ប្រជាពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ​ទៅលើ​ឧកញ៉ា សឹង សំអុល មេ​ឈ្មួញ​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​

ក្នុងចំណោម​ឈ្មួញ​ធំៗ​ដែល​រកស៊ី​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ គឺ​ឧកញ៉ា សឹង សំអុល ក៏​ល្បីឈ្មោះ​មិន​ចាញ់​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា​ដែរ ហេតុនេះហើយ​ទើប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​លើ​មេ​ឈ្មួញ​ទាំង​២​នាក់​នេះ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជាពិសេស​ប្រជាពលរដ្ឋ​ក្នុងស្រុក​មេមត់ កំពុង​រង់ចាំ​មើល​ចំណាត់ការ​លើ​ឧកញ៉ា សឹង សំអុល ព្រោះ​មេ​ឈ្មួញ​រូបនេះ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ ជាងនេះទៅទៀត​ពេលខ្លះ​រថយន្ត​យី​ឌុប​ដឹកឈើ​ប្រណីត​របស់​ឧកញ៉ា សឹង សំអុល បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ក៏​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ដែរ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា និង​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច ត្រូវបាន​រលត់រលាយ​ដោយសារ​ស្នាដៃ​ឧកញ៉ា សឹង សំអុល ដែលជា​មេ​ឈ្មួញ​រត់ពន្ធ​ឈើ​ដ៏​ល្បីឈ្មោះ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ការដែល​ឧកញ៉ា សឹង សំអុល អាចធ្វើ​អ្វីៗ​បាន​តាម​អំពើ​ចិត្ត ជាពិសេស​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា ក៏ដូចជា​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​នាយក​តំបន់​អភិរក្ស​ជីវចម្រុះ​កែវ​សីមា និង​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ ដូច្នេះ​បើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បទបញ្ជា​ឲ្យ​ចាត់វិធានការ​លើ​ឧកញ៉ា សឹង សំអុល គឺ​គួរតែ​វែកមុខ​មន្ត្រី​ពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​អាជ្ញាធរ​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។

ប្រជាពលរដ្ឋ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​ទៅលើ​ឧកញ៉ា សឹង សំអុល ដែលជា​មេ​ឈ្មួញ​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ សមត្ថកិច្ច​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ដូចជា មន្ត្រី​គយ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ត្រូវបាន​គេ​ដឹងថា​ឃុបឃិត​ឲ្យ​ឧកញ៉ា សឹង សំអុល ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរពិនិត្យមើល​បញ្ហា​នេះ​ផងដែរ​។ មានន័យថា វិធានការ​ទៅលើ​ឧកញ៉ា សឹង សំអុល គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ទន្ទឹមនឹងនេះ​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ លោក ងី វីរៈ ក៏មាន​ចំណែក​ទទួលខុសត្រូវ​យ៉ាង​ធំ​ក្នុងការ​ឃុបឃិត​ឲ្យ​ឧកញ៉ា សឹង សំអុល ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន ដើម្បី​ផលប្រយោជន៍​ផងដែរ​៕

120ឧកញ៉ា សឹង សំអុល ល្បីល្បាញខាងដឹកឈើទៅលក់នៅស្រុកយួន KA-26-12-2015-01 KA-26-12-2015-03 KA-26-12-2015-04 KA-26-12-2015-08 KA-01-01-2016-01 KA-16-12-2015-02