ប្រជាពលរដ្ឋ​មណ្ឌលគិរី រៀបរាប់​ពី​ឧកញ៉ា សឹង្ហ សំអុល និង​ឧកញ៉ា លឹម ប៉ុណ្ណា កាប់បំផ្លាញ​ព្រៃឈើ នាំទៅ​វៀតណាម​

ភ្នំពេញ: ទាក់ទង​ឈ្មោះ​ឧកញ៉ា​ពីរ គឺ​ឧកញ៉ា សឹង្ហ សំអុល និង​ឧកញ៉ា លឹម ប៉ុណ្ណា (​ហៅ​ខ្នា​) ដែល​ល្បីឈ្មោះ រួមទាំង​មន្ត្រី​អាវុធហត្ថ​មួយចំនួន គឺ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​មណ្ឌល​គី​រី ចោទប្រកាន់​ពាក់ព័ន្ធ​ការកាប់បំផ្លាញ​ព្រៃឈើ​សហគមន៍​ស្រែ​ជឹ​ង របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សី​ម៉ា​។​

យោងតាម​ឯកសារ​ដែល​គេហទំព័រ CEN ទទួលបាន បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤ នៅ​តំបន់​ព្រៃ​សហគមន៍​ស្រែ​ជឹ​ង ជាប់​ព្រំប្រទល់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ប៊ិ​ញ ហ្វឿ​ក ប្រជាពលរដ្ឋ​បានឃើញ​កាប់រំលំ​ដើមឈើ​ប្រណីតៗ ល្អៗ​ជាច្រើន​ដើម ដឹកជញ្ជូន​ទៅ​ដាក់​នៅក្នុង​ឃ្លាំង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន ប៊ិ​ញ ហ្វឿ​ក​១ ដោយ​លោក​ឧកញ៉ា សឹង្ហ សំអុល សហការ​ជាមួយ​ក្រុមហ៊ុន​វៀតណាម មុននឹង​ដឹកចេញទៅ​ប្រទេស​វៀតណាម​។

​លិខិត​ដដែល បង្ហាញថា លុះដល់​ពេល​អស់​ឈើ​នៅ​តំបន់​ព្រៃ​សហគមន៍​ស្រែ​ជឹ​ង ចាប់ផ្តើម​ឆ្នាំ​២០១៤ រហូតដល់​បច្ចុប្បន្ននេះ នៅ​តំបន់​ការពារ​អូរ​ខ្ទង់ លោក​ឧកញ៉ា សឹង្ហ សំអុល បាន​បញ្ជា​ឲ្យ​ឈ្មោះ សាក់ សា​រ៉ាង​, សាក់ សារុន និង ជា វណ្ណៈ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​គី​រី ជា​អ្នកការពារ​ក្រុមកម្មករ​ដែល​កាប់រំលំ​ដើមឈើ​ប្រណិតៗ  និង​ទាំង​ដើមឈើ​ចាក់​ជ័រ​របស់​សហគមន៍​ថែម​ទៀតផង​។

​បន្ទាប់ពី​កាប់រំលំ​ដើមឈើ​ធំៗ​រួច គឺ​ដឹកជញ្ជូន​យកទៅដាក់​ឃ្លាំង​របស់លោក​ឧកញ៉ា សឹង្ហ សំអុល និង​ឃ្លាំង​របស់​ក្រុមហ៊ុន​អង្គរ​ខ្មែរ​របស់លោក​ឧកញ៉ា លឹម ប៊ុណ្ណា ផងដែរ​។​

​ឯក​សារបាន​បង្ហាញថា កាលពី​ដើមឡើយ​លោក ឧកញ៉ា សឹង្ហ សំអុល បាន​នាំ​បក្សពួក​ទៅ​កាប់​យក​ឈើ​ប្រណីត និង​ប្រមូល​ទិញ​ឈើ​នៅក្នុង​ក្រុមហ៊ុន​ប៊ិ​ញ ហ្វឿ​ក​១ ជាប់​ព្រំប្រទល់​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ដោយ​ប្រមូល​ទិញ​ឈើ​ប្រណីត​ពី​មន្ត្រី​យោធា និង​មន្ត្រីប៉ូលិស និង​មន្ត្រី​អាវុធហត្ថ ដែល​ប្រចាំការ​នៅ​ប៉ុស្តិ៍​ប៉ោ​ដើម​ស្វាយ និង អ​ន្ទ្រ​ង​។

​ប៉ុន្តែ​នៅពេលនេះ​ ឈើ​ប្រណីត​ប្រភេទ​សុ​ក្រំ​នៅ​ចំណុច​ខាងលើ​នោះបាន​រលាយ​សាបសូន្យ​ហើយ ហើយ​ឧកញ៉ា សឹង្ហ សំអុល បាន​ឈាន​មួយ​ជំហាន​ទៀ​តទៅ​ក្រុមហ៊ុន​វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច​មួយ (​ឈ្មោះ​ដាយ​ថា​ន់​) ដែលមាន​ទីតាំងនៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រី​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី តែ​ពលរដ្ឋ​ថា ក្រុមហ៊ុន​ខាងលើ​ត្រូវបាន​រដ្ឋាភិបាល​ដកហូត​អាជ្ញាប័ណ្ណ​ទៅហើយ តែ​អ្វី​ដែលជា​ការភ្ញាក់ផ្អើល គឺ​នៅពេល​ថ្មីៗ​នេះ ស្រាប់តែ​គេ​បានឃើញ​មុខ​លោក​ឧកញ៉ា សឹង្ហ សំអុល ដែល​គេ​ស្គាល់​ថា ជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ម្នាក់​ដែរ បាន​ចុះទៅ​ប្រមូល​ទិញ​ឈើ​រាប់ពាន់​ម៉ែត្រគូប ទៅហើយ​ដោយ​គ្មាន​ការបង្ក្រាប គឺ​សមត្ថកិច្ច​ជំនាញ​សម្ងំ​ស្ងាត់ឈឹង​៕​