សកម្មជន CNRP ទាំង១៥នាក់ កំពុងជាប់ឃុំនៅ ពន្ធនាគារព្រៃស មានអ្នកខ្លះកំពុងមានជំងឺ

ភ្នំពេញ៖ តំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិ (CNRP) លោក អេង ឆៃអ៊ាង បានលើកឡើងថា សកម្មជន គណបក្សសង្គ្រោះជាតិ ទាំង១៥នាក់ ដែលកំពុងជាប់ឃុំឃាំង នៅពន្ធនាគារព្រៃស មានអ្នកខ្លះកំពុងមានជំងឺ។

 ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានទៅសួរសុខទុក្ខ សកម្មជនរបស់ខ្លួន ១៥នាក់ នៅគុកព្រៃស កាលពីថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ថា សកម្មជនគណបក្ស សង្គ្រោះជាតិ ដែលកំពុងមានជាប់ឃុំនោះ គឺមានគោលជំហររឹងមាំល្អ បើទោះបីជាពួកគាត់បាន បាត់បង់សេរីភាព ច្រើនខែហើយក៏ដោយ។

 លោកបានបន្តថា “ខ្ញុំមានការបារម្ភដែរ មានបងប្អូនយើងខ្លះមានបញ្ហាសុខភាពដូច លោក ស៊ុ វុទ្ធា និងលោក យៀត ថុងហ្នឹង បញ្ហាសុខភាពគាត់ហ្នឹងគឺមានការឈឺ ដូចលោក យៀត ថុង គាត់មានឈឺជើង លោក ស៊ុ វុទ្ធា គាត់ឡើងឈាមដូចលោក ហុង សុខហួរអីចឹងបាទ...។ លោក ហុង សុខហួរគាត់មានការឡើងឈាម ត្រូវការ ព្យាបាល និងការថែទាំ”។

 លោក អេង ឆៃអ៊ាង បានបន្ថែមថា កន្លងមកមានពេទ្យរបស់អង្គការលីកាដូបានជួយមើលការខុសត្រូវ ប៉ុន្តែ សម្រាប់ឆ្នាំថ្មីនេះ ខាងពេទ្យលីកាដូអត់មានឃើញមកទៀតទេ។ “ខ្ញុំបានសួរទៅអ្នកទទួលខុសត្រូវពន្ធនាគារ ថាដោយសារចប់កិច្ចកុងត្រាចាស់ ត្រូវធ្វើកិច្ចកុងត្រាថ្មីឡើងវិញ”។

 សូមបញ្ជាក់ថា សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ១៤នាក់ មានលោក មាជ សុវណ្ណារ៉ា ជាដើម ត្រូវបាន ចាប់ខ្លួនពាក់ព័ន្ធនឹង ការញុះញង់ឲ្យមានអំពើហិង្សារនៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ ដែលបានធ្វើឲ្យសន្តិសុខ ខណ្ឌដូនពេញ ចំនួនជិត ៣០នាក់បានរងរបួសធ្ងន់ស្រាល ។ ដោយឡែក លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ត្រូវបាននគរបាលក្រសួង មហាផ្ទៃឃាត់ខ្លួន កាលពីវេលាម៉ោង៦ និង៥នាទី ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ចេញផ្ទះសមាជិក សភាមួយរូប នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយត្រូវតុលាការឃុំខ្លួន នៅក្នុងពន្ធ នាគារព្រៃស ដោយចោទប្រកាន់ចំនួន ៣ករណីរួមមាន ទី១. បទក្លែងឯកសារសាធារណៈ, ទី២. ប្រើប្រាស់ ឯកសារសាធារណៈក្លែងក្លាយ និងទី៣. ញុះញង់ឲ្យប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍ទាក់ទងនឹងផែនទី និងសន្ធិសញ្ញា ព្រំដែនកម្ពុជា-វៀតណាម ៕

សកម្មជន CNRP ទាំង១៥នាក់  កំពុងជាប់ឃុំនៅ ពន្ធនាគារព្រៃស មានអ្នកខ្លះកំពុងមានជំងឺ

សកម្មជន CNRP ទាំង១៥នាក់  កំពុងជាប់ឃុំនៅ ពន្ធនាគារព្រៃស មានអ្នកខ្លះកំពុងមានជំងឺ

សកម្មជន CNRP ទាំង១៥នាក់  កំពុងជាប់ឃុំនៅ ពន្ធនាគារព្រៃស មានអ្នកខ្លះកំពុងមានជំងឺ