ឆ្នាំ​២០១៥ កម្មករ​រោងចក្រ​កាត់ដេរ​សន្លប់​ជាង ១៨០០ នាក់

ភ្នំពេញ: ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប​សស បានចេញ​របាយការណ៍​ថា កម្មករ​រោងចក្រ​កាត់ដេរ ដែល​បាន​ដួលសន្លប់ ក្នុង​រោងចក្រ នៅពេល​ធ្វើការ នៅក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន ១.៨០៦ នាក់​។ មូលហេតុ​នៃ​ការដួលសន្លប់​នោះ ភាគច្រើន​ជាងគេ បង្កឡើង​ដោយសារតែ​បញ្ហា​ចិត្តសាស្ត្រ​សង្គម ដែលមាន​ការតានតឹង​អារម្មណ៍ ស្លន់ស្លោ ប្រជ្រៀត​រត់​ចេញពី​រោងចក្រ និង​ភិតភ័យ​តៗ​គ្នា ព្រមទាំង​ការ​ថែម​ម៉ោង​។  

​ករណី​កម្មករ​កាត់ដេរ ដួលសន្លប់ ក្នុងពេល​ធ្វើការ កាលពី​ឆ្នាំ​២០១៥ ត្រូវ​បានប្រកាស​ផ្សព្វផ្សាយ នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​។​

​របាយការណ៍ បង្ហាញថា កាលពី​ឆ្នាំ​២០១៥ មាន​កម្មករ​កាត់ដេរ សន្លប់ សរុប​ចំនួន ១.៨០៦ នាក់ នៅក្នុង ៣២ រោងចក្រ នៅ ៩ ខេត្ត​រាជធានី រួមមាន​៖ ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ស្វាយរៀង ព្រះសីហនុ តាកែវ និង​ខេត្តព្រៃវែង​។ ក្នុងនោះ នៅ​ខេត្តកណ្តាល មាន​កម្មករ ដួលសន្លប់ ពេលធ្វើការ​ច្រើនជាងគេ រហូតដល់ ៨០០ នាក់​។​

​តាម​របាយការណ៍​ដដែល កម្មករ​ដួលសន្លប់ នៅ​ឆ្នាំ​២០១៥ ចំនួន ១.៨០៦ នាក់ គឺមាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០១៤​។ ចំណែក​មូលហេតុ ដែល​នាំ​ឲ្យ​កម្មករនិយោជិត​សន្លប់ ក្នុងពេល​ធ្វើការ ក៏ត្រូវ​បាន ប​សស លើក​បង្ហាញ រួមមាន​៖ បញ្ហា​គីមី បញ្ហា​រូបសាស្ត្រ បញ្ហា​ចិត្តសាស្ត្រ​សង្គម បញ្ហា​វិទ្យាសាស្ត្រ​រៀបចំ​ការងារ បញ្ហា​មេកានិច បញ្ហា​ជីវសាស្ត្រ និង​ការ​ថែម​ម៉ោង​។
​ក្នុងចំណោម​មូលហេតុ​ទាំងអស់នេះ ប​សស កត់សម្គាល់ថា បញ្ហា​ចិត្តសាស្ត្រ​សង្គម ដែលមាន​ការតានតឹង​អារម្មណ៍ ស្លន់ស្លោ ប្រជ្រៀត​រត់​ចេញពី​រោងចក្រ និង​ភិតភ័យ​តៗ​គ្នា ព្រមទាំង​ការ​ថែម​ម៉ោង ជា​មូលហេតុ ដែល​នាំ​ឲ្យ​កម្មករ​ដួលសន្លប់​ច្រើនជាងគេ​។​
     ​
​ដោយឡែក ក្រុមការងារ​របស់​ប​សស ក៏បាន​ប្រជុំ​បូកសរុប​ការងារ កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ដោយ​បង្ហាញថា កាលពី​ឆ្នាំ​២០១៥ កម្មករ​កាត់ដេរ ៧.៣៥៧ នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាច​ណ៍​ចំនួន ៦.៤៩១ ករណី ក្នុងនោះ មាន​ស្លាប់ ចំនួន ១៣០ នាក់​។​

​សូម​រម្លឹកថា កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ ឡាន​ដឹក​កម្មករ​ពីរ​គ្រឿង បាន​ប៉ះគ្នា នៅ​ខេត្តកំពង់ស្ពឺ បណ្តាល​ឲ្យ​កម្មករ​កាត់ដេរ​យ៉ាងហោច​ណាស់ ៤ នាក់ បាន​ស្លាប់ និង ៦៩ នាក់ ផ្សេងទៀត បាន​រងរបួស​៕