ក្បាច់គុនល្បុក្កតោ នឹងរៀបចំសិក្ខាសាលា ថ្នាក់ជាតិនាថ្ងៃចន្ទ

ភ្នំពេញៈ គុណតម្លៃនៃ ក្បាច់គុនល្បុក្កតោខ្មែរ បើកពិធីសិក្ខាសាលា ថ្នាក់ជាតិទូទាំងប្រទេស នៅថ្ងៃទី១៨ និង១៩ ខែមករា ខាងមុខនេះ ដោយមាន ការចូលរួមពី លោក ស៊ន សំណាង ប្រវត្តិវិទូ, លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ, លោក គួច ម៉េងលី ប្រធាន កិត្តិយស នៃសហព័ន្ធកីឡា ល្បុក្កតោកម្ពុជា, លោក ថោង ខុន ប្រធានគណៈកម្មាធិជាតិ អូឡាំពិកកម្ពុជា, តំណាងអង្គការយូណេស្កូ ប្រចាំនៅក្នុង ប្រទេសកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានប្រាប់ថា សិក្ខាសាលាថ្នាក់ជាតិ គ្រូក្បាច់គុន ល្បុក្កតោខ្មែរ នេះមាន គោលបំណង លើកកម្ពស់គុណតម្លៃ នៃក្បាច់គុនល្បុក្កតោខ្មែរ នៅក្នុងវប្បធម៌ជាតិខ្មែរ។ ដើម្បីឲ្យក្បាច់គុនមួយនេះ ត្រូវបាន មហាជនខ្មែរ គ្រូក្បាច់គុន និងអ្នកជំនាញទាំងអស់ ផ្តល់តម្លៃឲ្យ ដរាបណាក្បាច់គុននេះ បានបន្សល់ទុកនៅឯកសារ ជាច្រើនជូនដល់សង្គមជាតិ។ ជាក់ស្តែង ប្រវត្តិមានខ្លះមែន ប៉ុន្តែពុំទាន់មានអ្នកចងក្រង ជាឯកសារឲ្យបានត្រឹមត្រូវ នៅឡើយទេ។

លោក វ៉ាត់ ចំរើន បានបន្តថា «សិក្ខាសាលានេះនឹងស្វែងរក ការព្រមព្រៀងរវាង អ្នកជំនាញទាំងអស់ ឲ្យបង្ហាញអត្តសញ្ញាណ ក្បាច់គុនល្បុក្កតោ ខ្មែរ រួមតែមួយ។ ត្រូវតែមានគោលការណ៍ ឬមូលដ្ឋានគ្រឹះ បច្ចេកទេសឯកភាពគ្នា តែមួយនៅទូទាំងប្រទេស»។

លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា៖ «មិនត្រឹមតែប៉ុណ្ណោះ យើងចង់បណ្តុះគំនិត ឲ្យខ្មែរចូលរួមចងក្រង ប្រវត្តិឯកសារល្បុក្កតោខ្មែរ ឡើងវិញ ការអភិរក្ស និងការអភិវឌ្ឍក្បាច់គុន ត្រូវការការឯកភាព ជាគោលការណ៍ពីក្រុម អ្នកជំនាញពីគ្រប់មជ្ឈដ្ឋាន»៕

ក្បាច់គុនល្បុក្កតោ នឹងរៀបចំសិក្ខាសាលា ថ្នាក់ជាតិនាថ្ងៃចន្ទ

ក្បាច់គុនល្បុក្កតោ នឹងរៀបចំសិក្ខាសាលា ថ្នាក់ជាតិនាថ្ងៃចន្ទ