលក់ ហើយ​យើង​ដាក់​ម្ទេស​តិចៗ​ទៅ​ដើម្បី​បន្ថែម​ឱជា​រស បូករួម​ទាំង​នំ​បញ្ចុក​ផ្ទាប់​នឹង​អន្លក់​ខ្ចីៗ​ផង​នោះ​ពិតជា​ធ្វើឱ្យមាន​រសជាតិ​ឆ្ងាញ់ ។​

អាហារ​សង្វាក់​ កំពុងមាន​ប្រជាប្រិយភាព​នៅ​ខេត្តសៀមរាប​

​ជា​ចុងក្រោយ​បងស្រី លីន បាន​បញ្ជាក់ថា​តម្លៃ​សមរម្យ​មិន​ថ្លៃ​ទេ ការលក់​គឺ​គេ​គិត​ជា​ឈុត ក្នុង​មួយឈុត​មាន​សង្វាក់​ចំនួន ១០ រួមទាំង​បន្លែ​គ្រប់​មុខជា​អន្លក់​នំ​បញ្ចុក និង ទឹកជ្រលក់ មានតម្លៃ​ត្រឹមតែ ៥ ពាន់ រៀល​ប៉ុណ្ណោះ ដែល​បច្ចុប្បន្ននេះ​មាន​ភ្ញៀវ​ចូលមក​ទទួលទាន​អាហារ សង្វាក់​នៅ​តូប​របស់​បងស្រី​ច្រើន​ជា​រៀងរាល់ថ្ងៃ ។ អ្វីដែល​ធ្វើឱ្យ​សង្វាក់​នេះ​លក់ដាច់​គឺ​មកពី ទី ១ វា​មានតម្លៃ​ធូរ​ថ្លៃ ទី ២ ជា​ប្រភេទ​អាហារ​រហ័ស មិន​រង់ចាំ​យូរ ទី ៣ ជា​ប្រភេទ​អាហារ​ជំនួយ​សុខភាព ព្រោះ​មាន​បន្លែ​ច្រើន ទី ៤ គឺ​អាស្រ័យ​នឹង​រសជាតិ​របស់​សង្វាក់ បើ​មិន​ឆ្ងាញ់​គេ​ក៏​មិន​នាំគ្នា​មក​ហូប​ច្រើន​ដូច្នេះ​ដែរ ៕