លោក សុខ សួន ប្រធានការិយាល័យ​រ៉ែ និង​ថាមពល ក្រុង​ប៉ែ​លិ​ន​មិន​ទប់ស្កាត់​បទល្មើស​

ប្រជាពលរដ្ឋ​ក្រុងប៉ៃលិន បាន​រាយការណ៍​មក​ថា សកម្មភាព​ជីក​យក​ដីភ្នំ​នៅក្នុង​មូលដ្ឋាន​របស់គាត់​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៥ ហើយ​បច្ចុប្បន្ន​មាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ តែ​មន្ត្រី​ជំនាញ​មិនមាន​ការទប់ស្កាត់​នោះទេ​ដែល​គេ​សង្ស័យថា​មានការ​ត្រូវរ៉ូវ​គ្នា​រវាង​មន្ត្រី​ជំនាញ និង​ក្រុមហ៊ុន​ជីកដី​លក់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក សុខ សួន ប្រធានការិយាល័យ​រ៉ែ និង​ថាមពល​ក្រុង​ប៉ែ​លិ​ន​មិន​ទប់ស្កាត់​បទល្មើស​ទេ បើទោះជា​ពលរដ្ឋ​រិះគន់​យ៉ាងណាក៏ដោយ​។​

ក្រុមហ៊ុន នុត ប៊ុនធឿន បាន​យក​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៅ​កាយ​ដីភ្នំ​តា​ង៉ែ​ន លក់​រៀងរាល់ថ្ងៃ​ស្ទើរ​បាត់​ភ្នំ តែ​មន្ត្រី​បម្រើ​ការងារ​នៅ​ការិយាល័យ​រ៉ែ និង​ថាមពល ក្រុងប៉ៃលិន​ថា​មិនបាន​ដឹង​រឿង​នោះទេ ។ ប្រជាពលរដ្ឋ​ក្រុងប៉ៃលិន បាន​រៀបរាប់ថា ភ្នំ​តា​ង៉ែ​ន​មាន​ទីតាំង នៅ​ភូមិ​តា​ង៉ែ​ន​ក្រោម សង្កាត់​ស្ទឹង​កាច់ ក្រុង​ខេត្ត​ប៉ៃលិន​ដែល​ពីមុន​មាន​រុក្ខជាតិ​ដុះ​ខៀវខ្ចី តែ​បច្ចុប្បន្ន​ត្រូវបាន​គេ​កាប់ឆ្ការ​ព្រៃ និង​ជីកដី​នៅ​ជើងភ្នំ​លក់​យ៉ាង​អនាធិបតេយ្យ​ធ្វើ​ឲ្យ​ភ្នំ​ទាំងមូល​បាត់​សោភ័ណភាព ខណៈ​ភ្នំ​នៅ​ប្រទេស​សៀម​ដែលមាន​ទីតាំង​ទល់នឹង​ខេត្ត​ប៉ៃលិន​ត្រូវគេ​សង្កេតឃើញថា​មន្ត្រី​ជំនាញ​សៀម​ធ្វើការ​អភិរក្ស​មាន​រុក្ខជាតិ​ដុះ​ខៀវស្រងាត់ និង​មាន​សត្វព្រៃ​រស់នៅ​សម្បូរបែប​ទៀតផង​។​

ចំពោះមុខ​បញ្ហា​នេះ លោក សុខ សួន ប្រធានការិយាល័យ​រ៉ែ​ថាមពល​ក្រុងប៉ៃលិន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុមហ៊ុន នុត ប៊ុនធឿន មានច្បាប់​អា​ជីក​ម្ម ប៉ុន្តែ​មិនបាន​ដឹងថា​ក្រុមហ៊ុន​យក​គ្រឿងចក្រ​ទៅ​កាយ​រំលាយ​ភ្នំ​ទេ ។ ដូច្នេះ​មន្ត្រី​ជំនាញ​នឹង​ចុះ​ពិនិត្យ​សកម្មភាព​ក្រុមហ៊ុន  ធ្វើ​ការអប់រំ​ក្រុមហ៊ុន​ដោយ​មិន​ចាប់​គ្រឿងចក្រ​មក​ទុក​ទេ​។ តែ​ការ​ថ្លែង​យ៉ាង​ដូច្នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្រុងប៉ៃលិន​រិះគន់ថា​ជាការ​ខ្វះ​ភាព​ទទួលខុសត្រូវ​រប​ស់​មន្ត្រី​ជំនាញ​។​

​ប្រជាពលរដ្ឋ​ក្រុងប៉ៃលិន​បាន​រិះគន់ថា​ការដឹកជញ្ជូន​អាចម៍ដី​របស់​ក្រុមហ៊ុន​មិនដែល​គ្រប​តង់​ទេ​ដែល​ធ្វើ​ឲ្យ​ដី​ហុយ និង​ជ្រុះ​រប៉ាត់រប៉ាយ​តាមផ្លូវ​បណ្តាល​ឲ្យ​ខូច​សណ្ដាប់ធ្នាប់ និង​បរិស្ថាន ហើយក៏​ធ្វើ​ឲ្យ​ខូច​ផ្លូវថ្នល់​ក្នុង​ក្រុងប៉ៃលិន​ផងដែរ​។ ប្រភព​ដដែល​បញ្ជាក់ថា ក្រុមហ៊ុន​អាច​បង់ពន្ធ​ឲ្យ​រដ្ឋ​តិចតួច​ប៉ុណ្ណោះ ខណៈ​ការបង់​ក្រោម​តុ​មាន​ច្រើនជាង តែ​ផលប៉ះពាល់​ជាច្រើន​បានកើត​ឡើង ហើយក៏​មិនបាន​ជួយ​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​អ្វី​ដែរ គឺ​មានតែ​បំផ្លាញ​ភ្នំ​ប៉ុណ្ណោះ​៕

chanroth014-feb-105