សមត្ថកិច្ច​ចម្រុះ​ចុះ​ ផ្អាក​ក្រុមហ៊ុន​ជីក​រ៉ែ​ស្ពាន់ ដែល​ផុត​អាជ្ញាប័ណ្ណ​

Doliprane TVC

កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​សកម្មភាព​ជីក​រ៉ែ​ទង់ដែង (​ស្ពាន់​) ដែល​ហួស​អាជ្ញាប័ណ្ណ​កំណត់ ហើយ​សមត្ថកិច្ច​បានសម្រេច​បិទ​ទីតាំង​នោះ ជា​បណ្ដោះអាសន្ន ចំណែក​ម្ចាស់​ទីតាំង​រត់គេចខ្លួន​បាត់ ។​ការចុះ​បិទ​ទីតាំង​នេះ ធ្វើឡើង កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ជាំ​ក្រវ៉ា​ញ ក្នុងភូមិ​សាស្ត្រ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​មន្ត្រី​ជំនាញ​បាន​ចូលរួម​ជាច្រើន​នាក់​ផងដែរ​។​

​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦​នេះ​ថា ការចុះ​បិទ​ទីតាំង​ក្រុមហ៊ុន​ជីក​រ៉ែ​ទង់ដែង​ (​ស្ពាន់​)​ របស់​ក្រុមហ៊ុន​ចិន​មួយកន្លែង​នៅ​ស្រុក​ជីក្រែង ជា​បណ្ដោះអាសន្ន​នោះ នៅពេលដែល​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ស្រាវជ្រាវ​រក​ទីតាំង​រ៉ែ​របស់​ក្រុមហ៊ុន​ចិន ខាងលើ​ព្រមទាំង​ឃើញ មាន​រថយន្ត​បែន​ដឹក​ដី និង​គ្រឿងចក្រ​សម្រាប់​ជីក​រ៉ែ យកទៅលក់​ជាច្រើន​គ្រឿង​។

ក្រុមហ៊ុន ជីក​រ៉ែ​ទង់​ដែង ​(​ស្ពាន់​) ​នេះ បាន​ហួស​អាជ្ញាប័ណ្ណ​ផុត​សុពលភាព​តាំងពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៤ មក​ម្លេះ​ហើយ​ត្រូវបាន​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​លើ​ផ្ទៃដី​ចំនួន​៣៦០០​ហិកតា ដែល​បាន​ផ្ទេរ​សិទ្ធ​មកពី​ក្រុមហ៊ុន ណឹ​ម ម៉េង គ្រុប តាំងពី​ឆ្នាំ​២០១២ មក រហូតមកដល់​ថ្ងៃកើតហេតុ​នេះ​។ ​នៅ​តំបន់​នោះ​ត្រូវបាន​គេ​ហាមឃាត់ និង​មានការ​យាមកាម​យ៉ាង​តឹងតែង ដោយ​មិន​ឲ្យ​ពលរដ្ឋ​ចូលទៅ​អាស្រ័យ​ផល​កសិកម្ម​ក្បែរៗ​នោះបាន​ឡើយ ហើយ​ករណីនេះ គេ​ដាក់​ការ សង្ស័យថា ក្រុមហ៊ុន​នេះ អាចមាន​យក​រ៉ែ​អ្វី​ផ្សេងទៀត ដែល​មិន​ស្របច្បាប់​៕ សុថា​ត់​

សមត្ថកិច្ច​ចម្រុះ​ចុះ​ ផ្អាក​ក្រុមហ៊ុន​ជីក​រ៉ែ​ស្ពាន់ ដែល​ផុត​អាជ្ញាប័ណ្ណ​