ចិន​កំណត់​មនុស្ស​៤៥​នាក់​ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ការលិច​នាវា​កំសាន្ត

ចិន​កំណត់​មនុស្ស​៤៥​នាក់​ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ការលិច​នាវា​កំសាន្ត

នាវាកំសាន្ត​ The Eastern Star ដែល​បាន​លិខ​ក្នុង​ទន្លេ​Yangtze River ក្នុង​ខែមិថុនា​ ត្រូវ​បាន​ឃើញ​នៅJianli​ខេត្ត​ Hubei កាលពី​ថ្ងៃទី ៣០ ខែ​ធ្នូ ឆាំ្ន២០១៥បន្ទាប់​ពី​ការស៊ើប​អង្កេត​អស់​រយៈពេល​៦ខែ​មក​ ប្រទេស​ចិន​បាន​សន្និដ្ឋាន​ថា ​ការលិច​នាវា​កំសាន្ត​ Eastern Star ​នៅ​ទន្លេ​ Yantze កាល​ពី​ដើម​ខែ​មិថុនា​ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​៤៤២​នាក់​គឺ​បណ្តាល​មក​ពី​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ។

បន្ទាប់​ពី​ការស៊ើប​អង្កេត​អស់​រយៈពេល​៦ខែ​មក​ ប្រទេស​ចិន​បាន​សន្និដ្ឋាន​ថា ​ការលិច​នាវា​កំសាន្ត​ Eastern Star ​នៅ​ទន្លេ​ Yantze កាល​ពី​ដើម​ខែ​មិថុនា​ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​៤៤២​នាក់​គឺ​បណ្តាល​មក​ពី​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ។

តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ ​អាជ្ញាធរ​បាន​កំណត់​មនុស្ស​ចំនួន​៤៥​នាក់​នៃ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​និង​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ទទួល​ខុសត្រូវ​ ដោយ​ដាក់​ពិន័យ​ដែល​មាន​ចាប់​ពី​ការផ្ទេរ​ការងារ រហូត​ដល់​ការទម្លាក់​តំណែង​ជាដើម​ ចំពោះ​កំហុស​ក្នុង​ការត្រួត​ពិនិត្យ​និង​ការ​គ្រប់​គ្រង​ប្រចាំថ្ងៃ​របស់​ពួក​គេ។​

ក្រុម​គណៈ​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា​ ខ្យល់​កន្រ្តាក់​ដែល​មាន​ភ្លៀង​មួយ​មាន​សន្ទុះ​អតិបរមា​រហូត​ដល់​៣៨​ម៉ែត្រ​ក្នុង​មួយ​វិនាទី​ គឺ​ខ្លាំង​ជាង​កម្លាំង​ដែល​នាវា​អាច​ទប់​ទល់​បាន​ដល់​ទៅ​២​ដង បាន​ធ្វើឲ្យ​ នាវា​ Eastern Star ​ក្រឡាប់​មុន​នឹងលិច​បាត់​នៅ​លា្ងច​ថ្ងៃទី​១​ ខែ​មិថុនា កាល​ពី​ឆ្នាំមុន។​

សមាជិក​នៃ​ក្រុម​ស៊ើបអង្កេត​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​សង្ខេប​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ ក្រុម​អាជ្ញាធរ​បាន​សន្និដ្ឋាន​ថា ​គ្រោះ​មហន្តរាយ​នេះ​បណ្តាល​មក​ពី «ធាតុ​អាកាស​បញ្ជូន​ខ្យល់​ក្តៅ​ឡើង​ទៅ​បរិយាកាស​ហើយ​ទាញ​សម្ពាធ​ខ្យល់​ត្រជាក់​ឲ្យ​ធ្លាក់​មក​វិញ​យ៉ាង​រហ័ស​និង​ដ៏​កម្រ​មួយ​ ទោះបី​ជា​ប្រធាន​ក្រុម​នាវិក​បាន​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​នាវា​នោះមាន​លំនឹង​ហើយ​ក៏ដោយ»។

មាន​ការសន្មត​មួយ​ថា​ ការជួស​ជុល​កែ​នាវា​ដោយ​ការ​ធ្វើ​ឲ្យ​នាវា​នោះ​កាន់​តែ​ខ្ពស់​ជាង​ទ្រង់ទ្រាយ​ដើម​បាន​ប៉ះ​ពាល់​ដល់​សមត្ថភាព​របស់​វា​ក្នុង​ការ​ទប់​លំនឹង​ខ្លួន​ពេល​ជួប​នឹង​ព្យុះ​ ប៉ុន្តែ​អា​ជ្ញាធរ​បាន​សន្និដ្ឋាន​ថា​ ការ​កែប្រែទាំង​នេះ​មាន​ផលប៉ះពាល់​បន្តិចបន្តួច​ប៉ុណ្ណោះ​ដល់​លំនឹង​របស់​នាវា​នោះ។

មិនមែន​ជាករណី​ព្រហ្មទណ្ឌ​ឬ?

ក្នុង​ចំណោម​មនុស្ស​ដែល​កំណត់​ឲ្យ​ទទួល​ខុសត្រូវ​ទាំង​នោះ គឺ​ប្រធាន​ក្រុម​អ្នក​បើក​នាវា លោក​ Zhang Shuwen និង​ប្រធាន​ក្រុម​បុគ្គលិក​នាវាដែល​មាន​វត្តមាន​នៅ​លើ​នាវា​ពេល​កើត​ហេតុ។ ក៏ប៉ុន្តែ​ប្រធាន​ក្រុម​បុគ្គលិក​ត្រូវ​បាន​រក​ឃើញ​ថា​បាន​លង់​ទឹក​ស្លាប់។

ថ្វី​បើ​ពួកគេ​ទាំង​ពីរ​មាន​បទ​ពិសោធន៍​ការងារ​យូរ​ឆ្នាំ​ក៏​ដោយ​ ភាព​ខ្វះ​ចន្លោះ​ចំណេះដឹងរបស់​ក្រុម​នាវិក​អំពី​អាកាសធាតុ​ប្រែប្រួល​ខ្លាំង​ ធ្វើ​ឲ្យ​នាវិក​ទាំង​នោះ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាងណា​ពេល​ជួប​អាកាសធាតុ​បែប​នោះ។​ ហេតុ​ដូច្នេះ​ហើយ ​បានជា​ពួកគេ​មិន​បាន​ប្រកាស​ស្វែង​រក​ជំនួយ​ពី​ខាង​ក្រៅ​ ឬ​ក៏​ផ្តល់​ដំណឹង​ដល់​អ្នក​ធ្វើ​ដំណើរ​ដែល​ភាគ​ច្រើន​នៅ​ក្នុង​បន្ទប់​នាវា។​ ហើយ​ធ្វើ​ឲ្យ​អាជ្ញាធរ​ដែន​សមុទ្រ​ដែល​នៅ​ជិត​នោះ​ក្នុង​ក្រុង​ Yueyang ​នៃ​ខេត្ត​ Hunan ​ប្រើ​ពេល​ជិត​២​ម៉ោង​ដើម្បី​បញ្ជាក់​ពី​ហេតុការណ៍​នោះ​បាន។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុម​អ្នក​ស៊ើប​អង្កេត។

អាជ្ញាធរ​បាន​សម្រេចចិត្ត​ដក​អាជ្ញាប័ណ្ណ​របស់​លោក ​Zhang។​ លោក​នឹង​ប្រឈម​មុខ​ជាមួយ​នឹង​ការស៊ើបអង្កេត​ដោយ​តុលាការ​បន្ត​ទៀត។​ ក៏​ប៉ុន្តែ​មេធាវី​ម្នាក់​បាន​និយាយថា​ លោក ​Zhang ប្រហែល​ជា​អាច​គេច​ផុត​ពី​ការ​ចោទ​ប្រកាន់​កម្រិត​ព្រហ្មទណ្ឌ ​ព្រោះ​ពេល​នេះ​កំហុស​ត្រូវ​បាន​ទម្លាក់​លើ​បញ្ហា​អាកាសធាតុ។​

លោក​ Liang Shuguan មេធាវី​ជំនាញ​កិច្ចការ​ដែន​សមុទ្រ​ពី​ខេត្ត​ Guangxi​ និយាយ​ថា៖ «បើសិន​ជា​មហន្តរាយ​នេះ​បណ្តាល​មកពី​ខ្យល់​ខ្លាំង​និង​រលក​ ហើយ​គ្មានអ្វី​ពាក់​ព័ន្ធ​នឹង​ការ​បញ្ជា​នាវា​របស់​គាត់​ទេ​ ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​គួរ​តែ​ទទួល​ខុសត្រូវ​លើ​ការ​សង​ជំងឺ​ចិត្ត​ទាំងអស់»។ លោក​បាន​បន្ថែម​ថា​ ក្រុមហ៊ុន​ដឹក​ជញ្ជូន​នឹង​មិន​អាច​ជៀស​ផុត​ពី​បណ្តឹង​រដ្ឋប្បវេណី​នៅ​តុលាការ​បាន​ឡើយ។

ការសង្ស័យ​តាម​បណ្តាញ​អ៊ីនធឺណិត

ការទម្លាក់​កំហុស​លើ​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​មាន​ការ​មន្ទិល​សង្ស័យ​ពី​សំណាក់​ក្រុម​អ្នក​ដែល​មាន​ការសង្ស័យ​លើ​ក្រុមនាវិក​ដែល​មិន​បាន​ប្រកាស​ស្វែង​រក​ជំនួយ​ ឬ​ជួយ​ជម្លៀស​អ្នកធ្វើ​ដំណើរ។​ មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិតមួយ​ចំនួន​បាន​បញ្ចេញ​មតិ​សង្ស័យ​របស់​ពួកគេ។​

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ Weibo ម្នាក់​បាន​សរសេរ​ថា៖ «ដើម្បី​បញ្ចៀស​ការទទួល​ខុសត្រូវ​ អ្នកស៊ើប​អង្កេត​បាន​អស់​មតិ​យោបល់​ (ដើម្បី​ធ្វើ​ជា​លេស)»។

អ្នកប្រើប្រាស់​ផ្សេងទៀត​បាន​សួរថា៖ ​«ហេតុអ្វី​បាន​ជា​នាវា​ត្រូវ​តែ​ធ្វើ​ដំណើរ​កាត់​ភ្លៀង​យ៉ាង​ខ្លាំង​ដូច្នេះ? តើ​អ្នកណា​អាច​ឆ្លើយ​នឹង​ពួក​យើង​បាន?»

អ្នកស៊ើបអង្កេត​ក៏​បាន​បញ្ជា​ឲ្យ​បិទ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដើម្បី​ធ្វើការរុះរើ​ត្រួតពិនិត្យ​មួយ​ផងដែរ​។

វិធានការ​សុវត្ថិភាព​ត្រូវ​រឹតបន្តឹង

ដើម្បី​ទប់ស្កាត់​សោកនាដកម្ម​ស្រដៀង​នេះ​ម្តង​ទៀត ក្រុម​ស៊ើបអង្កេត​បាន​បន្ត​ស្នើ​សុំ​ឲ្យនិយតករ​នៃ​ការ​ដឹក​ជញ្ជូន​ គួរ​តែ​រារាំង​នាវា​កំសាន្ត​មិន​ឲ្យ​ចាកចេញពី​កំពង់ផែ​ ប្រសិន​បើ​សន្ទុះ​ខ្យល់​ត្រូវ​បាន​ព្យាករណ៍ថា​បាន​កើន​ដល់​ល្បឿនអតិបរមា​៥២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ឬ​រយៈ​ចម្ងាយ​ដែល​អាច​មើល​ឃើញ​តិច​ជាង​១.០០០​ម៉ែត្រ។

ក៏ប៉ុន្តែ​ សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​ដែន​សមុទ្រ​ម្នាក់​បាន​អះអាង​ថា​ ករណីកើន​ឡើង​នៃ​អាកាសធាតុ​ខុស​ប្រក្រតី​ គួរតែ​ជំរុញ​ឲ្យអាជ្ញាធរ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បទបញ្ញត្តិ​សុវត្ថិភាព​ទាំងឡាយ។​

លោក Zhu Yuzhu សាស្រ្តាចារ្យ​មួយ​រូប​ពី​សាកលវិទ្យាល័យ​ដែន​សមុទ្រ​ Dalain ​ហើយ​ក៏​ជា​អ្នក​ដែល​បាន​ចោទ​សួរ​ពី​សុវត្ថិភាព​នៃ​ការ​កែប្រែ​រចនាសម្ព័ន្ធ​របស់​នាវា​ Eastern Starបាន​មាន​ប្រសាសន៍​ថា៖ «បើសិនជា​អាកាសធាតុខុស​ប្រក្រតី​នេះ​ពិបាក​នឹង​ព្យាករណ៍ ឬ​កើតឡើង​យ៉ាង​ឆាប់​រហ័ស​ពេក​ ហានិភ័យ​នឹង​កើន​ឡើង»។

លោក​សាស្រ្តាចារ្យ​ក៏​បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​បន្ទាន់​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ផ្តល់​ដំណឹង​ទុក​ជា​មុន​ ដែល​មាន​ជំនាញ​ព្យាករណ៍​អាកាសធាតុ​ខុសប្រក្រតី​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​បញ្ជា​នាវា៕

 

​ប្រែសម្រួល​ដោយ ទុំ ម្លិះ