លោក​សៅ សុខា និង​អគ្គរាជទូត​ថៃ ចូលរួម​អបអរ​ព្រឹត្តិការ​បាល់ទាត់​មនុស្សធម៌ SCG MUANGTHONG UNITED ASEAN TOUR ២០១៦

ភ្នំពេញ: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក Nutthavut Photisaro អគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា លោក Roongrote Rangsiyopash ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​អេស​ស៊ីជី ប្រទេស​ថៃ ក៏ដូចជា ក្រុម​កីឡាករ​បាល់ទាត់​កម្ពុជា និង​ក្រុម​កីឡាករ​ថៃ កាលពី​យប់​ថ្ងៃទី​១៥ ខែមករា ចូលរួម​ក្នុង​កម្មវិធី​អបអរសាទរ​ការប្រកួត​រវាង ក្រុម SCG MuangThong United និង​ក្រុម K-Cement Cambodian All Stars ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​រសៀល​ថ្ងៃទី​១៦ ខែមករា  នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

ការប្រកួត​រវាង​ក្រុម SCG MuangThong United និង​ក្រុម​K-Cement Cambodian All Stars គឺជា​ព្រឹត្តិការណ៍​បាល់ទាត់​លក្ខណៈ​មិត្តភាព និង​មនុស្សធម៌ ដោយ​ថវិកា​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ នឹង​បរិច្ចាគ​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំងស្រុង​។​
​    ​
លោក​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​មានប្រសាសន៍ថា ការប្រកួត​រវាង​ក្រុម SCG MuangThong United និង​ក្រុម​K-Cement Cambodian All Stars នៅ​រសៀល​ថ្ងៃទី​១៦ ខែមករា មិនមែនជា​ការប្រយុទ្ធ​គ្នា​នោះទេ តែ​ជាការ​បង្ហាញ​នូវ​មិត្តភាព និង​សាមគ្គីភាព​។
​ព្រឹត្តិការណ៍​ធ្វើឡើង​នេះ ក៏ដូចជា​ការអបអរ​សាទរ​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​ថៃ​ដែរ ហើយ​លោក និង​ក្រុម​កីឡាករ​ពិតជា​រីករាយ និង​មាន​មោទនភាព​ក្នុងការ​ចូលរួម​អបអរសាទរ​ព្រឹត្តិការណ៍​នេះ​”​។​

លោក Roongrote Rangsiyopash ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​អេស​ស៊ីជី បាន​មានប្រសាសន៍ថា “​ក្នុងនាម​ជា​ក្រុមហ៊ុន​អាជីវកម្ម​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន​អេស​ស៊ីជី​មាន​ទស្សនវិស័យ​និង​ការប្តេជ្ញាចិត្ត​ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​និង​អភិវឌ្ឍ​សង្គម​និង​សហគមន៍​ដែល​យើង​ធ្វើ​ប្រតិបត្តិការ​ដោយ​ជ្រុង​ដ៏​សំខាន់​មួយ​របស់​យើង​គឺ​កីឡា​។ យើង​ជឿរ​ជាក់​យ៉ាង​មុតមាំ​ថា​កីឡា​ជា​សកម្មភាព​ដែល​បណ្តុះ​សាមគ្គីភាព​និង​មិត្តភាព​ដូចជា​ភាសា​សាកល​សម្រាប់​មនុស្សជាតិ​ដូច្នោះ​ដែរ​”​។​

លោក​បន្ថែមទៀតថា “​ព្រឹត្តិការណ៍​SCG Muangthong United ASEAN Tour ឆ្នាំ​២០១៦ នេះ អាច​ទទួលជោគជ័យ​ទៅបាន ក៏ដោយ​សារ​មានការ​សហការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុងប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ ដូច្នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​អ្នក​គ្រប់គ្នា​ជាខ្លាំង​”​។​

គួរ​បញ្ចាក់​ផងដែរ​ថា ការប្រកួត​នេះ​ជាការ​ប្រកួត​មួយ ដែល​មានការ​ទន្ទឹងរ​ង​ចាំ​ពី​អ្នកគាំទ្រ​កីឡាបាល់ទាត់​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ពីព្រោះ​ក្រុម​K-Cement Cambodian All Stars គឺជា​ក្រុម​មួយ​ដែល​បានជ្រើសរើស​ជាពិសេស ដោយ​សម្រិតសម្រាំង​កីឡាករ​មាន​ទេពកោសល្យ ជាច្រើន​ក្នុងប្រទេស​កម្ពុជា ដូចជា ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក ធា​រី ចន្ថា​ប៊ី​ន និង​ខ្សែប្រយុទ្ធ​ល្បី ចាន់​វឌ្ឍនាកា ជាដើម​។​

​ចំណែក ក្រុម SCG MuangThong United វិញ ក៏​ជា​ក្រុម​ដ៏​ខ្លាំង​និង​ពេញនិយម​បំផុត​មួយ ក្នុងប្រទេស​ថៃ​ផងដែរ​។ នៅ​រដូវ​កាល​នេះ​ក្រុម SCG MuangThong United បាន​ជាប់​លេខ​ពីរ​នៅក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​របស់​ប្រទេស​ថៃ​។​

​បន្ថែម​ពីនេះ ជា​ផ្នែក​នៃ​ព្រឹត្តិការណ៍​នេះ កីឡាករ​អាជីព​ក្នុង​ក្រុម SCG Muang Thong United ក៏បាន​រៀបចំ​សកម្មភាព​បណ្តុះបណ្តាល​ជំនាញ​បាល់ទាត់​មូលដ្ឋាន ដល់​កុមារ​កម្ពុជា​ប្រមាណ ២០០​នាក់ ក្នុង​កម្មវិធី “Kick and Share by SCG” សំដៅ​ជំរុញ​ការលេង​កីឡា​ក្នុងចំណោម​កុមារ និង​ការប្រើប្រាស់​ពេលវេលា​ឲ្យ​មាន​ប្រយោជន៍ ជៀស​ផុតពី​គ្រឿងញៀន និង​អំពើ​អបាយមុខ​ផ្សេងៗ​៕​

លោក​សៅ សុខា និង​អគ្គរាជទូត​ថៃ ចូលរួម​អបអរ​ព្រឹត្តិការ​បាល់ទាត់​មនុស្សធម៌ SCG MUANGTHONG UNITED ASEAN TOUR ២០១៦

លោក​សៅ សុខា និង​អគ្គរាជទូត​ថៃ ចូលរួម​អបអរ​ព្រឹត្តិការ​បាល់ទាត់​មនុស្សធម៌ SCG MUANGTHONG UNITED ASEAN TOUR ២០១៦