ព័ត៌មាន​ជាតិ &raquo បរិយាយថ្ងៃនេះ

ច្រក​ទ្វារ​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដែល​ឈើ​ខ្មែរ​ហូរ​ចេញ​ទៅ​តាម​រយៈ​ខេត្ត​ត្បូងឃ្មុំ​មាន​... ​ច្រក​ទន្លេ​ចាម​... ​ច្រក​ចាន់​មូល​... ​ច្រក​ដូង​៧​ដើម និង​ច្រក ដូនរ័ត្ន ។

មិនមែន​នាំ​ចេញ​ដោយ​រលូន​ក្នុង​សម័យ​មាន​ខេត្ត​ត្បូងឃ្មុំ​ទេ គឺ​នាំ​ចេញ​តាំង​តែ​ពី​សម័យ​មុន​ខេត្ត​ត្បូងឃ្មុំ​ចាប់កំណើត​ម្ល៉េះ ។ ខេត្ត​ត្បូងឃ្មុំ​ចាប់កំណើត​ហើយ​...​ នឹក​ថា ​ច្រក​ទ្វារ​ព្រំដែន​ចេញ​ឈើ​ប្រណីត​ខ្មែរ​ទាំង​យប់​ទាំង​ថ្ងៃ ប្រហែល​លែង​បាន​ហើយ​...​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ច្រក​ទ្វារ​ទាំង​៤​ ដូច​រៀបរាប់​ខាងលើ​នេះ​កាន់តែ​ត្រូវប៉ាន់ ព្រោះ​អត់​មាន​អ្នកមាន​អំណាច​ណា​ទៅ​ចាប់សោះ ។

មាន​ពេល​មួយ​នោះ អ្នកកាសែត​ខ្មែរ​ឃើញ​ឈើ​ខ្មែរ​ស្តុក​ទុក​នៅ​ជាប់​ច្រក​ទ្វារ​ចាន់​មូល​គរ​ដូច​ភ្នំ ក៏​នាំ​គ្នា​ឈរ​ថត​ពី​ដី​ខ្មែរ​... ​ប៉ុន្តែ​គួរ​អាសូរ​អ្នកកាសែត​ខ្មែរ​ណាស់ ត្រូវ​ប៉ូលិស​ច្រក​ទ្វារ​ព្រំដែន ​«​ច្រាន​ទ្រូង​» ​វិះ​ដាច់​ផ្ងារ គឺ​ហាម​ថត​... ​ប៉ូលិស​យួន​អត់​ឃើញ​អ្នកកាសែត​ខ្មែរ​ថត​ទេ​... ​វា​បែរជា​ប៉ូលិស​ខ្មែរ​ពូកែ​ជាង​ប៉ូលិស​យួន​ទៅ​ទៀត​...​ហេ ! ហេ !

ពេល​នេះ​ប្រមុខ​ដឹកនាំ​ប្រទេស​បាន​ប្រកាស​«​ធំ​ៗ»​ថា ឱ្យ​លោក​អភិបាលខេត្ត​ត្បូងឃ្មុំ និង​អភិបាលស្រុក​មេមត់ បើ​មិន​ចង់​អស់បុណ្យ​ស័ក្តិ​ទេ ត្រូវ​បិទ​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម​ឱ្យ​បាន​... ​ក្នុង​នោះ​ក៏​បាន​លើក​ពី​មហា​បុរស​កាង​ឈើ ឬ​ជា​ឈ្មួញ​ឈើ​មានឈ្មោះ​ឧកញ៉ា​ខ្នា និង​ឧកញ៉ា​អុល ផង​ដែរ​... ​។

ការ​ចេញ​បទបញ្ជា​ដ៏​មាន​តម្លៃ មហាសាល​នេះ​ពិតជា​ទទួល​បានការ​គាំទ្រ​ពី ប្រជាជាតិ​ខ្មែរ​ទូ​ទាំង​ប្រទេស​យ៉ាង​ពិតប្រាកដ​...​ ។ ប៉ុន្តែ​ទំនង​យឺត​ពេល​ហើយ​ម្ចាស់​ថ្លៃ ! ព្រោះ​ឈើ​វា​ជិត​អស់​ទៅ​ហើយ​...​ បើ​នៅ​មាន​ដឹក​... ​ក៏​កន្ទុយ​ចុង​ក្រោយ​ដែរ​...​ ដែល​ពួក​គេ​ប្រមូល​ទិញ​ទុក​ក្នុង​ព្រៃ​ពី​រដូវវស្សា ។

យ៉ាងណា​ក៏​ដោយ ក៏​អាច​ទប់​បាន​អា​កន្ទុយ​ចុង​ក្រោយ​នេះ​បាន​ខ្លះ​ៗ​ដែរ​... ​មិន​ទាន់​ដល់​ថ្នាក់​ «​បោសលាន​»​ ទាំងស្រុង​នៅឡើយ​ទេ ។

មាន​គេ​និយាយ​ថា លោក​ប្រាជ្ញ ចន្ទ អភិបាលខេត្ត និង​លោក ​ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​ជា​មន្ត្រី​ខ្លាំង​... ​ប៉ុន្តែ​ខ្លាំង​អី​ទៅ​... ​បើ​ឈើ​ខ្មែរ​ដឹក​ជញ្ជូន​ដោយ​ឡាន​យី​ឌុ​ប​ទាំង​ហ្វូង​ៗ​ឆ្ពោះទៅ​ស្រុក​យួន​ទាំង​យប់​ទាំង​ថ្ងៃ​នោះ?

ដូច្នេះ​មហាជន​ចាំ​មើល​ស្នាដៃ​អ្នក​កាន់​អំណាច​ខេត្ត​ទាំង​២​នាក់​នេះ​ ហ៊ាន​ប្រយុទ្ធ​ជាមួយ​ឈ្មួញ​ឈើ​គ្រាក់​ៗ​ទាំងនោះ​ដែរ​ឬ​អត់ ? ចាំ​មើល​ទៀត​... ​តើ​អស់លោក​កាន់​អំណាច​... ​ព្រម​ទទួលយក​ស្នាដៃ​...​ ឬ​ទទួលយក ​«​អស់បុណ្យ​ស័ក្តិ​» (​?​)
                  អា​ឡេវ