ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​បន្ទាយ​មានជ័យ ៖ គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​ចំនួន​១២​គ្រាប់ ​(គ្រាប់​ដេ​កា​៨២​មី​លី​ម៉ែត្រ) ត្រូវ​​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដីស្រែ​នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ ប្រទះ​ឃើញកាលពី​​វេលា​ម៉ោង​០៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ មករា​ ២០១៦ រួច​បាន​​រាយការណ៍​​ម​ក​​សមត្ថកិច្ច ដើម្បីចុះមក​​ដោះស្រាយ​ ។

​​ប្រជា​ពល​រដ្ឋ​ឈ្មោះ​សាន ញ៉ី ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ជួល​គ្រឿង​ចក្រ​អេ​ស្កាវ៉ាទ័រ​ទៅ​កាយ​ដីធ្វើ​ព្រំ​ស្រែ​របស់​ខ្លួននៅ​ចម្ងាយ​៤,០០០​ម៉ែត្រ ខាងកើត​ឈៀង​ខាងជើង​ភូមិ ​ក៏​​ប្រទះ​ឃើញ​គ្រាប់​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ដែជា​ប្រភេទ​គ្រាប់​ធុន​ដេ​កា​ធុ​៨២​មី​លី​ម៉ែត្រ​ចំនួន​១២ ។

​​កម្លាំង​​នគរ​បាល​ប៉ុស្តិ៍​ និង​កម្លាំង​នគរបាល​ផ្នែក​ស្ថិតិ បន្ទាប់​​ពី​ទទួលបាន​ព័ត៌មាន​នេះ ក៏​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ប្រគល់​គ្រាប់​យុទ្ធ​​ភណ្ឌ​ទាំងនោះ ទៅ​អង្គភាព​ហេ​ឡូ​ត្រាស ដើម្បី​មាន​វិធានការ​​បន្ត បើ​តាម​ការ​​ឱ្យ​​ដឹង​ពី​មន្ត្រី​អង្គភាព
​ហេ​​ឡូ​ត្រាសនិយាយ​ថា គ្រាប់​ទាំងនេះ នៅ​មានគុណ​ភាព​៥០% គ្រាប់​នេះ​បាន​កប់​ក្នុង​ដី​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ​។