មេ​គយ​ខេត្តកោះកុង លោក សំ កុសល កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​

​ប្រភពពី​មន្ត្រីរាជការ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកោះកុង បាន​លើកឡើងថា លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង កំពុង​ខំប្រឹង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ចាំ​យាម និង​ច្រក​ផ្សេងៗ​ទៀត​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ករណី​លោក សំ កុសល បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

ប្រភពពី​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​នៅ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម និង​ច្រក​ប៉ាក់​ខ្លង ខេត្តកោះកុង មាន​ខ្សែ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក​សៀម ចូល​ទឹកដី​ខ្មែរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ភ្នាក់ងារ​គយ​ទាំង​នោះបាន​បង្ហើប​ឲ្យ​ដឹងថា ទំនិញ​ទាំងនោះ​ភាគច្រើន​ជា​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដោយសារតែ​ឈ្មួញ​បាន​ឃុបឃិត​បង់លុយ​ក្រោម​តុ​ឲ្យ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​។ ប្រសិនបើ​ឈ្មួញ​ណា​គ្មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក សំ កុសល ទេនោះ​អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន ព្រោះ​លោក សំ កុសល ធ្វើ​អ្វីៗ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្វល់​ពី​វិធានការ​កែទម្រង់​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​នោះទេ​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកទំនិញ​គេចពន្ធ​ពី​ប្រទេស​សៀម​ចូល​តាម​ច្រក​ចាំ​យាម គឺ​ទំនិញ​ទាំងនោះ​ត្រូវបាន​គេ​យកទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​មួយ​ខាងក្រោយ​ផ្សារ​ថ្មី​ជាប់​នឹង​ព្រំដែន​។ បន្ទាប់មក​ទើប​គេ​ផ្ទេរ​ពី​រថយន្ត​មួយ​ទៅ​រថយន្ត​មួយ​នៅ​កន្លែង​ឃ្លាំង​ស្តុក​នោះ ហើយ​មានការ​យាម​កាន​យ៉ាង​តឹងតែង​មិន​ឲ្យ​អ្នកសារព័ត៌មាន​ចូល​ថតរូប​ឬ​យក​ព័ត៌មាន​ជា​ចំហ​ឡើយ​។ ប្រការ​នេះហើយ​ទើប​គេ​សង្ស័យថា លោក សំ កុសល ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ថ្មីៗ​កន្លងទៅនេះ​មានការ​នាំចូល​ម៉ូតូ​ទំនើបៗ​អត់​ពន្ធ​តាម​ច្រក​អន្តរជាតិ​ចាំ​យាម​យ៉ាង​រលូន ដោយសារ​តែមាន​ការបើក​ដៃ​ពី​មន្ត្រី​គយ​ពុករលួយ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនត្រូវ​មើលរំលង​បញ្ហា​នេះ​តទៅទៀត​ទេ ព្រោះ​ការនាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ក្នុង​ខេត្តកោះកុង គឺជា​ការបំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​៕

frdeaaa cfdedbbb cfdxccc