កម្ពុជា និងអង្គការ​អន្តរជាតិ​មួយ ចំណាយ​ទឹកប្រាក់​ ២លាន​៥សែន​ដុល្លារ លើគំរោង​ការពារព្រៃឈើ​ នៅជួរ​ភ្នំ​ក្រវ៉ាញ

ភ្នំពេញ៖ អង្គការអភិរក្សអន្តរជាតិ (CI) កាលពីថ្ងៃទី១៥មករា បានប្រកាសផ្សព្វផ្សាយជាផ្លូវការ ស្តីពីការផ្តល់មូលនិធិ សម្រាប់ជាហិរញ្ញប្បទាន ប្រកបដោយចីរភាព ដើម្បីការពារព្រៃការពារ ជួរភ្នំក្រវាញភាគកណ្តាល (CCPF)។ មូលនិធិ(trust fund) សម្រាប់កិច្ចការពារព្រៃ ការពារជួរភ្នំក្រវាញភាគកណ្តាល ត្រូវបានផ្តល់ឲ្យដើម្បី បន្តអភិរក្សប្រភេទ សត្វជិតផុតពូជទ្រទ្រង់ ដល់ជីវភាពរស់នៅ របស់ប្រជាសហគមន៍ និងធានាដល់ការការពារផ្ទៃ រងទឹកភ្លៀងបឹងទន្លេសាប។

មូលនិធិ Trust Fund ត្រូវបានបង្កើតឡើង ដោយអង្គការអភិរក្សអន្តរជាតិ (CI) រួមជាមួយរដ្ឋបាលព្រៃឈើ នៃប្រទេសកម្ពុជា (FA) ប្រកាសជាផ្លូវការ ក្នុងទំហំទឹកប្រាក់ដំបូង ចំនួនពីរលានប្រាំសែនដុល្លារអាមេរិក ដែលបានពីមូលនិធិអភិរក្សសកល និងក្រុមហ៊ុនសាជីវកម្មដៃឃីន (Daikin Corporation)។ គោលដៅនៃការផ្តល់មូលនិធិនេះ គឺស្វែងរកឲ្យបានចំនួន ១០លានដុល្លារអាមេរិក ដែលនឹងអាចបង្កើតជាដើមទុនគ្រប់គ្រាន់ ដើម្បីទ្រទ្រង់ជានិរន្តរ ដល់គម្រោងអភិរក្សព្រៃ ការពារជួរភ្នំក្រវាញភាគកណ្តាល។

ការចំណាយក្នុងគម្រោង អភិរក្សនេះ មានទឹកប្រាក់ចំនួនប្រហែលកន្លះ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយរួមបញ្ចូលទាំងការពង្រឹង ការអនុវត្តច្បាប់ របស់មន្រ្តីរដ្ឋបាលព្រៃឈើ សកម្មភាពស្រាវជ្រាវ និងការត្រួតពិនិត្យ ក៏ដូចជា សកម្មភាពនៃការចូលរួម របស់សហគមន៍៕