សមត្ថកិច្ច​ខេត្តសៀមរាប​មិន​បង្ក្រាប​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​ឈ្មោះ ដោ ប៉ូ​

​ប្រភពព័ត៌មាន​ពី​ខេត្តសៀមរាប​បាន​រាយការណ៍​មក​ថា រយៈពេល​ប្រហែល​ពីរ​ខែ​ចុង​ក្រោយនេះ​លោក ដោ ប៉ូ ជា​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​នៅ​ខេត្តសៀមរាប​បាន​ប្រើ​រថយន្ត​ម៉ាក​យី​ឌុប និង​សាំ​យ៉ុង ដឹកឈើ​ពី​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​យកមក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប និង​យកទៅ​ចែកចាយ​នៅ​ខេត្ត​នានា​ដូចជា​ខេត្តបន្ទាយមានជ័យ​ជាដើម​។ តែ​សមត្ថកិច្ច​ជំនាញ​នៅ​ខេត្តសៀមរាប​មិនបាន​ចាត់វិធានការ​បង្ក្រាប​នោះទេ ហើយ​ថែមទាំង​មាន​មន្ត្រី​ជំនាញ​មួយចំនួន​ឃុបឃិត​បើកផ្លូវ​ឲ្យ​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ ដោ ប៉ូ អាច​ដឹកជញ្ជូន​ឈើ​បាន​យ៉ាង​រលូន​ទៅវិញ​។​

ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ក្រុង​សៀមរាប​បាន​រៀបរាប់ថា លោក ដោ ប៉ូ ជា​មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​ដុះ​ស្លែ​ធំ​មួយរូប​ដែល​នរណាៗ​ក៏​គេ​ធ្លាប់​ស្គាល់ឈ្មោះ​ដែរ​ហើយ​ក្រោយមក​ធ្លាក់ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ តែ​ឥឡូវ​ឡើង​មានបាន​វិញ​ហើយ​ដោយសារ​រកស៊ី​ដឹកឈើ​ល្មើសច្បាប់​កំណត់​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក ដោ ប៉ូ អាច​រកស៊ី​ដឹកឈើ​ពី​ខេត្ត​ផ្សេងៗ​មក​បោះ​ឲ្យ​ម៉ូយ​ក្នុង​ក្រុង​សៀមរាប​បាន​ក៏ដោយ​សារ​មានការ​បើកភ្លើង​ខៀវ​ពី​ក្រុមមន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ទាំង​តូច​ទាំង​ធំ​នៅ​ខេត្តសៀមរាប​ដែល​ធ្លាប់មាន​ទំនាក់ទំនង​រកស៊ី​ជាមួយគ្នា​ពី​ពេលកន្លងមក​។​

ថ្មីៗ​នេះ រថយន្ត​យី​ឌុប​ដឹកឈើ​ពេញ​របស់លោក ដោ ប៉ូ បាន​ដឹកឈើ​ពី​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ យកមក​លក់​អោយ​ដេប៉ូ​មួយ​ដែល​គេ​ស្គាល់​ថៅកែ​ដេប៉ូ​ឈ្មោះ ចាន់ ថុ​ន នៅ​ភូមិ​ទ្រាក សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ ប្រជាពលរដ្ឋ​ក្រុង​សៀមរាប​បាន​បញ្ជាក់ថា​ឈ្មួញ​ឈ្មោះ ដោ ប៉ូ ក៏មាន​ម៉ូយ​ចាំ​ទទួល​ទិញ​ឈើ​នៅ​ផ្លូវ​ក្រវាត់ក្រុង ក្នុង​សង្កាត់​ជ្រាវ​ផងដែរ​ដែល​ម៉ូយ​ទាំងនោះ​ជា​ម្ចាស់​ដេប៉ូ​កែច្នៃ​ឈើ​ដើម្បី​លក់​ក្នុង​ក្រុង​សៀមរាប និង​បណ្តា​ខេត្ត​ជិតខាង​។​

ប្រជាពលរដ្ឋ​ខេត្តសៀមរាប​បាន​រិះគន់ថា លោក អ៊ុំ អម​រ៉ា ស្នងការរង​ទទួល​ន្ទុ​ក​ផ្នែក​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប និង​លោក ឡឹង សុខា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​របស់​ឈ្មោះ ដោ ប៉ូ ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​ខាងលើ​មិនដែល​ខ្វល់ខ្វាយ​ពី​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង​ជាតិ​នោះទេ គឺ​ពួកគេ​គិតតែ​ពី​ប្រមូល​លុយ​ដើម្បី​ធ្វើ​មានបាន​តាម​រូបភាព​ពុករលួយ​៕

ksnews_14062015_01