បណ្ណ ATM របស់​ធនាគារ​អេស៊ីលីដា នឹងអាច​ប្រើប្រាស់បាន ​លើ​សកលលោក​

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​របស់​ធ​នាគារ​អេស៊ីលីដា ភីអិលស៊ី បាន​អះអាងថា ធនាគារ គ្រោង​នឹង​ចេញ​បណ្ណ​អេ​ធី​អឹម (ATM Card) ដែល​អាច​ប្រើប្រាស់​ជា​សកល​ចំនួន​៣០​ម៉ឺន​បណ្ណ ដាក់​ឲ្យ​អតិថិជន​ប្រើប្រាស់​នៅពេល​ឆាប់ៗ​ខាងមុខនេះ​ដើម្បី​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ឡើង​ថែមទៀត​ដល់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​របស់ខ្លួន​។​

​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​បន្ទាប់ពី​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ នៅ​ការិយាល័យ​កណ្តាល​ធនាគា​រ​អេស៊ីលីដា ភីអិលស៊ី​ថា ឆ្នាំ​២០១៦​នេះ​ជា​ជំហាន​ដំបូង​យើង​គ្រោង​នឹង​បញ្ចេញ​បណ្ណ​អេ​ធី​អឹម (ATM Card) ចំនួន​៣០​ម៉ឺន​បណ្ណ ឲ្យ​អតិថិជន ប្រើប្រាស់​សម្រាប់​ការទូទាត់​លើ​ពិភពលោក​តែម្តង​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ សព្វថ្ងៃនេះ​យើង​មាន​បណ្ណ​ចំនួន​៨០​ម៉ឺន​បណ្ណ​តួលេខ​នេះ​ច្រើនជាងគេ​បើ​គិត​ជា​ភាគរយ​មាន រហូតដល់​៦០​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ធនាគារ​នៅ​កម្ពុជា​ដែល​ចេញ​បណ្ណ​ឲ្យ​អតិថិជន​ប្រើប្រាស់​។

​លោក​បណ្ឌិត​បាន​បន្តថា បណ្ណ​អេ​ធី​អឹម​ការទូទាត់​ទំនិញ​ទិញ​លក់ ការដោះដូរ ដូចម្តេច​គឺ​តាមរយៈ​បណ្ណ​នេះ អីចឹង​កម្រៃ​សេវា​របស់​ធនាគារ​អេស៊ីលីដា​បានមក​តាមរយៈ​បណ្ណ​នេះឯង ហើយ​វត្តមាន​របស់​អេស៊ីលីដា​គ្រប់​ទីកន្លែង​តាមរយៈ​បណ្ណ​នេះដែរ​។ ទាំងអស់​នេះហើយ​មានន័យថា​យើង​នឹង​ឈាន​ហួស​អាស៊ាន​ទៅទៀត​តាមរយៈ​បណ្ណ​នេះ​។​

​លោក​បញ្ជាក់ថា នេះ​គឺជា​ការធ្វើ​ប្រតិបត្តិការ​ដោយ​មិនចាំបាច់​បន្ថែម​ការិយាល័យ​សាខា បូករួម​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​អេឡិចត្រូនិក​សម្រាប់​គាំទ្រ​អតិថិជន របស់​យើង ក្នុងការ​ទូទាត់​ទូទៅ​។​

​លោក​បាន​បន្ថែមទៀតថា ការទទួលបាន​បណ្ណ​នេះ​គឺ​មិនមែន​បាន​ដោយ​ស្វ័យប្រវត្តិ​នោះទេ​គឺ​តម្រូវ​ឲ្យ​អតិថិជន​ដាក់ពាក្យ​សុំ​ទើប​យើង​ប្តូរ​ឲ្យ​គាត់​។ បណ្ណ​នេះ​គឺ​កំពុងតែ​តេស សាក ល្បង ជាមួយ​ដៃគូ​សហការ​របស់​យើង​ឆាប់ៗ​ខាងមុខនេះ​យើង​នឹង​ប្រកាស​ឲ្យ​អតិថិជន​ដាក់ពាក្យ​ស្នើសុំ​ប្តូរ​បណ្ណ​យកទៅ​ប្រើ​ចំពោះ​អតិថិជន​ណា​ដែលមាន​បំណង​ចង់​ប្រើប្រាស់​។​

​លោក​បណ្ឌិត​បាន​ប្រាប់​ពី​លក្ខណៈ​បណ្ណ​នោះ​ថា បណ្ណ​នេះ​គឺ​ម្ខាង​ដាក់​ស្លាក​និមិត្តរូប ធនាគារ​អេស៊ីលីដា និង​ម្ខាង​ទៀត​ដាក់​អក្សរ Master ដែលជា​ស្លាក​សញ្ញា​ដៃគូរ​សហការ របស់​ធនាគារ​យើង​។ បណ្ណ​អេ​ធី​អឹម​មុន​របស់​យើង​គឺ​ប្រើ​ជា​របៀប​មេដៃ​ប៉ុន្តែ​បណ្ណ​ក្រោយនេះ​គឺ​ប្រើ​ឈី​ប ដោយមាន Micro ឈី​ប​តូច​មួយ សម្រាប់​ផ្ទុក​ទិន្នន័យ របស់​អតិថិជន​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។​

​លោក​បណ្ឌិត​បាន​អ៊ិន ចាន់នី​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា សម្រាប់​ឆ្នាំ​២០១៦​នេះ​ផងដែរ​ធនាគារ​នឹង​ចាប់​បម្រើ​នូវ​សេវាកម្ម​ធំ​ពីរ​ទៀត​ទី​១​ដែល​ហៅថា​ហិរញ្ញប្បទាន​គម្រោង​ដែល​កន្លងមក​ធនាគារ​តែងតែ​ធ្វើការ​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច ធុន​មធ្យម និង​សាជីវកម្ម ប៉ុន្តែ​ឆ្នាំនេះ​យើង​ផ្តល់​ឲ្យ​ហិរញ្ញប្បទាន​គម្រោង​នេះ​។​

​លោក​បណ្ឌិត​បាន​បន្តថា តាម​ធម្មតា​គម្រោង​ទាំងអស់​ត្រូវការ​ទ្រព្យ​ធានា​លើកលែងតែ​សហគ្រាស​ធុន​តូច​បំផុត​។ ប៉ុន្តែ​ទៅមុខទៀត​ហិរញ្ញប្បទាន​គម្រោង​គឺ​យក​កិច្ចសន្យា​គម្រោង​ដែល​ក្រុមហ៊ុន​បានទទួល​ភាគី​ដែល​ពាក់ព័ន្ធ​ជា​មូលដ្ឋាន​ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​។​ការធ្វើ​បែបនេះ​ជាការ​ដោះ​បន្ទុក​ខ្លះ​ចំពោះ​សហគ្រាស​ដែល​ទទួលបាន​គម្រោង​ធំៗ​ដូចជា​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់​..​។​ល​។​គឺ​យើង​អាច​ពិចារណា​។ ទី​២​គឺ​ឥណទាន​ពហុ​ជា​ឥណទាន​ធំៗ​ដែល​កន្លងមក​ពេល​អតិថិជន​ដាក់ពាក្យ​ស្នើសុំ​យើង​បាន​បង្វែរ​ទៅ​ឲ្យ​ធនាគារ​ផ្សេង​ធ្វើ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៦​នេះ​ធនាគារ​អេស៊ីលីដា​និង​នាំមុខ​ដៃគូ​ក្នុង​ការផ្តល់សេវា​ពហុ​ឥណទាន​នេះ​។​

​    ​លោក​បណ្ឌិត​បាន​បន្ថែម​ទៀតថា​ក្រៅពីនេះ​គឺ​យើង​មាន​គម្រោង​បន្ថែម​ម៉ាស៊ីន​អេ​ធី​អឹម​(ATM)​ចំនួន​៧០​គ្រឿង​បន្ថែមទៀត​សម្រាប់​ឆ្នាំ​២០១៦​នេះ​ដែល​បច្ចុប្បន្ននេះ​យើង​មាន​២៨០​គ្រឿង​ហើយ​នោះ​។​តាម​គម្រោង​របស់​យើង​គឺ​យើង​ចង់​ឲ្យ​មាន​ម៉ាស៊ីន​អេ​ធី​អឹម​ឲ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត​យ៉ាងហោចណាស់​មាន​៥០០​គ្រឿង​សម្រាប់​រយៈពេល​៥​ឆ្នាំ​ខាងមុខ​ទៀត​នេះ​៕​

បណ្ណ ATM របស់​ធនាគារ​អេស៊ីលីដា នឹងអាច​ប្រើប្រាស់បាន ​លើ​សកលលោក​