រាជធានី​ភ្នំពេញ​នឹង​បង្កើត​សង្កាត់​ថ្មី​ចំនួន​៩​បន្ថែមទៀត​

រាជធានីភ្នំពេញ​៖យោងតាម Facebook Page ផ្លូវការ​របស់លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា រាជធានី​ភ្នំពេញនឹងត្រូវ​បង្កើត​ឲ្យ​មាន​ភូមិ​ថ្មី​ចំនួន​៤៧​ភូមិ និង​សង្កាត់​ចំនួន​៩​បន្ថែមទៀត ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ការបញ្ជាក់​របស់លោក ប៉ា សុជាតិ​វង្ស ជាថ្មី​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាល​រាជធានី លើ​កិច្ចការ​បន្ទាន់​មួយ​នៅ​រសៀល​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​ម្សិលមិញ​។

​កិច្ចប្រជុំ​គណៈ​អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​ពិភាក្សា​លើ​កិច្ចការ​បន្ទាន់​ចំនួន​៣​ចំណុច​សំខាន់ៗ​៖

១-​ការងារ​បំបែក​សង្កាត់​ថ្មី ដើម្បី​គ្រប់គ្រង និង​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ ឱ្យ​កាន់តែ​ល្អប្រសើរ ក្នុងនោះ​យើង​នឹងមាន​ភូមិ​ថ្មី​ចំនួន ៤៧​ភូមិ និង​សង្កាត់​ថ្មី​ចំនួន​០៩​ភូមិ​។​

២-​ការងារ​លើក​ទំនប់​បឹង​តា​មោក ដើម្បី​ការពារ​ទឹក​សំអុយ មិនឱ្យ​ប៉ះពាល់​ដល់​បងប្អូន​ជុំវិញ​បឹង និង​រៀបចំ​ជា​កន្លែង​អាង​ចម្រោះ ប្រព្រឹត្តិកម្ម ក្នុងនោះ​យើង​នឹង​សម្រេច​ឱ្យបាន​ការងារ​លើក​ទំនប់ ៥០០​ហិច​តា នៅក្នុង​រដូវប្រាំង​ឆ្នាំនេះ ចំណែក​ក្រុមហ៊ុន​ត្រូវតែ​ចាប់ផ្តើម កិច្ចការ​របស់ខ្លួន នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​តែម្តង​។​

៣-​ការងារ​គ្រប់គ្រង​បឹង និង​ប្រឡាយ​បឹងត្របែក ដើម្បី​រំដោះ​ផ្លូវ​អម​សង្ខាង​ប្រឡាយ និង​ទប់ស្កាត់​ការទន្ទ្រាន​យក​បឹង​ពី​សំណាក់ ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ធ្វើយ៉ាងណា ដោះស្រាយ​ផ្លូវទឹក​មួយ​នេះ​ឱ្យបាន​ជោគជ័យ នោះ​តំបន់​មួយចំនួនធំ​ក្នុង​រាជធានី នឹង​គ្មាន ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​ទៀតឡើយ​៕

រាជធានី​ភ្នំពេញ​នឹង​បង្កើត​សង្កាត់​ថ្មី​ចំនួន​៩​បន្ថែមទៀត​
រាជធានី​ភ្នំពេញ​នឹង​បង្កើត​សង្កាត់​ថ្មី​ចំនួន​៩​បន្ថែមទៀត​