ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់​ ៖​ លោក​រដ្ឋមន្ត្រី​ ស៊ុ​យ សែ​ម ​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​ខេត្តពោធិ៍សាត់​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ មករា​​ ២០១៦ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពានឈើ​មួយ​កន្លែង​ ស្ថិតនៅ​ភូមិ​កំពង់​ល្វា​ ឃុំ​លា​ច​ស្រុក​ភ្នំក្រវាញ​ ដែល​កសាង​ឡើង​ដោយ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ស្រុក​ភ្នំក្រវាញ​ ។

លោក​សោម វិសាល ​ប្រធាន​ក្រុមប្រឹក្សា ​និង​ជា​ប្រធាន​គណបក្ស​ស្រុក​បាន​ជំរាប​ជូន​ថា កាលពី​ឆ្នាំ​២០០៥ ​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​បាន​ផ្ដល់​ស្ពានដែក​បេ​ឡេ​មួយ​កន្លែង ​នៅ​ភូមិ​បោះពួយ​ឆ្លងកាត់​ស្ទឹង​ពោធិ៍សាត់ ប៉ុន្តែ​ក្រោយមក​ប្រជាពលរដ្ឋ​ជាង​ពាក់​កណ្ដាល​នៃ​ឃុំ​ចំនួន​​៣​ ដែល​នៅ​ខាងលិច​ស្ទឹង​ គឺ​ឃុំ​សំរោង​ឃុំ​បាក់​ចិញ្ចៀន​ និង​ឃុំ​ផ្ទះ​រុង ​នាំ​គ្នា​ឆ្លង​តាម​ទូកដ​ និង​ស្ពាន​ឯកជន​នៅ​ភូមិ​កំពង់​ល្វា ​មិន​អាច​ទៅ​ឆ្លង​នៅ​ស្ពាន​នោះ​បាន ​ដោយសារ​ចម្ងាយ​ខុស​គ្នា​១០គីឡូម៉ែត្រ​ឯណោះ ​។​

ដោយ​មើលឃើញ​ពី​ការ​ចំណាយ​ប្រាក់​រាល់ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​នោះ​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​ស្រុក​ភ្នំក្រវាញ​ បាន​រួម​គ្នា​សាងសង់​ស្ពានឈើ​នោះ​ឡើង​ដើម្បី​ជួយ​សម្រួលការ​ចំណាយ​របស់​ពួក​គាត់​ដែល​ឆ្លង​ម្ដង​យក​ថ្លៃ​១៥០០​​រៀល​ ។ ​ការ​បើក​ការដ្ឋាន​ថ្ងៃនេះ ​មាន​សាងសង់​ស្ពានឈើ​កាត់​ស្ទឹង​ពោធិ៍សាត់​ប្រវែង​១៥៨​ម៉ែត្រ ទទឹង​៤,២០​ម៉ែត្រ​ កម្ពស់​៦,៥០​ម៉ែត្រ ​ទ្រ​ទម្ងន់​០៦​តោន ​ត​ភ្ជាប់​ពី​ឃុំ​លា​ច​ ទៅ​កាន់​ឃុំ​សំរោង​,​ លើក​ផ្លូវ​ថ្មី​ក្បាលស្ពាន​សងខាង​ប្រវែង​១៨០០​ម៉ែត្រ ​និង​ជួស​ជុល​ផ្លូវ​គ្រួ​ស​ក្រហម​ប្រវែង​៣៥០០​ម៉ែត្រ ​។​

ស្ពាន​នេះ ​ក្នុង​គម្រោង​ប្រើប្រាស់​ថវិការ​ប្រមាណ​ជាង​៤០.០០០​ដុល្លារ​សហរដ្ឋអាមេរិក​ ហើយនឹង​បញ្ចប់​នៅ​មុន​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​។