លោក អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៅតែ​ប្រើ​អំណាច​ប្រមូល​លុយ​តាម​អំពើ​ចិត្ត​

​មន្ត្រីនគរបាល​នៅក្នុង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា លោក អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ទទួលបន្ទុក​៥​រាជធានី​-​ខេត្ត គឺ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ធំ នៅតែ​បន្ត​ប្រើ​អំណាច​ប្រមូល​លុយ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹងថា កន្លងមក​លោក អ៊ុំ វណ្ណា បានដាក់​ពង្រាយ​កម្លាំង​ក្រោម​ឱវាទ​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដាល​ខេត្ត​ទាំង​៤​ខាងលើ ឲ្យ​ប្រមូល​លុយ​ពីបទ​ល្មើស​សេដ្ឋកិច្ច​ដូចជា បទល្មើស​ដឹកជញ្ជូន​ឈើ និង​បទល្មើស​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ជាដើម​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មាន​មជ្ឈដ្ឋាន​ខ្លះ​រិះគន់ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ពោ​ពេញ​ទៅដោយ​អំពើពុករលួយ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ លោក ចាន់ វ៉ាន់​ធឿន ដែល​ទើប​ចូលកាន់​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ជំនួស​លោក ជា សុ​មេធី កាលពីពេល​ថ្មីៗ​កន្លងទៅនេះ មិនគួរ​បណ្ដោយ​ឲ្យ​លោក អ៊ុំ វណ្ណា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ​។ ក្នុងនោះ​ករណី​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការគ្រប់គ្រង​រប​ស់លោក អ៊ុំ វណ្ណា ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំ ទៅ​លក់​នៅ​ស្រុក​យួន គឺជា​រឿង​ដែល​ថ្នាក់លើ​មិនគួរ​មើលរំលង​ឡើយ​។ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ឈរជើង​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ ត្រូវគេ​ដឹងថា ជា​អ្នកប្រមូល​លុយ​ឲ្យ​លោក អ៊ុំ វណ្ណា ហើយ​ជាប់​ពាក់ព័ន្ធ​នឹង​ឈ្មួញ​ឈើ​ធំៗ​ផងដែរ​។

តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អ៊ុំ វណ្ណា បាន​ឲ្យ​ដឹងថា កន្លងមក​ដោយ​អាង​ខ្លួន​ជា​អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​៥​រាជធានី​-​ខេត្ត គឺ​មន្ត្រី​រូបនេះ​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​តាមរបៀប​ពុករលួយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ គ្រប់​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តក្រចេះ ខេត្តកំពង់ធំ និង​ខេត្ត​ត្បូងឃ្មុំ ចៀស​មិន​ផុតពី​បង់លុយ​ឲ្យ​លោក អ៊ុំ វណ្ណា តាម​ការកំណត់​នោះទេ ព្រោះ​លោក អ៊ុំ វណ្ណា បានដាក់​បទបញ្ជា​យ៉ាងច្បាស់​លាស់​ឲ្យ​កូនចៅ​តាម​ប៉ុស្តិ៍​នីមួយៗ​ប្រមូល​លុយ​យកមក​ឲ្យ​ខ្លួន​ជា​រៀងរាល់ខែ​។ ដូច្នេះ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ទើប​ចូលកាន់​តំណែង​កាលពីពេល​ថ្មីៗ​នេះ គួរ​ទប់ស្កាត់​សកម្ម​ភាពមិនប្រក្រតីរ​ប​ស់លោក អ៊ុំ វណ្ណា ព្រោះ​សកម្មភាព​ទាំងនោះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​៕

12571252_1516385051990405_1519783512_nលោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច