​ជំងឺ​អ្វី​ខ្លះ​ដែល​តែង​កើតមាន​លើ​ពោះវៀន​ធំ​?

​ជំងឺ​អ្វី​ខ្លះ​ដែល​តែង​កើតមាន​លើ​ពោះវៀន​ធំ​?

​មាន​បញ្ហា​ខុសៗ​គ្នា​ច្រើន​ណាស់​ដែល​អាច​ធ្វើ​ឱ្យ​ពោះវៀន​មិន​អាច​បំពេញ​មុខងា​ររ​បស់​វា​បាន​ល្អ​។ រោគសញ្ញា​របស់​វា​មានដូចជា ឈឺ​ពោះ ផោម​ច្រើន រាគ​រូស និង​ទល់លាមក ហើយ​វា​ក៏​សុទ្ធតែ​ជា​អ្វី​ដែល​បញ្ជាក់​ថា​មាន​អ្វី​ខុស​ប្រក្រតី​ក្នុង​ពោះវៀនធំ​ដែរ​។ យក​ល្អ​នៅពេលដែល​មាន​រោគសញ្ញា​ដំបូង អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​គាត់​អាច​នឹង​មាន​សំណួរ​ជាច្រើន​ដើម្បី​សាកសួរ​អ្នក​ទាក់ទង​នឹង​សញ្ញា​ផ្សេងៗ​ទៀត​ដែល​អ្នក​អាចមាន ប្រវត្តិ​ជំងឺ និង​ប្រ​វតិ្ត​គ្រួសារ ហើយ​នឹង​អាច​ធ្វើ​តេស្ត​ផ្សេងៗ​ទៀត​ដើម្បី​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​កាន់តែ​ច្បាស់​លាស់​។ ខាងក្រោម​នេះ​គឺ​ជា​ជំងឺ​ដែល ភាគច្រើន​តែង​កើតមាន​ចំពោះ ពោះវៀន​ធំជាងគេ​។

មហារីក​ពោះវៀនធំ​និង​ចុង​ពោះវៀន​ធំ​
ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល​ដុំ​សាច់​មហារីក​កើតឡើង​នៅលើ​កម្រាល​ខាងក្នុង​របស់​ពោះវៀនធំ​តែម្តង​។ វា​តែង​កើត​លើ​បុរស​ច្រើនជាង​ស្ត្រី ជា​ពិសេស​ពេល​ឈាន​ចូល​វ័យ ៥០​ឆ្នាំ​ឡើង​ទៅ​។ កត្តា​ផ្សេងទៀត​ដែល​ជំរុញ​ឱ្យ​កើត​ជំងឺ​នេះ​ដែរ​នោះ​មានដូចជា គ្រួសារ​ធ្លាប់​កើត​ជំងឺ​នេះ ជក់បារី របប​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន និង​មាន​ដុំ​សាច់​ប៉ូ​លី​ព​ក្នុង​ពោះវៀន មាន​ជំងឺ​រលាក​ដំបៅ​ពោះវៀនធំ ឬ​រលាក​ពោះវៀន​ទាំងអស់ (Crohn’s Disease)​។ ដោយសារ​តែ​ជំងឺ​នេះ​មិន​បង្ក​ជា​រោគសញ្ញា​នោះ ដូច្នេះ​អ្នក​ដែល​មាន​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើង​ទៅ​គួរតែ​ទៅឱ្យ​ពេទ្យ​ពិនិត្យ​រក​ជំងឺ​នេះ​ទៅ​។

ជំងឺ Diverticulitis
ជំងឺ​នេះ​មានន័យថា​ជា​ការ​រលាក​ទៅលើ Diverticular (​ការ​ការ​លយ​ចេញ​ដ៏​តូច​មួយ​ពី​កម្រាល​ខាង​ក្រៅ​របស់​ពោះវៀនធំ​)​។ ជំងឺ​នេះ​ច្រើន​កើត​លើ​មនុស្ស​ចាស់ ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ទាប​។ ការព្យាបាល​គឺ​ប្រើ​ថ្នាំ​ផ្សះ ថ្នាំ​បំបាត់​ការឈឺចាប់ និង​ផ្លាស់ប្តូ​របប​អាហារ​។ ករណី​ធ្ងន់ធ្ងរ​ប្រហែលជា​ត្រូវ​វះកាត់​ទៀតផង​។

ចង្កោម​រោគសញ្ញា​នៃ​ការ​រលាក​ពោះវៀន​
ជំងឺ​នេះ​ច្រើន​តែ​រក​មិនឃើញ​មូលហេតុ​ទេ ហើយ​រោគសញ្ញា​វា​មាន​ដូចជា ឈឺ​ពោះ ហើម​ពោះ និង​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការ​បន្ទោ​របង់​។ សំណាង​ដែរ ជំងឺ​នេះ​មិន​ផ្តល់​គ្រោះថ្នាក់​ដល់​ពោះវៀន​ឡើយ​។ ចំពោះ​រោគសញ្ញា​វា​វិញ​អាច​គ្រប់គ្រង​បាន​ដោយ​ប្រើ​របប​អាហារ​ត្រឹមត្រូវ​។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​បន្ថែម​នោះ​គឺ​គ្រប់គ្រង​ស្ត្រេ​ស និង​ញ៉ាំ​ប្រូ​បាយ​អូ​ទិច​។

ពោះវៀនធំ​រីក​ធំ​
ដោយសារ​តែ​ផ្នែក​មួយ​នៃ​ពោះវៀន​មាន​ការប៉ះពាល់​ដល់​មុខងារ​របស់​វា ដូច្នេះ​ការធ្វើ​ចលនា​របស់​វា​ត្រូវបាន​កាត់ផ្តាច់ ដែល​ជា​ហេតុនាំឱ្យ​ពល់​លាមក​ធ្ងន់ធ្ងរ​បាន​។ ការព្យាបាល គឺ​ត្រូវ​ដោះស្រាយ​ទៅ​លើ​មូលហេតុ​របស់​វា​ដូចជា ការប្រើ​ថ្នាំ​បន្ទន់​លាមក​ជ្រុល​ពេក ខូច​សរសៃប្រសាទ ជំងឺ Parkinson’s និង​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​។ ករណីខ្លះ ក៏​តម្រូវ​ឱ្យ​វះកាត់​នៅ​កង់​ពោះវៀន​ដែល​រីក​ធំ​នោះ​ដែរ​។

ដុំ​សាច់​ប៉ូ​លី​ព​
ដុំ​សាច់​ប្រភេទ​នេះ​អាច​កើតឡើង​ក្នុង​ពោះវៀនធំ ហើយ​ភាគច្រើន​មិនមាន​អ្វី​គ្រោះថ្នាក់​ឡើយ​។ យ៉ាងណាមិញ វា​ក៏​មាន​ប៉ូ​លី​ព​ខ្លះ​គ្រោះថ្នាក់​ដល់​ពោះវៀនធំ​ដែរ ដែល​អាច​នាំ​ឱ្យ​ទៅ​ជា​មហា​រីក​បាន​ទៀត​។ ដើម្បី​កំណត់​ថា​វា​កាច់​ឬ​ស្លូត​នោះ ទាល់តែ​មាន​ការពិនិត្យ​ទៅលើ​ជាលិកា​របស់​វា​។

ជំងឺ​រលាក​ដំបៅ​ពោះវៀន​ធំ​
ជំងឺ​នេះ​អាច​កើតឡើង​នៅលើ​ពោះវៀនធំ​ទាំងមូល និង​ចុង​ពោះវៀនធំ​រហូត​ដល់​រន្ធ​គូថ​ឯណោះ​។ ជំងឺ​នេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​គេ​ច្រើន​ឃើញ​លើ​អ្នក​អាយុ​ចាប់ពី ១៥ ទៅ​៣០​ឆ្នាំ​។ រោគសញ្ញា​របស់​វា​មានដូចជា ស្រក​ទម្ងន់ កង្វះ​គ្រាប់​ឈាម អស់កម្លាំង ហត់ ឈឺ​ស្បែក ឈឺ​សន្លាក់ និង​លាមក​មាន​ឈាម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី16  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។