ពលរដ្ឋ​ចំណូល​ទាប​ ៨០គ្រួសារ នៅ​សហគមន៍ ​សែនសប្បាយ ទទួលបាន​បណ្តាញ​ទឹកស្អាត​ ពីរដ្ឋ​ករ​ទឹកស្វយ័ត ក្រុង​ភ្នំពេញ​

ភ្នំពេញ៖ ពលរដ្ឋមានចំណូលទាប ៨០គ្រួសារ ស្ថិតនៅក្នុងសហគមន៍ សែនសប្បាយ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ទទួលបានបណ្តាញ ទឹកស្អាតប្រើប្រាស់ ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បន្ទាប់ពីពួកគាត់បាន ប្រើប្រាស់ទឹក ដែលក្រុមហ៊ុនឯកជនផ្គត់ផ្គង់ មានតម្លៃខ្ពស់រហូតដល់ ៣០០០រៀល ក្នុងមួយម៉ែត្រគីប។

លោក ស៊ីម ស៊ីថា អគ្គនាយករដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា៖ ការចុះអនុវត្តតបណ្តាញទឹក ជូនអតិថិជនចំណូលទាប ចំនួន៨០គ្រួសារ ស្ថិតនៅក្នុងសហគមន៍ សែនសប្បាយ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្មវិធីនេះ រំលស់ឧបត្ថមធន ៧០% ១៦ បណ្តាញ និងរំលស់ឧបត្ថមធន ៥០% ៦៤បណ្តាញ។ លោកបញ្ជាក់បន្ថែមថា« ប្រជាពលរដ្ឋចំណូលទាប ទាំង៨០គ្រួសារ ភាគច្រើនមានមុខរបរជាកម្មករ រោងចក្ររត់ម៉ូតូឌុប យោធា លក់បន្លែជាដើម។ ពួកគេមានទឹកប្រាក់ ១៥០០០រៀលក្នុងមួយថ្ងៃ ដែលសព្វថ្ងៃពួកគេកំពុងទិញ ទឹកឯកជនប្រើប្រាស់តម្លៃ ជាមធ្យមចាប់ពី ២០០០រៀល ទៅ៣០០០រៀល ក្នុងមួយម៉ែត្រគីប»។

សូមជំរាបថា៖ គិតត្រឹមបំណាច់ ឆ្នាំ២០១៥ កន្លងទៅនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ  បាន ផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ មានប្រាក់ចំណូលទាបសរុប បានចំនួន ៣២,៥២៤ បណ្តាញ ដែលមានទឹកប្រាក់សរុប ៥,៥៣៥,២៦០,២៦០រៀល ស្មើនឹង ១,៣៨៣,៨១៥ដុល្លារអាមេរិក៕