ប្រធានការិយាល័យ​គយ​ស្រុក​មេមត់ ក៏មាន​ចំណែក​ទទួលខុសត្រូវ​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដែរ​

លោក ចាន់ សុផាត ប្រធានការិយាល័យ​គយ​ស្រុក​មេមត់ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង ក្នុងស្រុក​មេមត់ ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ចាន់ សុផាត ទេនោះ​គឺ​ឈ្មួញ​ទាំងអស់​មិនអាច​ដឹកឈើ​ចេញ​តាម​ច្រក​ដូនរ័ត្ន ច្រក​បឹង​ជ្រោង ច្រក​ចាន់​មូល និង​ច្រក​ផ្សេងៗ​ទៀត​យ៉ាង​ពេញបន្ទុក​បានឡើយ​។ ដូច្នេះ​បើ​និយាយ​ពីបទ​ល្មើស​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន គឺ​លោក ចាន់ សុផាត មាន​ចំណែក​ទទួលខុសត្រូវ​យ៉ាង​ធំ​ជាមួយ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ចៀស​មិន​ផុត​ឡើយ​។

ភ្នាក់ងារ​គយ​តូចតាច​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ពិនិត្យមើល​ទង្វើ​របស់​លោក ចាន់ សុផាត ដែលជា​មេ​គយ​ប្រចាំ​ស្រុក​មេមត់​ផងដែរ ព្រោះ​ក្រៅពី​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន គឺមាន​ការបើក​ដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​ដូនរ័ត្ន ច្រក​បឹង​ជ្រោង និង​ច្រក​ចាន់​មូល យ៉ាង​អនាធិបតេយ្យ​។ តាមរយៈ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​លោក ចាន់ សុផាត អាច​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ លោក អូន ព័ន្ធមុនីរ័ត្ន ដែល​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​អំពើពុករលួយ​របស់លោក ចាន់ សុផាត មេ​គយ​ស្រុក​មេមត់​ផងដែរ ព្រោះ​មន្ត្រី​គយ​រូបនេះ​ជាន់ឈ្លី​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​យ៉ាង​គឃ្លើន​តែម្តង​។

​កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​លោក ប្រាជ្ញ ចន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​លើ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ដែលជា​មេ​ឈ្មួញ​ល្បីល្បាញ​ខាង​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​។ ជាមួយគ្នានេះ​ក៏មាន​ការបង្កើត​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ផងដែរ ដែលមាន​សមាសភាព​ចំនួន​១០​រូប ដើម្បី​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​។ មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ករណី​ឈ្មួញ​ធំៗ​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ គឺមាន​ការពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ពុករលួយ​ច្រើន​ស្ថាប័ន ក្នុងនោះ​មេ​គយ​ស្រុក​មេមត់ លោក ចាន់ សុផាត ក៏​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ដែរ​។ ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិនត្រូវ​ទុក​ឲ្យ​លោក ចាន់ សុផាត រួចខ្លួន​នោះទេ ព្រោះ​ភាគច្រើន​នៃ​ឈើ​ដែល​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន គឺ​ឆ្លងកាត់​ជាប់​ព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​៕

121លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ KA-16-12-2015-02 images KA-01-01-2016-01