លោក ឈាង តុលា បើកដៃ​ឲ្យ​ឧកញ៉ា អ៊ុក គឹម​សាន កាប់​ឈើ​ក្នុង​ខេត្តស្ទឹងត្រែង

កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ ចាត់វិធានការ​លើ​ឈ្មួញ​ឈើ​២​នាក់ គឺ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ដែល​ល្បីល្បាញ​ខាង​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​។ ចំណែក​ឧកញ៉ា អ៊ុក គឹម​សាន ដែល​ល្បីល្បាញ​ខាង​កាប់​ឈើ​ក្នុង​ខេត្តស្ទឹងត្រែង យកទៅលក់​នៅ​ស្រុក​យួន​ដែរនោះ មិនទាន់​ឃើញ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាត់វិធានការ​នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​ប្រមុខ​រដ្ឋាភិបាល ឲ្យ​ពិនិត្យមើល​សកម្មភាពរ​បស់​ឧកញ៉ា អ៊ុក គឹម​សាន និង​បក្ខពួក​ខ្លះ​ផង​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឧកញ៉ា អ៊ុក គឹម​សាន និង​បក្ខពួក​ធ្វើ​សកម្មភាព​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក្នុងស្រុក​សៀម​ប៉ាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ស្រុក​សេ​សាន តាម​អំពើ​ចិត្ត​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ក្នុងនោះ​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​ដឹងថា ជា​អ្នក​បើកដៃ​ឲ្យ​ឧកញ៉ា អ៊ុក គឹម​សាន និង​បក្ខពួក​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន មិនដែល​បង្ក្រាប​ម្តងណា​ឡើយ​។ ករណីនេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនគួរ​មើលរំលង​នោះទេ ព្រោះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ឧកញ៉ា អ៊ុក គឹម​សាន គឺជា​ឈ្មួញ​ដ៏​ធំ​និង​មានឈ្មោះ​ល្បីល្បាញ​ខាង​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង ស្រេច​តែ​អំពើ​ចិត្ត​។

​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​របស់​ឧកញ៉ា អ៊ុក គឹម​សាន នាពេល​កន្លងមក គឺ​លោក កុល សំអុល អតីត​អភិបាលខេត្ត​ស្ទឹងត្រែង និង​លោក ឈាង តុលា មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​។ ដោយសារ​ថាបើ​គ្មាន​ការបើក​ដៃ​ពី​លោក កុល សំអុល និង​លោក ឈាង តុលា ទេនោះ​មេ​ឈ្មួញ អ៊ុក គឹម​សាន មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ហើយ​ឈើ​ប្រណីត​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​នៅ​ខេត្តស្ទឹងត្រែង ក៏​មិន​ប្រឈម​នឹង​សេចក្ដី​វិនាស​ដែរ​។ ដូច្នេះ​ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្មាន​គោលការណ៍​ច្បាស់លាស់​ពិតប្រាកដ​ក្នុងការ​បង្ក្រាប​ក្រុម​ឈ្មួញ​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន គឺ​មិនគួរ​មើលរំលង​ឧកញ៉ា អ៊ុក គឹម​សាន ដែល​ល្បី​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​នោះឡើយ​៕

8651លោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង 8651_6 8651_3